ក្រុមអ្នកផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែនៅភាគខាងកើតខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ

thn1 copy

បន្ទាយមានជ័យ៖ ក្រុមកសិករផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែប្រភេទបាយរឹងស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ តែងតែជួបបញ្ហាទីផ្សារនៅពេលរដូវប្រមូលស្រូវរបស់ខ្លួនចូលមកដល់ម្តងៗដោយសារឈ្មួញក្រឡុកតម្លៃ។ ប៉ុន្តែនៅប៉ុន្មានខែកន្លងមកនេះ ចាប់ផ្តើមចៀសផុតពីបញ្ហាឈ្មួញក្រឡុតតម្លៃស្រូវ និងលែងខ្សត់ខ្សោយអំពីទីផ្សារប្រមូលទិញស្រូវដូចគ្រាមុនៗទៀតហើយ បន្ទាប់ពីបង្កើតក្រុមអ្នកផលិតស្រូវប្រកបដោយនិរន្តរភាព (Sustainable Rice Platform-SRP)កាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០២៤ បានជួយដល់សមាជិកទាំង៦៤គ្រួសារដែលផលិតស្រូវ SRPនៅឃុំរហាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ។

លោក ឈឿន គឹមឈួ ប្រធានក្រុមអ្នកផលិតស្រូវ SRPនៅភូមិឃុំខាងលើបានឱ្យដឹងថាក្រុមផលិតស្រូវ SRP បានបង្កើតឡើងនៅថ្ងៃទី២០ខែកក្កដាឆ្នំាំ២០២៤ មានសមាជិក៦៤នាក់និងមានផ្ទៃដីបង្កបង្កើនផលប្រមាណ៣១៦ហិកតា ហើយនៅក្នុងដំណាក់កាលចាប់ផ្តើមវគ្គដាំដុះពូជស្រូវសែនក្រអូប០១ដំបូង កសិករជួបការលំបាកនៅពេលប្រមូលផលដោយសារមានភ្លៀងធ្លាក់ញឹកញាប់ពេកធ្វើឱ្យកសិករលក់ស្រូវបានថ្លៃចន្លោះពី១លាន៣០ម៉ឺនទៅ១លាន៤០ម៉ឺនរៀលក្នុង១តោន ហើយ នៅវគ្គទី២នេះ ក្រុមកសិករបាននិងកំពុងបន្តធ្វើការព្រោះពូជស្រូវសែនក្រអូប០១និងពូជស្រូវអ៊ីអ៊ែប្រភេទអង្ករបាយរឹងដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងតំបន់។

បើយោងតាមលោក ឈឿន គឹមឈួបានទទួលស្គាល់ថា ចាប់តាំងពីបានបង្កើតក្រុមអ្នកផលិតស្រូវ SRPលេចជារូបរាងមកឃើញថាប្រជាកសិករទទួលបានអត្ថប្រយោជន៍ច្រើន។ សម្រាប់ការដាំដុះ កសិករធ្វើស្រែតាមបែបបច្ចេកទេស ទំាងការប្រើប្រាស់ថ្នាំនិងជីគីមី មិនធ្វើតាមទម្លាប់ដូចពីមុនទៀតឡើយ។ចំណែកទីផ្សារឈ្មួញប្រមូលទិញស្រូវនៅក្នុងតំបន់មិនសូវក្រឡុកតម្លៃក្នុងមួយថ្ងៃ ២ទៅ៣ដងនៅពេលប្រមូលផលដូចមុនទៀតហើយ និងម្យ៉ាងទៀតនៅមានអ្នកជួយរកទីផ្សារ នៅតាមរោងម៉ាស៊ីនមានភាពច្បាស់លាស់ មិនមានភាពប្រថុយប្រថានទៀតឡើយ។

លោកលើកឡើងថា នៅពេលកន្លងមកសម្រាប់កសិករធ្វើ ស្រូវសែនក្រអូប០១ ឈ្មួញធ្វើការក្រឡុងទីផ្សារខ្លាំងជាងប្រភេទស្រូវផ្សេងៗ ជាហេតុធ្វើកសិករលែងមានអ្នកណាចង់ហ៊ានធ្វើ ព្រោះពូជស្រូវសែនក្រអូប០១ ពិបាកក្នុងការថែទាំពីសត្វលម្អិត ហើយទិន្នផលទទួលបានតិច ជាហេតុធ្វើកសិករចង់បោះបង់ការដាំដុះរបស់ខ្លួនម្តងម្តាលដែរ។ប៉ុន្តែនៅពេលចាប់ផ្តើមមានក្រុមអ្នកផលិតស្រូវ SRPនេះកើតឡើងមកកសិករបានងាកធ្វើការដាំដុះស្រូវសែនក្រអូប០១នេះមកវិញច្រើនគួរឱ្យកត់សម្គាល់។

ស្របពេលការដំាំដុះស្រូវរបស់ប្រជាកសិករនៅឃុំរហាល ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន ឃើញថាមានរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់មួយបានស្នើឱ្យកសិករផលិតស្រូវអង្ករអ៊ីអ៊ែប្រភេទបាយរឹង ដោយទទួលទិញពីកសិករតាមតម្លៃជាក់ស្តែងនៅលើទីផ្សារ និងបានផ្តល់ភាគលាភជាប្រាក់៤០០រៀលក្នុងមួយតោនថែមជូនកសិករផងដែរ បន្ទាប់ពីមានការសម្របសម្រួលនិងមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ រួមនិងមន្ត្រីកសិកម្មឃុំប្រចំានៅក្នុងតំបន់របស់ខ្លួនផងដែរ៕

 


photo_2026-09-16_08-08-01
ពីអ្នកប្រមូលទិញដូងក្រអូប ទៅជាអ្នកកែច្នៃ ​អាចរកចំណូលបានពី១២​ ០០០ដុល្លារ​ក្នុងមួយខែ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ កាលពីពីរឆ្នាំមុន លោក ភាន់ សុភិន ត្រឹមតែជា​អ្នក​ប្រមូលទិញដូងក្រអូប​ម្នាក់​ នៅ​ក្នុង​ខេត្តបាត់ដំបងប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ លោក​បានប្រែក្លាយទៅជា​អ្នកកែច្នៃវិញ ក្នុងបំណងធ្វើយ៉ាងណា រក្សាទុកដូងក្រអូប​ឱ្យបានយូរផង និងជាពិសេសបង្កើនតម្លៃបន្ថែមផង។ ជាម្ចាស់សិប្បកម្មយ៉ានីដូងក្រអូប មានទីតាំងស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង គាត់​អាចរកចំណូលបានចាប់ពីជាងមួយម៉ឺនដុល្លារ រហូតដល់ជាងពីរដុល្លារក្នុងមួយខែ ពីការកែច្នៃដូងក្រអូប ដែលខ្លួនប្រមូលទិញពីកសិករក្នុងខេត្ត ដើម្បីផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស។ លោក ភាន់ សុភិន ម្ចាស់សិប្បកម្ម ឈ្មោះ យ៉ានីដូងក្រអូប បានប្រាប់ទូរទស្សន៍ «កសិករ TV» ថា លោកបានចាប់ផ្តើមកែច្នៃដូងនេះអស់រយៈពេលជាងពីរឆ្នាំមកហើយ។ លោកថា ដំបូងឡើយ ផលិតផលរបស់លោក​មិនទាន់ទទួលបានការគាំទ្រ និងរកចំណូលបានច្រើននោះទេ ប៉ុន្តែបច្ចុប្បន្ន ការគាំទ្រពីអតិថិជនមានសន្ទុះកាន់តែខ្លាំង ធ្វើឱ្យសិប្បកម្មរបស់លោកពេលខ្លះមិនអាចផលិតផ្គត់ផ្គង់បានទាន់តម្រូវការទីផ្សារថែមទៀតផង។ តាមរយៈសិប្បកម្មនេះ លោក តាន់ សុភិន បានបញ្ជាក់ថា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតការងារដល់កម្មករ ការបង្កើតទីផ្សារសម្រាប់ម្ចាស់ចម្ការ និងការផ្គត់ផ្គង់ផលិតផលដល់អ្នកទិញយកទៅលក់បន្តតាមហាងម៉ាត ហាងកាហ្វេ និងទីតាំងលក់ដូរផ្សេងៗ។ លោកបានឱ្យដឹងថា […]

image_2026-09-15_14-55-22
កសិករដាំស្រូវនៅឥណ្ឌា ទទួលបានឥណទានកាបូនជាលើកដំបូង សម្រាប់ចីរភាពកសិកម្ម

ឥណ្ឌា៖ កសិករខ្នាតតូចជាង២ ៥០០នាក់ នៅក្នុងប្រទេសឥណ្ឌា ចាប់ផ្តើមទទួលបានប្រាក់ចំណូលពីការលក់ឥណទានកាបូន បន្ទាប់ពួកគាត់បានអនុវត្តកសិកម្មប្រកបដោយចីរភាព ដើម្បីទប់ទាល់នឹងការប្រែប្រួលអាកាសធាតុ។ គម្រោងឥណទានកាបូននេះ គឺដើម្បីលើកទឹកចិត្តកសិករខ្នាតតូចឥណ្ឌា ឱ្យអនុវត្តកសិកម្មប្រកបដោយចីរភាព និងល្អចំពោះបរិស្ថាន នៅក្នុងរដ្ឋពុនចាប (Punjab) និងរដ្ឋហារីយ៉ាណា (Haryana) ដោយត្រូវទទួលបានប្រាក់ចំណូលពីការឥណទានកាបូន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ កសិករទាំងឡាយណា ដែលបានចូលរួមក្នុងកម្មវិធីឥណទានកាបូន ចាប់តាំងពីឆ្នាំ២០២២ កំពុងតែស្ថិតក្រោមការធ្វើសវនកម្ម ហើយនឹងទទួលការទូទាត់ជាទឹកប្រាក់ បន្ទាប់ពីបានចេញ និងលក់​ ឥណទានកាបូនរបស់ពួកគាត់។ ក្រុមហ៊ុនលក់កាបូនបាននិយាយថា «កសិករម្នាក់ៗ​ នឹងទទួលបានប្រាក់ចំណូលចន្លោះពី៣១ដុល្លារ ដល់១៥៨ដុល្លារ។ ការទូទាត់ប្រាក់នឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថល ព្រមទាំងអាចតាមដានបានយ៉ាងច្បាស់លាស់ ហើយប្រើប្រាស់ថវិកាផ្ទាល់របស់យើងសម្រាប់ទូទាត់ជូនកសិករជាមុន មុនពេលលក់ឥណទានកាបូនបានស្រួលបួល»។ ការសាបព្រោះស្រូវដោយផ្ទាល់ ជំនួសឱ្យការសាប រួចដកសំណាបយកទៅស្ទូងនៅក្នុងស្រែ អាចសន្សំទឹកបានប្រមាណ១,៤ លានលីត្រ ក្នុងមួយហិកតា ហើយអាចជួយកាត់បន្ថយភាគល្អិតតូចៗ ដែលបំពុលខ្យល់ឱ្យកខ្វក់ក្នុងបរិយាកាស។ ក្រុមហ៊ុនបាននិយាយថា ការចេញឥណទានកាបូនជាលើកដំបូងនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ១ ២០០ហិកតា នៅក្នុងរដ្ឋពុនចាប និងរដ្ឋហារីយ៉ាណា ហើយបង្កើតបានឥណទានកាបូនជាង៥០ ០០០ឯកតា។ នាយិកាប្រតិបត្តិនៃក្រុមហ៊ុនលក់កាបូន បានមានប្រសាសន៍ទៀតថា«ជាលើកដំបូងបំផុតហើយនៅក្នុងប្រទេសឥណ្ឌា  ដែលកសិករម្នាក់ៗកំពុងទទួលបានប្រាក់ចំណូលពីលក់កាបូនរក្សាទុកក្នុងដីរបស់គាត់។ ប្រាក់ចំណូលនេះនឹងជួយលើកកម្ពស់ជីវភាពរបស់កសិករខ្នាតតូចប្រកបដោយចីរភាព […]

image_2026-09-15_14-43-39
ហ្វីលីពីននឹងនាំចូលអង្ករបាក់ច្រើនជាងមុន ចំណែកចិនត្រូវការអង្ករបាក់ច្រើនដាច់គេ

ម៉ានីល៖ ប្រទេសហ្វីលីពីនអាចបង្កើនការនាំចូលអង្ករបាក់ច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន និងប្រទេសនាំចូលអង្ករផ្សេងៗទៀត។ នៅក្នុងរបាយការណ៍មួយ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយថា អ្នកនាំចូលអង្កររបស់ហ្វីលីពីន អាចងាកទៅរក អង្ករបាក់ច្រើនជាងមុន ខណៈពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយហាមឃាត់ការនាំចូលអង្ករអង្ករបាក់កម្រិត៥ភាគរយ។ ការណ៍នេះកើតឡើង ខណៈតម្រូវការកើនឡើងក្នុងចំណោមប្រទេសនាំចូល និងនាំចេញអង្ករ បានធ្វើឱ្យតម្លៃអង្ករបាក់ឡើងថ្លៃជាងមុន។ ក្រសួងកសិកម្មអាម៉េរិក បាននិយាយាបន្ថែមថា អ្នកនាំចេញអង្ករទាំងនេះទំនងជានឹងកែសម្រួលការដឹកជញ្ជូន ដោយត្រូវបង្កើនបិរមាណអង្ករបាក់ សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន។ ការនាំចូលអង្កររបស់ហ្វីលីពីន ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់៥,៥លានតោន ក្នុងឆ្នាំ២០២៦នេះ។ ប្រទេសហ្វីលីពីន បានហាមឃាត់ការនាំចូលអង្ករបាក់កម្រិត៥ភាគរយ ដើម្បីផ្តល់ឱកាសឱ្យកសិករហ្វីលីពីន​អាចលក់អង្ករស្រូវថ្មីរបស់ខ្លួន ដោយមិនឱ្យអង្ករនាំចូលប្រភេទគុណភាពខ្ពស់ មកប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក។ ទោះបីជាយ៉ាងណា ប្រទេសហ្វីលីពីន នៅតែអនុញ្ញាតឱ្យនាំចូលអង្ករបាក់ ដោយធ្វើឱ្យហ្វីលីពីនអាចពឹងផ្អែកកាន់តែច្រើនលើអង្ករប្រភេទបែពនេះ ខណៈតម្រូវការពិភពលោកកំពុងជំរុញឱ្យតម្លៃកើនឡើង។ ចំណែកក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា វៀតណាម នៅតែជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេទីមួយរបស់ហ្វីលីពីន ទោះបីមានការកែប្រែប្រភពនាំចូលអង្ករពីប្រទេសផ្សេង ដូចជាប្រទេសកម្ពុជា និងប៉ាគីស្ថាន ក៏ដោយ។ ទីភ្នាក់ងារអន្តរជាតិបាននិយាយថា  ដោយសារតម្រូវការនាំចូលអង្ករបាក់កាន់តែខ្លាំងនៅប្រទេសចិន និងហ្វីលីពីន ទីផ្សារអង្ករបាក់នៅអាហ្វ្រិកខាងលិច កំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់។ ចំណែកប្រទេសចិន ត្រូវគេរំពឹងថា នឹងបង្កើនល្បឿនការទិញអង្ករបាក់ ដែលអាចធ្វើឱ្យបរិមាណនាំចូលសរុបឈានដល់ជាង៤លានតោន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបន្ថែមថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ […]

images
ភូមារកចំណូលបាន២២៥លានដុល្លារ ពីការនាំចេញជលផលទៅ៤០ប្រទេស

ណៃពីដោ៖ យោងតាមនាយកដ្ឋានជលផលរបស់ប្រទេសភូមា បាននាំចេញផលិតផលជលផលជាង ៣០០ ប្រភេទ ទៅកាន់ប្រទេសជាង ៤០ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ អាចរកចំណូលបានជាង ២២៥ លានដុល្លារ ពីការនាំចេញជាងពី ១៣ ម៉ឺនតោន។ ប្រទេសភូមា នាំចេញផលិតផលជលផលច្រើនជាងគេ ទៅកាន់ប្រទេសជប៉ុន បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអូស្ត្រាលី។ សហព័ន្ធជលផលភូមា និងនាយកដ្ឋានជលផល បានឱ្យដឹងថា ភូមាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីពង្រឹងការនាំចេញផលិតផលជលផលរបស់ខ្លួន។ នាយកដ្ឋានជលផល និងក្រុមហ៊ុននាំចេញ កំពុងសម្របសម្រួលគ្នា ដើម្បីធានាឱ្យការដឹកជញ្ជូនផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានជាប់ជាប្រចាំ និងឆ្លើយតបទៅនឹងតម្រូវពិតប្រាកដរបស់ប្រទេសទទួលទិញនីមួយៗ។ ជាពិសេស សម្រាប់ទីផ្សារប្រទេសចិន ដែលអនុវត្តវិធានការតឹងរ៉ឹងលើវិញ្ញាបនបត្របញ្ជាក់ផលិតផល និងស្របតាមលក្ខខណ្ឌសុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលជលផល ដូច្នេះ អ្នកនាំចេញត្រូវធានាថា ផលិតផលទាំងអស់ពិតជាបានបំពេញតាមស្តង់ដារកំណត់របស់ទីផ្សារ។ កាលពីឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញផលិតផលនេសាទជាង១៥​ ០០០តោន ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតជាតម្លៃទឹកប្រាក់ជិត២០០លានដុល្លារ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ