កូឡាឡាំពួ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន រដ្ឋាភិបាលម៉ាឡេស៊ីមានគោលបំណងសម្រេចឱ្យបាននូវអត្រាផ្គត់ផ្គង់សាច់ជ្រូកដោយខ្លួនឯងឯង ឱ្យបានយ៉ាងហោចណាស់៩០ភាគរយ នៅឆ្នាំ២០៣០ កើនឡើងពី៦៧,៨ភាគរយ ក្នុងឆ្នាំ២០២៤។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក ចាន់ ហ្វុងហ៊ីន (Chan Foong Hin) បានមានប្រសាសន៍កាលពីពាក់កណ្តាលខែមីនាថា អត្រាបច្ចុប្បន្នបង្ហាញថា តម្រូវការសាច់ជ្រូកនៅក្នុងស្រុកនៅតែពឹងផ្អែកលើសាច់ជ្រូកនាំចូលពីបរទេស។
លោកបានមានប្រសាសន៍ថា ផលិតកម្មសាច់ជ្រូកក្នុងប្រទេសម៉ាឡេស៊ីត្រូវបានពង្រឹងតាមរយៈវិធានការមួយចំនួន រួមទាំងការនាំចេញជ្រូករស់ពីរដ្ឋសារ៉ាវ៉ាក់ ទៅកាន់ឧបទ្វីបម៉ាឡេស៊ី និងការកែលម្អវិធានការទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងពីសត្វមកមនុស្ស ដើម្បីបង្កើនផលិតភាពកសិដ្ឋាន។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលតម្លៃលើចំណីសត្វជាសកល ថ្លៃដើមផលិតកម្ម និងតម្លៃទីផ្សារ ក្រសួងបន្តតាមដានតម្លៃលក់ជ្រូករស់នៅកម្រិតកសិដ្ឋាន ក៏ដូចជាថ្លៃដើមចំណីសត្វ។
លោក ចាន់ ហ្វុងហ៊ីន បានបញ្ជាក់ថា នៅឆ្នាំ២០២៥ តម្លៃជ្រូករស់នៅតាមកសិដ្ឋានជាមធ្យម ប្រហែល១៧,៨០រីងហ្គីត ឬស្មើនឹង៤,៥ដុល្លារ ក្នុងមួយគីឡូក្រាម។
លោកបន្តថា រដ្ឋាភិបាលក៏នឹងជំរុញឱ្យមានការដាំដុះពោតជាលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំក្នុងស្រុកផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើពោតនាំចូលឱ្យមកនៅត្រឹមចំនួន៣០ភាគរយ ក្នុងឆ្នាំ២០៤០។
លោកអនុរដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលកំពុងជំរុញការផ្លាស់ប្តូរឧស្សាហកម្មចិញ្ចឹមជ្រូកបែបប្រពៃណីឆ្ពោះទៅរកការអនុវត្តបែបទំនើប ដូចជាប្រព័ន្ធទ្រូងជ្រូកបិទជិត ដែលធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជំងឺ និងកាត់បន្ថយការបំពុលបរិស្ថាន។
លោកបានមានប្រសាសន៍ថា កសិករម៉ាឡេស៊ូ ដែលផ្លាស់ប្តូរកសិដ្ឋានបើកចំហទៅជាប្រព័ន្ធបិទជិត មានសិទ្ធិទទួលបានការលើកទឹកចិត្ត និងការលើកលែងពន្ធលើប្រាក់ចំណូលពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។
លោកបានបន្ថែមថា បច្ចេកវិទ្យាទំនើបដូចជារោងចក្រជីវឧស្ម័ន ដែលកែច្នៃកាកសំណល់សត្វជ្រូក ក៏អាចកាត់បន្ថយក្លិន និងផលប៉ះពាល់ដល់បរិស្ថានផងដែរ ដូចដែលបានអនុវត្តថ្មីៗនេះ នៅក្នុងរដ្ឋ ប៉េណាំង ភាគខាងលិចប្រទេសម៉ាឡេស៊ី។
លោក ចាន់ ហ្វុងហ៊ីន បាននិយាយថា ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី បើកចំហរក្នុងការសិក្សាគំរូកសិកម្មទំនើបជាអន្តរជាតិ ដើម្បីលើកកម្ពស់ឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងស្រុក។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏បានបង្កើតតំបន់ចិញ្ចឹមជ្រូក ហើយគ្រោងនឹងពង្រីកទៅតំបន់ផ្សេងទៀត ដើម្បីពង្រឹងការអភិវឌ្ឍឧស្សាហកម្មចិញ្ចឹមជ្រូក៕










