ម៉ានីល៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានកសិកម្មប្រចាំតំបន់របស់ប្រទេសហ្វីលីពីន បានឱ្យដឹងថា កសិករហ្វីលីពីនជាងពីរសែននាក់នឹងទទួលបានអត្ថប្រយោជន៍ពីឃ្លាំងស្តុកត្រជាក់ថ្មីមួយនៅសម្រាប់រក្សាទុកផលិតផលរបស់ខ្លួនឱ្យបានយូរ។
នាយកប្រតិបត្តិប្រចាំតំបន់ បាននិយាយថា ឃ្លាំងត្រជាក់ ដែលផ្តល់មូលនិធិដោយក្រសួងកសិកម្ម និងការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន នឹងជួយកសិករសរុបចំនួន២០៤ ០៨៩នាក់ នៅក្នុងតំបន់ភាគកណ្តាលប្រទេសហ្វីលីពីន។
លោកបានមានប្រសាសន៍ថា ការខាតបង់នៅក្រោយពេលប្រមូលផលរបស់កសិករម្នាក់ក៏នឹងត្រូវកាត់បន្ថយប្រហែល៣៥០ដុល្លារក្នុងមួយឆ្នាំ ហើយកសិករនឹងមិនត្រូវបង្ខំចិត្តលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃទាបបំផុត នារដូវប្រមូលផលខ្ពធំ ព្រោះកសិផលមានបរិមាណច្រើនលើសតម្រូវការ ប៉ុន្តែចាប់ពីពេលនេះតទៅ ពួកគាត់នឹងមានឃ្លាំងស្តុកទុកផលិតផលរបស់ពួកគាត់ឱ្យនៅបានយូរ។
ឃ្លាំងស្តុកកសិផលនេះ មានទីតាំងនៅលើផ្ទៃដីទំហំ២ ៣០០ម៉ែត្រការ៉េ និងជាគម្រោងសាងសង់ចប់សព្វគ្រប់ជាលើកដំបូងក្រោមកម្មវិធីពង្រីកឃ្លាំងស្តុកទុកត្រជាក់របស់ក្រសួងកសិកម្ម ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel)។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វេឌីណេន ម៉ាកូស (Ferdinand Marcos) បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងត្រជាក់នេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ឃ្លាំងនេះរួមមានបន្ទប់គ្រប់គ្រងសីតុណ្ហភាពចំនួនប្រាំមួយ សម្រាប់រក្សាទុកសាច់ជ្រូក សាច់គោ សាច់មាន់ ត្រី បន្លែ និងផ្លែឈើព្រមទាំងមានទូបង្កករហ័ស កន្លែងវេចខ្ចប់ និងកន្លែងកែច្នៃ រោងចក្រទឹកកក រថយន្តដឹកជញ្ជូនទូរទឹកកក និកំពង់លើកដាក់ទំនិញផងដែរ។
នៅឱកាសនោះ លោកប្រធានបានមានប្រសាសន៍ថា កសិផលធ្លាប់តែលក់ភ្លាមៗ ទោះបីជាតម្លៃទាបក៏ដោយ ព្រោះមិនមានកន្លែងសម្រាប់រក្សាទុក។ តាមរយៈឃ្លាំងស្តុកត្រជាក់ដ៏ធំ ព្រមទាំងមានកន្លែងកែច្នៃបន្លែ និងផ្លែឈើ ឥឡូវនេះកសិករហ្វីលីពីនអាចរក្សាទុក និងកែច្នៃផលិតផលរបស់ពួកគាត់ ហើយរង់ចាំឱកាសមកដល់ ដើម្បីលក់ចេញក្នុងតម្លៃល្អ។
នាយកប្រតិបត្តិប្រចាំតំបន់ បាននិយាយទៀតថា កន្លែងនេះត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ការគ្រប់គ្រង ការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងតំបន់ ព្រមទាំងជួយធានាដល់សន្តិសុខស្បៀងអាហារ សុវត្ថិភាពចំណីអាហារ និងប្រើប្រាស់បានយូរនៃផលិតផលកសិកម្ម។ ក្រៅពីការការពារកុំឱ្យខូចផលិតផលមុនអាយុ ឃ្លាំងនេះនឹងជួយធ្វើឱ្យការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងតំបន់មានស្ថិរភាពផងដែរ៕












