គូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ី កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារម៉ាកផ្លែទុរេន មូសាង ឃីង (Musang King) និងការពារភាពជាម្ចាស់របស់ក្រុមហ៊ុន មូសាង ឃីង (Musang King) ទៅលើពូជទុរេន ក្នុងទីផ្សារនាំចេញ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី លោក មូហាម៉ាត់ សាប៊ូ (Mohamad Sabu) បានមានប្រសាសន៍ថា រដ្ឋាភិបាលបានដឹងពីការសង្ស័យថា ផ្លែទុរេនពីប្រទេសថៃ និងវៀតណាម កំពុងត្រូវបាននាំចេញទៅកាន់ប្រទេសចិន ក្រោមឈ្មោះមូសាង ឃីង។
ប្រទេសម៉ាឡេស៊ី បានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្ររួចហើយ សម្រាប់ពូជទុរេន មូសាង ឃីង ដែលផ្តល់ឱ្យប្រទេសម៉ាឡេស៊ីនូវសិទ្ធិផ្តាច់មុខចំពោះការប្រើឈ្មោះនេះ។
លោកបានប្រាប់សភាក្នុងអំឡុងពេលសួរដេញលោកថា «យើងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ទុរេន មូសាង ឃីង ដែលជាកម្មសិទ្ធិរបស់ប្រទេសម៉ាឡេស៊ី។ ប្រទេសផ្សេងទៀត មិនអាចដាក់ឈ្មោះផ្លែទុរេនរបស់ពួកគេថា មូសាង ឃីង បានទេ ទោះបីជារូបរាងស្ទើរតែស្រដៀងគ្នាក៏ដោយ»។
លោករដ្ឋមន្ត្រីបានឆ្លើយតបទៅនឹងសំណួរថា តើរដ្ឋាភិបាលបានដឹងអំពីទុរេនពីប្រទេសថៃ និងវៀតណាម ដែលត្រូវបាននាំចេញដោយផ្ទាល់ទៅប្រទេសចិន ប៉ុន្តែត្រូវបានដាក់ស្លាកថា មូសាង ឃីង ហើយតើមានចំណាត់ការអ្វីខ្លះ ដើម្បីការពារមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសម៉ាឡេស៊ី។
យោងតាមលោក មូហាម៉ាត់ សាប៊ូ បានឱ្យដឹងថា ពូជទុរេន មូសាង ឃីង ដែលដាំដុះនៅក្នុងប្រទេសម៉ាឡេស៊ី មានលក្ខណៈខុសប្លែកពីពូជទុរេនស្រដៀងគ្នា ដែលដាំដុះនៅកន្លែងផ្សេងទៀត។
លោកបានមានប្រសាសន៍ថា “យើងដឹងថា រសជាតិរបស់ទុរេន មូសាង ឃីង នៅប្រទេសម៉ាឡេស៊ីមិនដូចគ្នាទេ” លោកបានបន្ថែមថា លោកបានឃើញផ្ទាល់ភ្នែកនូវគំរូទុរេន ដែលមានស្លាកថា មូសាង ឃីង ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសចិន។
លោកបានមានប្រសាសន៍ថា «នៅពេលណាខ្ញុំទៅលេងប្រទេសចិន មិនថាជាផ្លូវការ ឬក្រៅផ្លូវការ ខ្ញុំមើលផ្លែទុរេនដែលលក់នៅទីនោះ។ នៅពេលផ្លែទុរេនដាក់ឈ្មោះថា មូសាង ឃីង ខ្ញុំបានសាកល្បងភ្ល័ក្ស តែវាមិនដូចរបស់ប្រទេសម៉ាឡេស៊ីទេ»។
ក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី កំពុងធ្វើការជាមួយអាជ្ញាធរចិន រួមទាំងរដ្ឋបាលគយទូទៅនៃប្រទេសចិន ដើម្បីធានាបាននូវការទទួលស្គាល់ និងការការពារការនាំចេញទុរេន មូសាង ឃីង ពិតប្រាកដរបស់ម៉ាឡេស៊ី។
លោកបានមានប្រសាសន៍ទៀតថា «តាមរយៈអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធ យើងដាក់ស្លាកផ្លែទុរេននៅក្រោមស្លាក ម៉ាយបេស (MyBest) មានន័យថា របស់ខ្ញុំល្អបំផុត ដូច្នេះផ្លែទុរេន មូសាង ឃីង របស់ម៉ាឡេស៊ីពិតប្រាកដ ដែលត្រូវបានឯកភាពដោយរដ្ឋបាលគយទូទៅនៃប្រទេសចិន អាចត្រូវបានទទួលស្គាល់យ៉ាងច្បាស់»។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានបន្ថែមថា ភ្នាក់ងារអនុវត្តច្បាប់ រួមទាំងសេវាចត្តាឡីស័ក និងអធិការកិច្ចរបស់ប្រទេសម៉ាឡេស៊ី នឹងបង្កើនការចូលរួមផ្នែកបច្ចេកទេស និងពិភាក្សាជាមួយនិយ័តករចិន ដើម្បីដោះស្រាយការព្រួយបារម្ភអំពីការបកស្រាយខុសការពិត។
លោកបានមានប្រសាសន៍ថា “យើងនឹងពិភាក្សាយ៉ាងលម្អិតជាមួយអគ្គរដ្ឋបាលគយចិន និងជូនដំណឹងដល់ប្រទេសចិន តាមរយៈបណ្តាញផ្សេងៗ ដើម្បីឱ្យពួកគេដឹងថា ផ្លែទុរេន មូសាង ឃីង របស់ម៉ាឡេស៊ី ត្រូវបានអនុម័ត និងកាន់ស្លាក ម៉ាយបេស។”
លោកបញ្ជាក់ថា ការការពារម៉ាកយីហោ ផ្លែទុរេន មូសាង ឃីង នៅតែជាអាទិភាព ដោយសារការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិន បានអភិវឌ្ឍទៅជាមានតម្លៃខ្ពស់ និងជាប្រភពចំណូលសម្រាប់កសិករម៉ាឡេស៊ី។
លោកបានមានប្រសាសន៍អះអាងដូច្នេះថា «យើងត្រូវតែការពាររឿងនេះ ព្រោះការនាំចេញទៅប្រទេសចិន មានតម្លៃខ្ពស់ ហើយបានក្លាយជាមុខរបរថ្មីសម្រាប់កសិករទុរេនរបស់យើង។ ដូច្នេះ យើងនឹងបន្តការពារឈ្មោះពូជទុរេន មូសាង ឃីង ជាម៉ាករបស់ប្រទេសម៉ាឡេស៊ី»៕










