ណៃពិដោ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករភូមា កំពុងខិតខំប្រឹងប្រែងក្នុងការនាំចេញពូជស្រូវរបស់ខ្លួនទៅកាន់បរទេស រួមមានប្រទេសហ្វីលីពីន បង់ក្លាដែស និងប្រទេសឥណ្ឌូណេស៊ី។
ក្រសួងកសិកម្ម សហការជាមួយសហព័ន្ធស្រូវអង្ករភូមា បាននិងកំពុងរៀបចំផែនការនាំចេញពូជស្រូវទៅកាន់ប្រទេសបង់ក្លាដែស ហ្វីលីពីន និងឥណ្ឌូណេស៊ី។
ប្រធានសហពន្ធស្រូវអង្ករភូមា បានមានប្រសាសន៍ថា «ស្រូវមានតម្លៃខ្លាំងណាស់។ នៅពេលស្រូវស្រស់សម្រាប់កិនជាអង្ករមានតម្លៃប្រហែល៣០០ ទៅ៤០០ដុល្លារ ក្នុងមួយតោន ចំណែកគ្រាប់ពូជអាចទទួលបានតម្លៃរហូតដល់៧០០ ទៅ៨០០ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករភូមាត្រូវគិតពីប្រាក់ចំណេញក្នុងមួយហិកតា និងកំណត់ផែនការផលិតស្រូវ ឬផលិតគ្រាប់ស្រូវពូជឱ្យបានល្អ»។
ប្រទេសហូឡង់ និងប្រទេសបែលហ្ស៊ិក គឺជាប្រទេសឈានមុខគេក្នុងការផលិតគ្រាប់ពូជស្រូវ និងការបង្កាត់ពូជរុក្ខជាតិ ដោយកាន់តំណែងកំពូលក្នុងការនាំចេញគ្រាប់ពូជនៅលើឆាកអន្តរជាតិ។ រីឯប្រទេសភូមាបានផលិតគ្រាប់ពូជស្រូវគ្រប់គ្រាន់ដោយខ្លួនឯង។ ហេតុដូច្នេះហើយ ប្រទេសភូមាកំពុងរៀបចំផែនការនាំចេញគ្រាប់ពូជស្រូវមួយចំនួន។ ប៉ុន្តែគ្រាប់ពូជស្រូវមួយចំនួននៅតែត្រូវបាននាំចូល។
លើសពីនេះទៀត ប្រទេសភូមាក៏កំពុងផលិតគ្រាប់ពូជសណ្តែកផងដែរ។ ប៉ុន្តែគ្រាប់ពូជសណ្តែក និងគ្រាប់ពូជពោតមួយចំនួនត្រូវបាននាំចូល។
ពូជពោតភូមាមានពីរប្រភេទ គឺពូជពោតយកគ្រាប់ទុំ និងពោតផ្អែម។ ពោតយកគ្រាប់ទុំ គឺសម្រាប់ផលិតជាចំណីសត្វ និងអាហារកែច្នៃ មានតម្លៃត្រឹមតែ២០០ដុល្លារ ក្នុងមួយតោន ខណៈពោតផ្អែមមានតម្លៃរហូតដល់៥០០ ទៅ៦០០ ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករចាំបាច់ត្រូវដាំដុះទាំងពោតគ្រាប់យកគ្រាប់ទុំ និងពោតផ្អែម ដើម្បីកាត់បន្ថយការនាំចូលគ្រាប់ពូជពីបរទេស៕












