អ៊ីស្លាមបាដ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានគេរំពឹងថា នឹងពង្រីកហិរញ្ញប្បទានជាទឹកប្រាក់ប្រហែល១០ពាន់លានដុល្លារដល់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០២៦-២០៣០ ដែលបានចាប់ផ្តើមកាលសប្តាហ៍មុន។
ធានាគារបានប្រកាសថា ផែនទីបង្ហាញផ្លូវដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសប៉ាគីស្ថានឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍន៍ដោយវិស័យឯកជន។
យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ នឹងផ្តោតលើមាគាចំនួនបី គឺការជំរុញការអភិវឌ្ឍវិស័យឯកជន ការជំរុញបរិយាបន្ន និងការពង្រឹងភាពធន់ និងមាននិរន្តរភាព ដោយអាទិភាពទាំងនេះនឹងត្រូវជួយពង្រឹងបញ្ហាអន្តរវិស័យ រួមមាន អភិបាលកិច្ចល្អ និងការពង្រឹងស្ថាប័ន សមភាពយេនឌ័រ និងបរិយាបន្នសង្គម បរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។
លោកស្រី អេម៉ា ហ្វាន (Emma Fan) នាយកប្រចាំប្រទេសប៉ាគីស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីនេះត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធរបស់ប្រទេសប៉ាគីស្ថាន និងលើកកម្ពស់កំណើនដ៏រឹងមាំ និងយូរអង្វែង ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងមូល ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។
ក្រោមយុទ្ធសាស្ត្រនេះក៏ជួយលើកកម្ពស់ការវិនិយោគជាយុទ្ធសាស្ត្រ និងកំណែទម្រង់នៅទូទាំងវិស័យសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារធ្វើ។ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រវិស័យសាធារណៈ និងឯកជនរបស់ប៉ាគីស្ថាន ក្នុងការអនុវត្តតាមរបៀបវារៈដ៏មានមហិច្ឆតានេះ។
យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស បានកត់សម្គាល់ថា ប៉ាគីស្ថានបានធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនមានស្ថិរភាព បន្ទាប់ពីមានវិបត្តិខាងក្រៅជាបន្តបន្ទាប់ ហើយបានផ្តួចផ្តើមកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ។
យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំឆ្លើយតបទៅនឹងបរិបទប្រទេសកំពុងវិវឌ្ឍ ដោយសង្កត់ធ្ងន់លើកំណើននៃការនាំចេញ និងការវិនិយោគ ដែលគាំទ្រដោយការកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បរិយាកាសធុរកិច្ច ដែលអាចធ្វើទៅបាន និងការវិនិយោគនៅក្នុងវិស័យ ដែលមានផលជះច្រើន។
ការអភិវឌ្ឍវិស័យឯកជន គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រនេះ។ ក្រោមក្របខណ្ឌយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រដល់ការកែទម្រង់ និងការវិនិយោគ ដើម្បីកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងអនុលោមភាព កែលម្អហេដ្ឋារចនាសម្ព័ន្ធ ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងជំរុញប្រតិបត្តិការរបស់វិស័យឯកជន។
យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ក៏កំណត់ឱកាសផ្លាស់ប្តូរនៅក្នុងវិស័យរ៉ែសំខាន់ៗ ផ្លូវដែក និងការតភ្ជាប់ពហុមធ្យោបាយ សន្តិសុខថាមពល និងថាមពលស្អាត ផលិតភាពកសិកម្ម និងខ្សែច្រវាក់តម្លៃ សមាហរណកម្មការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍជំនាញ និងការងារ។
ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងទៀតថា ខ្លួននឹងបង្កើនការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយរួមបញ្ចូលគ្នា ដោយរួមបញ្ចូលកំណែទម្រង់គោលនយោបាយ ការផ្តល់ហិរញ្ញប្បទានអធិបតេយ្យ និងមិនមែនអធិបតេយ្យ ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកចំណេះដឹងនៅទូទាំងប្រទេសប៉ាគីស្ថាន ដើម្បីដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាពខ្ពស់។
ដើម្បីជំរុញបរិយាបន្ន និងបង្កើនភាពខ្លាំង ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្តល់អាទិភាពលើការវិនិយោគ និងការកែទម្រង់ ដើម្បីពង្រឹងមូលធនមនុស្ស ពង្រីកលទ្ធភាពទទួលបានសេវាសង្គមប្រកបដោយគុណភាព និងលើកកម្ពស់ការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី។
តាមរយៈភាពងាយរងគ្រោះរបស់ប៉ាគីស្ថានចំពោះព្រឹត្តិការណ៍អាកាសធាតុ និងគ្រោះមហន្តរាយ ដូច្នេះ ភាពធន់ និងនិរន្តរភាពអាចបង្កើតជាសសរស្តម្ភនៃយុទ្ធសាស្ត្រប្រាំឆ្នាំនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រគំនិតផ្តួចផ្តើម ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទឹកជំនន់ និងសមាហរណកម្មការគ្រប់គ្រងធនធានទឹក ខ្សែច្រវាក់តម្លៃកសិកម្ម និងសន្តិសុខស្បៀង ព្រមទាំងការកែលម្អគុណភាពខ្យល់។
ទោះជាយ៉ាងនេះក្តី ដើម្បីឱ្យប្រទេសប៉ាគីស្ថានផ្លាស់ប្តូរទៅរកគន្លងកំណើនប្រកបដោយចីរភាព និងបរិយាបន្ន ប្រទេសប៉ាគីស្ថានត្រូវដោះស្រាយឧបសគ្គរចនាសម្ព័ន្ធជាច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ ដែលរួមមានមូលដ្ឋានផលិតកម្ម និងការនាំចេញដ៏តូចចង្អៀតរបស់ប៉ាគីស្ថាន បរិយាកាសធុរកិច្ច ដែលមានបន្ទុកធ្ងន់ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមិនមានតុល្យភាព៕
















