ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB រួមនិងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦។
ពិធីនេះរៀបចំឡើងនៅវិមានពិភពថ្មី សែន សុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកពាក់ព័ន្ធសរុបចំនួន៤៥០នាក់។ នៅក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញអំពីផលិតផលនិងសេវាកម្មនិងធ្វើបទបង្ហាញជូនដល់ភ្ញៀវកិត្តិយសចូលរួមទស្សនា។
ព្រឹត្តការណ៍ដ៏ធំឆ្នាំនេះ នឹងជួយពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានានៅក្នុងវិស័យចិញ្ចឹមសត្វ ហើយបន្តជំរុញយន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនជាបទពិសោធន៍ថ្មីៗបន្ថែមទៀត និងភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម សម្រាប់កសាងវិស័យឧស្សាហកម្មចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕














