តៃប៉ិះ ៖ ប្រភពឧស្សាហកម្មបាននិយាយថា ប្រទេសចិនកំពុងរឹតបន្តឹងការនាំចេញជី ដើម្បីការពារទីផ្សារក្នុងស្រុករបស់ខ្លួន ដោយដាក់សម្ពាធបន្ថែមលើទីផ្សារពិភពលោក ដែលកំពុងប្រឈមមុខនឹងការខ្វះជីរួចទៅហើយ ដោយសារសង្គ្រាមរវាង សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។
ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសនាំចេញជីធំៗ ដែលបានដឹកជញ្ជូនជីច្រើនជាង១៣ពាន់លានដុល្លារ កាលពី ឆ្នាំមុន ហើយប្រទេសចិនមានប្រវត្តិគ្រប់គ្រងការនាំចេញ ដើម្បីរក្សាតម្លៃទាបសម្រាប់កសិករ។ ការដឹកជញ្ជូនតាមច្រក សមុទ្រហ័រមុស ( Hormuz) ត្រូវបានរារាំងដោយសង្គ្រាម ធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្រត្រូវជាប់គាំង។
ប្រភពដដែលបាននិយាយថា នៅក្នុងខែមីនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានហាមឃាត់ការនាំចេញ ជីលាយអាសូត-ប៉ូតាស្យូម និងជីផូស្វាតមួយចំនួន។ ទោះបីបម្រាមនេះ មិនទាន់ប្រកាសជាផ្លូវការនៅឡើយ ប៉ុន្តែត្រូវបានចេញផ្សាយលើបណ្តាញព័ត៌មាន កាលពីដើមសប្តាហ៍នេះ។
ចំណែកប្រភពចំនួនទៀត បាននិយាយថា បន្ថែមលើការហាមឃាត់មានស្រាប់ និងកូតាកំណត់នាំចេញជីអ៊ុយរ៉េ មានតែប្រភេទជីមួយចំនួនតូចប៉ុណ្ណោះ ដែលអាចនាំចេញបាន ជាពិសេសជីអាម៉ូញ៉ូមស៊ុលហ្វាត។
បើយោងតាមការប៉ាន់ប្រមាណ បានឱ្យដឹងថា ការបន្ថយនាំចេញជីរបស់ចិននេះ មានកម្រិតជិតពាក់កណ្តាលនៃការ នាំចេញ កាលពីឆ្នាំ២០២៥ ដែលមានចំនួនរហូតដល់៤០លានតោន។
អ្នកវិភាគបាននិយាយថា ប្រទេសចិនរឹតត្បិតការផ្គត់ផ្គង់ទៅក្រៅប្រទេសជាជាងការមកជួយសង្គ្រោះក្នុងអំឡុងពេល មានការរឹតត្បិតជាសកល។ ការរឹតត្បិតការនាំចេញជីរបស់ចិនដោយសារតែតម្រូវការក្នុងស្រុក ដើម្បីការពារដល់សន្តិសុខ ស្បៀងអាហារ និងការពារទីផ្សារក្នុងស្រុកឱ្យរួចផុតពីការឡើងថ្លៃ។
វិធានការទប់ស្កាត់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដូចគ្នានឹងវិធានការ កាលពីសប្តាហ៍មុនក្នុងការហាមឃាត់ ការនាំចេញប្រេងឥន្ធដោយសាររងការរំខានពីសង្គ្រាមក្នុងការនាំចូលវត្ថុធាតុដើម និងធ្វើឱ្យតម្លៃឡើងកាន់តែខ្ពស់នៅជុំវិញ ពិភពលោក។
តម្លៃអ៊ុយរ៉េអន្តរជាតិ បានកើនឡើងប្រហែល៤០ភាគរយលើសកម្រិតមុនសង្គ្រាមអ៊ីរ៉ង់។ នៅក្នុងប្រទេសចិ តម្លៃជីអ៊ុយរ៉េឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ខែកន្លងមក។
ជីគឺចាំបាច់សម្រាប់ការលូតលាស់របស់រុក្ខជាតិ និងទិន្នផលដំណាំ។ តម្លៃជីឡើងខ្ពស់អាចនាំឱ្យការប្រើប្រាស់ថយចុះ ឬកសិករអាចប្តូរទៅដាំដំណាំដែលត្រូវការជីតិច។ បើយោងតាមទិន្នន័យមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ កាលពីឆ្នាំមុន ប្រទេសចិនបាននាំចេញជីទៅកាន់ប្រទេសប្រេស៊ីល និងឥណ្ឌូនេស៊ី។ សម្រាប់ប្រទេសឥណ្ឌាវិញ នាំចូលជីចិនប្រហែល ១៦ភាគរយប៉ុណ្ណោះ។
បើយោងតាមការវិភាគទិន្នន័យគយចិន បានឱ្យដឹងថា ចន្លោះពីពាក់កណ្តាលទៅ៨០ភាគរយនៃការនាំចេញទាំងនោះ ត្រូវបានរឹតត្បិត។ ចំណែកក្រុមហ៊ុនជី នៅទីក្រុងញូវដែលី បាននិយាយដោយយោងទៅលើការរឹតបន្តឹងនេះថា អ្នកទិញសង្ឃឹមថា ប្រទេសចិននឹងជួយបំពេញបន្ថែមលើតម្រូវផ្គត់ផ្គង់ជីនៅលើទីផ្សារ៕












