អ្នកជំនាញកសិកម្មវៀតណាមច្នៃដីនៅទ្វីបអាហ្វ្រិក ទៅជាវាលស្រែដាំស្រូវ

image_2026-04-01_11-44-46

ហាណូយ៖ អ្នកជំនាញកសិកម្មវៀតណាម កំពុងជួយកែច្នៃដី ដែលត្រូវបានគេបោះបង់ចោលនៅទ្វីបអាហ្វ្រិក ឱ្យក្លាយទៅជាវាលស្រែ ខណៈពេលអ្នកជំនាញកសិកម្មរបស់អាហ្វ្រិកកំពុងខិតខំប្រឹងប្រែង ដើម្បីនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។

លោក ង្វៀន ដាងងៀ (Nguyen Dang Nghia) នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងប្រឹក្សាកសិកម្មត្រូពិច បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសកុងហ្គោ មានសក្តានុពលយ៉ាងខ្លាំងសម្រាប់ធ្វើកសិកម្មដាំដំណាំស្រូវដោយប្រើបច្ចេកទេសវៀតណាម។

ដំណើរទស្សនកិច្ចមួយ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ដែលជាកម្មសិទ្ធិរបស់អាណិកជនវៀតណាម ដើម្បីវាយតម្លៃលទ្ធភាពនៃការផលិតស្រូវនៅប្រទេសកុងហ្គោ។ ក្រុមហ៊ុនគ្រោងនឹងអនុវត្តគំរូដាំស្រូវតាមតំបន់ដីសណ្តទន្លេមេគង្គ រួមមានពូជស្រូវ ជី ប្រព័ន្ធធារាសាស្ត្រ និងបច្ចេកទេសដាំដុះ។

លោក ង្វៀន ដាងងៀ បាននិយាយទៀតថា សំណាកដីប្រមូលបានក្នុងអំឡុងពេលពិនិត្យជាក់ស្តែងបានបង្ហាញថា ដីមានជីជាតិល្អ និងសមស្របសម្រាប់ការធ្វើកសិកម្មដាំស្រូវខ្នាតធំ។

ប្រទេសកុងហ្គោ មានផ្ទៃដីកសិកម្មធំទូលាយ ប៉ុន្តែនៅតែប្រឈមនឹងបញ្ហាសន្តិសុខស្បៀង។​ដូច្នេះ អ្នកជំនាញការវៀតណាមផ្តោតលើវិស័យសំខាន់ពីរ គឺការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការកែលម្អរបៀបធ្វើកសិកម្ម។

ប្រសិទ្ធភាពនៃវិធីសាស្រ្តនេះ ត្រូវបានបង្ហាញរួចហើយនៅក្នុងប្រទេសមួយចំនួន។ នៅប្រទេសសៀរ៉ាឡេអូន អ្នកឯកទេសវៀតណាម បានជួយកសិករផ្លាស់ប្តូរពីការដាំដុះដោយពឹងផ្អែកលើទឹកភ្លៀង ទៅជាការធ្វើកសិកម្មប្រើប្រព័ន្ធធារាសាស្ត្រ ណែនាំពូជស្រូវរយៈពេលខ្លី និងកែលម្អហេដ្ឋារចនាសម្ព័ន្ធវាលស្រែ។

ជាលទ្ធផល តំបន់ដាំដុះតែម្តងក្នុងមួយឆ្នាំ អាចដាំស្រូវបានពីរ ឬបីដងក្នុងមួយឆ្នាំ ដើម្បីជួយបង្កើនទាំងការផ្គត់ផ្គង់ស្បៀងអាហារ និងប្រាក់ចំណូលរបស់កសិករ។

គម្រោងស្រដៀងគ្នានេះ ត្រូវបានពង្រីកទៅកាន់ប្រទេសម៉ូហ្សំប៊ិក តង់ហ្សានី និងប្រទេសស៊ូដង់ ដែលការកែលម្អប្រព័ន្ធធារាសាស្ត្រ បានជួយជំរុញទិន្នផលស្រូវនៅតាមតំបន់មួយចំនួនឱ្យកើនឡើងដល់៨,៥ តោនក្នុងមួយហិកតា។

ប្រទេសវៀតណាម ក៏បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការកសិកម្មកម្រិតរដ្ឋាភិបាលជាមួយប្រទេស អង់ហ្គោឡា ដោយគ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦នេះ ដោយផ្តោតលើដំណាំស្រូវ ដំឡូងមី និងសណ្តែកសៀង។

អ្នកជំនាញវៀតណាម ក៏បានលើកឡើងពីកម្មវិធីកិច្ចសហប្រតិបត្តិការស្រូវ-អង្កររបស់វៀតណាមជាមួយប្រទេសគុយបា ដែលជាឧទាហរណ៍ដ៏ជោគជ័យបំផុតនៃការនាំចេញគំរូកសិកម្មរបស់ខ្លួន។

គម្រោងស្រូវ-អង្ករ គុយបារបស់វៀតណាម បានដំណើរការអស់រយៈពេល២៣ឆ្នាំ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០២៥ និងបានធ្វើឱ្យផលិតកម្មស្រូវរបស់ប្រទេសគុយបា មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ក្នុងអំឡុងឆ្នាំ២០០៥-២០១១ នៅពេលប្រទេសគុយបា ប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ច និងត្រូវនាំចូលអង្ករពី៤០០ ០០០ ទៅ៤៥០ ០០០តោនក្នុងមួយឆ្នាំ។ ប្រទេសវៀតណាម បានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ រួមមានគ្រឿងចក្រកសិកម្ម ការបណ្តុះបណ្តាលបច្ចេកទេស និងកម្មវិធីបង្កាត់ពូជស្រូវ។

ពូជស្រូវក្នុងស្រុករបស់វៀតណាមចំនួនបួនប្រភេទ ត្រូវបានអភិវឌ្ឍសម្រាប់ជួយប្រទេសគុយបា ឱ្យទទួលបាន គ្រាប់ពូជដោយខ្លួនឯង។ ចំណែកទិន្នផលស្រូវ ក៏បានកើនឡើងរហូតដល់ប្រាំតោន ហើយនៅតំបន់ខ្លះទទួលបានទិន្នផលរហូតដល់ប្រាំពីរតោន ក្នុងមួយហិកតា។

នៅឆ្នាំ២០២៤ ការនាំចូលអង្កររបស់គុយបា បានធ្លាក់ចុះមកនៅត្រឹមប្រហែល២១០ ០០០តោន ដោយរំពឹងទុក ការពង្រីកគម្រោងនេះដល់១០០ ០០០ហិកតា។

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ វៀតណាមក៏កំពុងផ្លាស់ប្តូរតួនាទីរបស់ខ្លួននៅក្នុងខ្សែច្រវាក់តម្លៃអង្ករពិភពលោក ពីការនាំចេញគ្រាប់ធញ្ញជាតិ ទៅជាការនាំចេញគំរូកសិកម្មប្រកបដោយនិរន្តរភាព។

សសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្រនេះ ដើម្បីអភិវឌ្ឍដំណាំស្រូវឱ្យមានគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបចំនួនមួយលានហិកតា នៅតំបន់ដីសណ្តទន្លេមេគង្គនៅឆ្នាំ២០៣០។ គំនិតផ្តួចផ្តើមនេះ​ ទទួលបានការគាំទ្រពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នក្នុងផលិតកម្មស្រូវ៕


Cambodia_Rice_Forum_CAPRED_Austral.2e16d0ba.fill-960x540
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាវនាវឱ្យបន្តគាំទ្រផលិតផលខ្មែរ យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនាភូមិមួយផលិតផលមួយ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រោះតែរាជរដ្ឋាភិបាលចាត់ទុកថាចលនានេះជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ការអំពាវនាវរបស់ម្តេចធិបតី នាយករដ្ឋមន្រ្តីគឺធ្វើឡើង តាមរយៈសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនានេះមិនមែនជាការងាររបស់ស្ថាប័នតែមួយឡើយ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី បង្កើតសេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល សម្តេចសូមផ្តល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖ ១- ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតួនាទីសកម្មក្នុងការលើកកម្ពស់ និងជំរុញចលនាផលិតគ្រប់វិស័យ ដោយចាប់ផ្តើមពីគ្រួសារសហគមន៍ និងក្រុមអ្នកផលិត។ ត្រូវលើកទឹកចិត្តការច្នៃប្រឌិត ការកែច្នៃ ផលិតផលកសិកម្ម ឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ដូចជាម្ហូបអាហារ វត្ថុសិល្បៈ និងផលិតផលប្រើប្រាស់ផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក និងជាពិសេសត្រូវបង្កលក្ខណៈអំណោយផលចាំបាច់នានា សំដៅជំរុញឱ្យផលិតផលខ្មែរ អាចបំពេញតួនាទីពេញលេញនៅលើទីផ្សារ ជំនួសផលិតផលនាំចូលឱ្យបានច្រើនជាអតិបរមា។ ការខិតខំរួមគ្នានេះ […]

image_2026-04-01_10-34-45
វៀតណាម​ នាំចេញត្រីទីឡាព្យាក្រហម ទៅប្រទេសអ៊ីស្រាអែល កាន់តែច្រើន

ហាណូយ៖ ការនាំចេញត្រីទីឡាព្យាក្រហមរបស់វៀតណាម ទៅកាន់ប្រទេសអ៊ីស្រាអែល កាន់តែអំណោយផល បន្ទាប់ពីក្រសួងសុខាភិបាលអ៊ីស្រាអែល បានឯកភាពចំពោះការដាក់ឈ្មោះជាវិទ្យាសាស្ត្រ របស់ប្រទេសវៀតណាម។ យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសអ៊ីស្រាអែល កាលពីដើមខែមីនា ឆ្នាំ២០២៦ បានបញ្ជូនលិខិតផ្លូវការមួយច្បាប់ពីក្រសួងសុខាភិបាល អ៊ីស្រាអែល ទៅកាន់ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដោយបញ្ជាក់ពីការទទួលយកឈ្មោះវិទ្យាសាស្ត្រសម្រាប់ ត្រីទីឡាព្យាក្រហម ស្របតាមសំណើរបស់ភាគីវៀតណាម។ ការឯកភាពនេះត្រូវបានចាត់ទុកថា ជាករណីលើកលែងមួយក្នុងការអនុវត្តបទប្បញ្ញត្តិច្បាប់ អ៊ីស្រាអែល ដែលមានគោលបំណងសម្រួលដល់ការនាំចេញត្រីទីឡាព្យាក្រហមពីប្រទេសវៀតណាមទៅកាន់ប្រទេសអ៊ីស្រាអែល។ យោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ឈ្មោះវិទ្យាសាស្ត្ររបស់ត្រីទីឡាព្យាក្រហម ត្រូវតែបង្ហាញឱ្យច្បាស់លាស់នៅលើវិញ្ញាបនបត្រនាំចេញសម្រាប់ការដឹកជញ្ជូនម្តង ចូលទៅកាន់ទីផ្សារអ៊ីស្រាអែល។ ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែល បានវាយតម្លៃថា ការវិវត្តនេះបានជួយលុបបំបាត់ឧបសគ្គ បើកទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមក្នុងការចាប់យកឱកាស និងជំរុញការនាំចេញត្រីទីឡាព្យាក្រហមទៅកាន់អ៊ីស្រាអែល ព្រមទាំងអាចបង្ហាញពីភាពរឹងមាំនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាហារសមុទ្រទ្វេភាគីរវាងប្រទេសទាំងពីរ។ ការនាំចេញត្រីទីឡាព្យារបស់ប្រទេសវៀតណាម រួមទាំងត្រីទីឡាព្យាក្រហមផងដែរ បានកើនឡើងយ៉ាងខ្លាំង។ យោងតាមសមាគមអ្នកនាំចេញ និងផលិតផលអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ក្នុងខែមករា ដើមឆ្នាំ២០២៦នេះ ការនាំចេញត្រីទីឡាព្យារបស់ប្រទេសវៀតណាម មានទឹកប្រាក់សរុប១៥លានដុល្លារ គឺកើនឡើងចំនួន៣៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥៕

image_2026-04-01_10-56-30
ម៉ាឡេស៊ីពង្រីកការដាំម្នាស់ពូជថ្មី ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីគ្រោងពង្រីកកិច្ចសហការលើកម្មវិធីដាំម្នាស់ពូជ អឹមអេស១៦ (MS16) ដោយសហការជាមួយភ្នាក់ងារក្រោមបង្គាប់ក្រសួងកសិកម្ម និងសន្តិសុខស្បៀង រួមទាំងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតផងដែរ។ លោក ឡុកម៉ាន អះម៉ាដ (Luqman Ahmad) អគ្គលេខាធិការរងទទួលបន្ទុកអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ការពង្រីកដាំដុះនេះត្រូវបានធ្វើឡើងបន្ទាប់ពីគម្រោងសាកល្បងអនុវត្តដោយជោគជ័យនៅក្នុងរដ្ឋមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី។ រហូតមកដល់ពេលនេះ រដ្ឋជាច្រើនរបស់ម៉ាឡេស៊ី រួមទាំងរដ្ឋ ចូហោ (Johor) និងរដ្ឋសេឡាំងគ័រ (Selangor) បានអនុវត្តកិច្ចសហប្រតិបត្តិការដាំម្នាស់ពូជអឹមអេស១៦ ហើយពួកគេបានបង្ហាញពីភាពជោគជ័យគួរពេញចិត្ត។ លោកបានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះ ដំណាំម្នាស់ប្រភេទពូជអឹមអេស១៦ ជាង ១០ ០០០ដើម ត្រូវបានដាំដុះនៅក្នុងរដ្ឋជាច្រើន ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រាំពីរហិកតា ហើយគម្រោងនេះមានសក្តានុពលក្នុងការជួយរដ្ឋាភិបាលធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារ ដែលមានសុវត្ថិភាព”។ លោក ឡុកម៉ាន អះម៉ាដ បានថ្លែងថា ពូជម្នាស់នេះ នឹងត្រូវការពេលប្រហែលមួយឆ្នាំដើម្បីប្រមូលផលផ្លែ។ គម្រោងនេះរួមបញ្ចូលដំណាំរយៈពេលខ្លី មានដូចជាដំឡូងជ្វា ដែលអាចប្រមូលផលបានក្នុងរយៈពេលប្រហែលបីខែ ដើម្បីបង្កើតប្រាក់ចំណូលពីផលិតផលដំណាំវិលជុំ។ លោកបានមានប្រសាសន៍ដូច្នេះថា ម្នាស់ស្ថិតក្នុងចំណោមដំណាំយុទ្ធសាស្ត្រ ដែលយើងចង់ផ្សព្វផ្សាយ។ ទោះបីជាយ៉ាងណា យើងក៏ដាំដំឡូងជ្វាគួបផ្សំផងដែរ ព្រោះវាអាចប្រមូលផលបានច្រើនដងក្នុងមួយឆ្នាំ។ ចំណែកម្នាស់ដាំក្នុងគម្រោងនៅរដ្ឋកេឡាន់តាន់ (Kelantan) ដែលដាំសាកល្បងខ្នាតពាណិជ្ជកម្មដំបូងគេសម្រាប់ពូជម្នាស់ […]

photo_2026-04-06_15-35-40 (3)
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម និងជូនទទួល​សៀវភៅចំនួន៧០ក្បាល។ សៀវភៅទាំង៧០ក្បាលបែងចែកជាពីរប្រធានបទ គឺពុទ្ធោវាទ និង វចនវោហារ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួន ក្នុងបណ្ណាល័យ​នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបានជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ ទាំងអាណាចក្រ និងបន្តជួយគាំទ្រ នាពេលអនាគត៕

កាលវិភាគផ្សព្វផ្សាយ