នូវែលហ្សេឡង់៖ ក្រោមកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធពីធនាគារ Rabobank NZ, លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងលោកបណ្ឌិត Vijay Kumar តំណាងសាកលវិទ្យាល័យ University of Waikato នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួនបីទីតាំង ក្នុងក្រុងហាមីលតុន (Hamilton) ប្រទេសនូវែលហ្សេឡង់។
គោលបំណងសំខាន់នៃដំណើរបេសកកម្មនេះ ដើម្បីសិក្សាពីឥណទានចំគោលដៅ ដោយពិនិត្យ និងសិក្សាស្វែងយល់ពីយន្តការផ្តល់ឥណទានរបស់ ធនាគារ Rabobank ជូនដល់អតិថិជនទាំងបីទីតាំងខាងលើ ដែលចិញ្ចឹមគោយកទឹកដោះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងការរីកចម្រើនប្រកបដោយចីរភាព។
បច្ចេកទេសកសិកម្មទំនើបនៃការចិញ្ចឹមគោយកទឹកដោះ៖ ដំណេីទស្សនកិច្ចសិក្សានេះសំដៅពិនិត្យ និងដកស្រង់បទពិសោធន៍លើខ្សែច្រវាក់ផលិតកម្ម និងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានស្តង់ដារខ្ពស់ និងទំនេីប ដើម្បីយកមកធ្វើជាគំរូក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមគោទឹកដោះនៅកម្ពុជា។
បេសកកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពស្ថាប័ន និងការដកស្រង់បទពិសោធន៍ល្អៗនៃការផ្តល់ឥណទាន និងការគ្រប់គ្រងហានីភ័យពីបរទេស ដើម្បីយកមកអនុវត្ត និងគាំទ្រដល់អតិថិជនក្នុងវិស័យកសិកម្ម និងការចិញ្ចឹមគោទឹកដោះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕












