មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់ នឹងជួយឱ្យកម្ពុជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តរភាព

THN1 copy

 

ភ្នំពេញ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា ហៅកាត់ថា CPC ដែលបានដាក់ឱ្យប្រើប្រាស់ជា ផ្លូវការកាលថ្ងៃទី៦ខែធ្នូឆ្នាំ២០២៤ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម  នឹងជួយឱ្យកម្ពុយជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តរភាព ។

យោតាមសេចក្តីប្រកាសព័ត៌មានរួម របស់ រដ្ឋបាលជលផលកម្ពុជា,  EUនិងអង្គការ UNIDO បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការបោះជំហានដ៏សំខាន់មួយដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនិងនិរន្តរភាពរបស់ឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា តាមរយៈការផ្តល់នូវដំណោះស្រាយផ្នែកវេចខ្ចប់បែបនវានុវត្តន៍និងនិរន្តរភាព មជ្ឈមណ្ឌលអភិវឌ្ឍន៍វេចខ្ចប់នេះមានគោលបំណងលើកកម្ពស់សន្តិសុខស្បៀង កាត់បន្ថយកាកសំណល់ និងដើម្បីឱ្យព្រះ រាជាណាចក្រកម្ពុជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តភាព ។

សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា ការវេចខ្ចប់បែបនវានុវត្តន៍ គឺមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗដែលក្រុមហ៊ុន សហគ្រាសកែច្នៃម្ហូបអាហារនៅក្នុងវិស័យឯកជនជួបប្រទះ រួមមានកាកសំណល់ម្ហូបអាហារ និងការបាត់បង់ក្នុងដំណើរការកែច្នៃ និងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ការវាយតម្លៃជាផ្លូវការលើទិដ្ឋភាពរួមនៃការវេចខ្ចប់ក្នុងវិស័យកសិពាណិជ្ជកម្ម និងម្ហូបអាហារ បានគូសបញ្ជាក់យ៉ាងច្បាស់ពីបញ្ហាប្រឈមទាំងនេះ និងកំណើននៃតម្រូវការនូវដំណោះស្រាយនៃការវេចខ្ចប់ ប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមប្លាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO នៃគម្រោង CAPFISH- Capture ដែលអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FIA) និងអង្គការ UNIDO បានលើកឡើងថា “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការឆ្លើយតបជាយុទ្ធសាស្រ្តចំពោះបញ្ហាប្រឈមខាងលើ ផ្តល់នូវដំណោះស្រាយប្រកបដោយនវា នុវត្តន៍ដែលនឹងលើកកម្ពស់ភាពប្រកួតប្រជែងនិងនិរន្តរភាពរបស់អាជីវកម្មម្ហូបអាហារនៅក្នុងស្រុក”។

លោកបណ្ឌិតលើកឡើងថា មុខងារសំខាន់ៗរបស់មជ្ឈមណ្ឌលរួមមាន ការស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយផ្តល់នូវដំណោះស្រាយទំនើបៗ ឱ្យបាន សមស្របទៅតាមតម្រូវការរបស់សហគ្រាសក្នុងស្រុកនិងការបណ្តុះបណ្តាលកសាងសមត្ថភាព ដើម្បីបំពាក់បំប៉នជំនាញដែល ចាំបាច់សម្រាប់ការវេចខ្ចប់ផលិតផលម្ហូបអាហារប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។

មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា ដំណើរការដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម មិនត្រឹមតែដើរតួនាទី ជាមជ្ឈមណ្ឌលបណ្ដុំសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់និស្សិតនិងអ្នកស្រាវជ្រាវ រៀនសូត្រ ដកពិសោធន៍ និងផ្សារភ្ជាប់រវាងគម្លាតចំណេះដឹងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។

ក្នុងឱកាសនោះផងដែរ, ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ប៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានលើកឡើងថា “បន្ថែមពីលើការផ្តល់គាំទ្រដល់សហគ្រាសក្នុងស្រុក មជ្ឈមណ្ឌលនឹងផ្តល់ឱកាសសិក្សាស្រាវជ្រាវបានកាន់តែប្រសើរដល់និស្សិតនិងអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យផងដែរ”។

លោក តែ សុផល អនុប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានសម្តែងការគាំទ្រនិងសារទរ អំពីការដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលអភិវឌ្ឍន៍វេចខ្ចប់កម្ពុជា។

លោកលើកឡើងថា “ខ្ញុំធ្លាប់តែឃើញមជ្ឈមណ្ឌលអភិវឌ្ឍន៍វេចខ្ចប់នេះប្រទេសគេ  ពេលដែលសហគ្រាសធុនតូចនិងមធ្យម មុននឹងធ្វើអ្វីមួយគេទៅជជែកជាមួយខាងមជ្ឈមណ្ឌលវេចខ្ចប់ ដោយធ្វើយ៉ាងណាឱ្យសំបកវេចខ្ចប់ត្រូវទៅតាមទីផ្សារ ហើយមិនធ្វើឱ្យប៉ះពាល់ទៅដល់គុភាពម្ហូបអាហាររបស់ពួកគេ”។

បើយោងតាមអនុប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានចាត់ទុកមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា  នេះជាការចាប់ផ្តើមដំបូងមួយដ៏ល្អមួយ ហើយលោកសប្បាយចិត្តនិងចូលរួមប្រើប្រាស់ មជ្ឈមណ្ឌលមួយនេះឱ្យអស់លទ្ធភាព និងចូលរួមជំរុញផ្សព្វផ្សាយឱ្យដល់សមាជិកសមាគម ឱ្យបានដឹង បានស្គាល់និងបញ្ជាបខ្លួនធ្វើការជាមួយគ្នាបន្តិចម្តងៗ។

លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមប្លាធូ បានគូសបញ្ជាក់ថា “មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា នេះ នឹងក្លាយទៅជាធនធានគម្រូ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីលើកស្ទួយភាពប្រកួតប្រជែងរបស់វិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារកម្ពុជា ទាំងនៅទីផ្សារក្នុងស្រុកនិងពិភពលោក”៕

 


image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ