រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកអនុវត្តការងារសំខាន់ៗ៣នៅក្នុងអាជីវកម្ម

photo_2024-11-27_15-14-52

ភ្នំពេញ៖  នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ សហគ្រិនខ្មែរ២០២៤កាលពីថ្ងៃទី២៦ខែវិច្ឆិ, ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាននៃសហគ្រិនខ្មែរ បានលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកអនុវត្តការងារសំខាន់ៗចំនួន៣ នៅក្នុងអាជីវកម្មនាពេលបច្ចុប្បន្ននិងអនាគត។

ឯកឧត្តម ហែម វណ្ឌី មានប្រសាសន៍ថារាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាកចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាស្ថិរភាព សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ២០៥០ ក្នុងនោះសហគ្រិនខ្មែរបានបំពេញមុខងារស្របតាមបញ្ចកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងបង្កើនភាពប្រកួតប្រជែង និងបញ្ចកោណទី៣ គឺការអភិវឌ្ឍវិស័យឯកជននិងការងារ ដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យម ធុរកិច្ចថ្មី និងគ្រប់ដំណាក់កាលនៃអាជីវកម្មរួមមាន ដំណាក់កាលបណ្តុះគំនិតធុរកិច្ច ដំណាក់កាលចាប់ផ្តើមធុរកិច្ចថ្មី និងដំណាក់ពន្លឿននិងពង្រីកអាជីវកម្ម។

ឯកឧត្តមលើកឡើងថា កម្មវិធីរបស់សហគ្រិនខ្មែរបានគាំទ្រជំនួយទាំងហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស រួមទាំងការបណ្តុះបណ្តាលសហគ្រិនលើជំនាញភាពជាអ្នកដឹកនាំ ការគ្រប់គ្រងអាជិវកម្មប្រកបដោយនវានុវត្តន៍ ការបង្កើនលទ្ធភាព និងសក្តានុពលទីផ្សារ ការធ្វើទំនើបកម្មអាជីវកម្មឱ្យមានភាពធន់ និងមាននិរន្តរភាព។

ជារួមសហគ្រិនភាពនៅកម្ពុជាកំពុងវិវត្តន៍ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែយើងនៅមានបញ្ហាជាច្រើនដែលជំម្នះផងដែរ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ លក្ខខណ្ឌតម្រូវនិងទីផ្សារមានកាន់តែខ្ពស់ ហើយភាពអនុគ្រោះពាណិជ្ជកម្មក៏និងថយចុះ។ ទន្ទឹមនឹងនេះយើងក៏ត្រូវត្រៀមខ្លួនសម្រាប់អនុវត្តសុខដុមនីយកម្មស្តង់ដាអាស៊ានឆ្នាំ២០២៥ដែលមានគោលដៅសម្រួលចរចរណ៍ទំនិញនៅក្នុងតំបន់ តាមរយៈការទទួលស្គាល់ទៅវិញទៅមកនៅលទ្ធភាពធ្វើតេស្ត និងវិញ្ញាបនបត្របញ្ជាក់គុណភាពទំនិញ។

ឯកឧត្តមមានប្រសាសន៍គូសបញ្ជាក់ថា  “ក្នុងបរិបទមានការផ្លាស់ប្តូរសំខាន់ៗទាំងនេះខ្ញុំសូមលើកទឹកចិត្តឱ្យសហគ្រិនរបស់យើងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា៖

១)- បន្តចាប់យកគុណភាពឱ្យស្របតាមស្តង់ដានិងលក្ខខណ្ឌតម្រូវរបស់ទីផ្សារ ពង្រីកខ្លួនឱ្យឆ្លើយតបតាមខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដើម្បីបង្កើនសក្តានុពលផលិតផលរបស់យើងនៅក្នុងទីផ្សារក្នុងស្រុក ទីផ្សារតំបន់និងទីផ្សារសកលលោក។ សហគ្រិនខ្មែររួមទាំងតួអង្គនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិភាព ពិសេសវិទ្យាស្ថានស្តង់ដាកម្ពុជា មន្ទីរពិសោធន៍ជាតិ នវានុវត្តន៍បានត្រៀមខ្លួនគាំទ្របងប្អូននៅក្នុងដំណើរក្នុងដំណើរការឆ្ពោះទៅចាប់យកស្តង់ដារគុណភាព និងភាពអនុលោមទំាំងនេះ។

២)- ភាពជោគជ័យរបស់ធុរកិច្ចពឹងផ្អែកកាន់តែខ្លំាងទៅលើបច្ចេកវិទ្យានិងនវានុវត្តន៍ ហើយខ្ញុំសូមលើកទឹកចិត្តដល់ធុរកិច្ចថ្មីនិងសិស្សនិស្សិតផ្តោតការយកចិត្តទុកដាក់ហ៊ានវិនិយោគ និងហ៊ានប្រឡងក្នុងវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍។ រាជរដ្ឋាភិបាលបានបង្កើតយន្តការនិងស្ថាប័នគាំទ្រមួយចំនួន ដូចជាមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដែលនឹងជួយគាំទ្រដល់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ពិសេសសម្រាប់គម្រោងដែលមិនបានផ្តល់ក្តីសេចក្តីត្រូវការរបស់សហគ្រាសធុនតូចនិងមធ្យម

៣)- សូមម្ចាស់សហគ្រាសទាំងអស់ឈានចូលទៅក្នុងប្រព័ន្ធដោយបង្កើតអាជីវកម្មផ្លូវការបន្តពង្រឹងសមត្ថភាព មានប្រព័ន្ធគ្រប់គ្រង មានរបាយការណ៍គណនេយ្យ និងមានហិរញ្ញវត្ថុច្បាស់លាស់ដើម្បីបងប្អូនអាចពង្រឹងអភិបាលកិច្ចអាជីវកម្ម បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុ ទទួលបានការគាំទ្រនានាទៅលើភាពប្រកួតប្រជែងរបស់ខ្លួន”។

ឯកឧត្តមលើកឡើងថា ជាយន្តការស្ថាប័នដើម្បីគំាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា, សហគ្រិនខ្មែរត្រូវបានបង្កើតឡើង សម្រាប់អនុវត្តកម្មវិធីផ្ទាល់ជាមួយស្ថាប័នដៃគូ និងភាគី ដែលផ្តល់ការគាំទ្រទាំងហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពលនៅក្នុងវិស័យអាទិភាពដូចជា បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទង ,សេវាកម្ម កសិកម្មនិងផលិតកម្មដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ជាលទ្ធផលនៅក្នុងរយៈពេលដ៏ខ្លី សហគ្រិនខ្មែរបានបំផុសស្មារតីសហគ្រិនគ្រប់វ័យ ដែលគ្របដណ្តប់ទូទាំង២៥រាជធានី ខេត្ត រួមទាំងសិស្សានុសិស្សកម្រិតវិទ្យាល័យ និស្សិតមហាវិទ្យាល័យ, សហគ្រិនធុរកិច្ចថ្មី រហូតដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម។

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មមានប្រសាសន៍គូសបញ្ជាក់ថា  កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ បានជ្រើសរើសជ័យលាភី ជាក្រុមហ៊ុន និងក្រុមប្រកួត ដែលបានបង្ហាញនវានុវត្តន៍ និងការរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា ហើយនៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ សហគ្រិនខ្មែរបានអនុវត្តកម្មវិធីចំនួន៣៧៩ ប្រើប្រាស់ថវិកាសរុបប្រមាណ១៥លានដុល្លារអាម៉េរិក និងទាក់ទាញថវិកាពីដៃគូប្រមាណ២៥លានដុល្លារអាម៉េរិក ក្នុងនោះមានអ្នកទទួលផលដោយផ្ទាល់មានប្រមាណជាង៥ម៉ឺននាក់ បានផ្តល់ថវិកាដល់ធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម៧៧០ នៅទូទាំងប្រទេស៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ