ត្រីរាជជាត្រីជិតផុតពូជ៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទន្លេមេគង្គវិញ

643316692_1229077736081391_6554878330089277958_n

ភ្នំពេញ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានធ្វើការងារជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល មន្ត្រីមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ បានខិតខំធ្វើសេចក្តីរាយការណ៍ ការឆ្លើយតបរហ័ស ការបំពាក់ស្លាក និងលែង ដើម្បីចូលរួមការពារត្រីរាជ ដែលកំពុងរស់នៅក្នុងដែនទឹកក្នុងប្រទេសកម្ពុជា។

បើតាមអង្គការអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងថា កាលថ្មីៗនេះ កំណត់ត្រានៃកិច្ចខិតខំប្រឹងប្រែងសហការគ្នា ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ មានត្រីរាជ (Mekong Giant Catfish or Pangasianodon Gigas) ដែលជាត្រីជិតផុចពូជ និងជាកំណប់ដ៏មានតម្លៃ ព្រមទាំងមានតែនៅក្នុងទន្លេមេគង្គចំនួន៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ ដោយសុវត្ថិភាព។

អង្គការនេះ បញ្ជាក់ថា ជាការកត់សម្គាល់ ក្នុងចំណោមត្រីរាជទាំង៥៨ក្បាលខាងលើងនេះ មានត្រីរាជចំនួន ១០ក្បាល ត្រូវបានបំពាក់ស្លាក និងលែងនៅក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ។ ការលែងត្រីរាជមួយក្បាលៗ ចូលក្នុងធម្មជាតិវិញ វាលើសពីការទទួលបាននូវសមិទ្ធិផលបែបវិទ្យាសាស្ត្រ។ វាជាសកម្មភាពនៃមោទកភាពជាតិ ការទទួលពរជ័យ និងសាមគ្គីភាព។

អង្គការខាងលើនេះ បានបន្ថែមថា “វាបង្ហាញឱ្យឃើញថា អ្នកនេសាទកម្ពុជា អ្នកស្រាវជ្រាវ មន្ត្រីជំនាញ និងសហគមន៍ បានខិតខំប្រឹងប្រែងធ្វើការងារជាមួយគ្នា ដើម្បីការពារត្រីរាជ។ វាមិនគ្រាន់តែជាត្រីរាជ ប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបមានជីវិត ដែលកំពុងបន្តរស់នៅក្នុងទន្លេមេគង្គកម្ពុជា កំពុងហែលជាមួយហ្វូងត្រីតូចធំដទៃទៀត។ វាក៏បានជួយក្រើនរំលឹកយើងផងដែរ ឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងការការពារទន្លេរបស់យើង ស្បៀងអាហាររបស់យើង វប្បធម៌ និងការចែករម្លែកចំណេះដឹងពីអ្នកជំនាន់មុន ទៅកាន់អ្នកជំនាន់ក្រោយ”។

ត្រីរាជមិនមែនត្រឹមតែជាត្រី ដែលមានទំហំខ្លួនធំមហិមា ដែលនៅរស់លើភពផែនដីនេះនោះទេ វាក៏ជានិមិត្តរូបនៃប្រភេទត្រី ដែលពុំមានរស់នៅក្នុងតំបន់ដទៃទៀត នៅលើពិភពលោកផងដែរ។ ត្រីរាជជាប្រភេទត្រីយក្ស វាបានបង្ហាញពីកេរដំណែលនៃអេកូឡូស៊ី វប្បធម៌ដ៏គួរឱ្យស្ញប់ស្ញែង ធម្មជាតិដ៏ស្រស់បំប្រង និងសុខភាពរបស់ទន្លេមេគង្គផងដែរ។

ជាច្រើនទស្សវត្សមកហើយ ត្រីរាជបានធ្វើចរាចរពីទន្លេមេគង្គ ទៅបឹងទន្លេសាប ដែលជាបេះដូងនៃប្រទេសកម្ពុជា ក្នុងរដូវវស្សា ដើម្បីរកចំណី និងធំលូតលាស់។

ក្នុងនោះ ក៏មានត្រីរាជខ្លះ បានធ្វើចរាចរចុះទៅតំបន់វាលទំនាបលិចទឹក នៃតំបន់ដីសណ្តទន្លេមេគង្គ ក្នុងខេត្តព្រៃវែងផងដែរ។

ដោយសារវាអាចធំលូតលាស់ដល់ប្រវែងបីម៉ែត្រ និងមានទម្ងន់រហូតដល់ទៅ៣៥០គីឡូក្រាមឯណោះ ដូច្នេះ យើងអាចចាត់ទុកថា ត្រីរាជពិតជាស័ក្តសមនឹងងារជា ត្រីយក្សយ៉ាងពិតប្រាកដ។ ខ្លួនរបស់វាមានសម្បុរសបែបទឹកប្រាក់នៅផ្នែកពោះ និងសម្បុរប្រផេះ នៅតាមបណ្តោយដងខ្លួនខាងលើ ចាប់ពីក្បាលដល់កន្ទុយ។ ត្រីរាជមានដងខ្លួនទន់រលោង មិនមានឆ្នូត ចរឹតស្លូតបូត តែពោរពេញទៅដោយកម្លាំង និងអំណាច។ ដ្បិតតែត្រីរាជមានមាឌដ៏ធំសម្បើម តែវាមិនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និងត្រីដទៃឯទៀតឡើយ។ ពេលនៅតូច ត្រីរាជមានព្រុយពុកមាត់ និងមានធ្មេញតូចៗ។

ប៉ុន្តែពេលវាធំឡើង ព្រុយពុកមាត់ និងឆ្នូត ក៏ចាប់ផ្តើមរលុបបាត់អស់ នៅពេលវាមានប្រវែងដល់៣០ ទៅ៥០សង់ទីម៉ែត្រ។ ពេលនៅតូច ភ្នែកត្រីរាជស្ថិតនៅតាមបណ្តោយរង្វះមាត់។ ពេលធំពេញវ័យ ភ្នែករបស់វាធ្លាក់មកនៅក្រោមរង្វះមាត់។ កូនត្រីរាជ និងកូនត្រីប្រា មានលក្ខណៈស្រដៀងគ្នា ដែលជាហេតុធ្វើឱ្យមានការច្រឡំ និងត្រូវចាប់វាយកទៅលក់លាយឡំនឹងត្រីប្រា។

ត្រីរាជរស់នៅក្នុងទន្លេធម្មជាតិ ហើយក៏អាចរស់នៅក្នុងស្រះចិញ្ចឹមត្រីបានផងដែរ។ មិនដូចជាត្រីប្រមាញ់ឯទៀត ត្រីរាជស៊ីពពួកស្លែ ប្លង់តុង វារីជាតិ និងមមោកនៅបាតទន្លេធម្មជាតិ តែបើនៅក្នុងស្រះចិញ្ចឹមត្រី វាស៊ីកាកសំណល់ដែលសល់ពីត្រីផ្សេងៗ។ ត្រីរាជបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងទន្លេមេគង្គ។ ទោះយ៉ាងណា ជីវិតត្រីរាជនៅតែជាអាថ៌កំបាំង។ អ្នកស្រាវជ្រាវបានខិតខំស្វែងយល់អំពីដំណើរនៃការបង្កកំណើត ផ្លូវធ្វើចរាចរផ្លាស់ទី និងចំនួនប្រជាកររបស់ពួកវាផងដែរនៅផ្នែកខាងក្រោមខ្សែទឹកទន្លេមេគង្គ។

តាមការកត់ត្រារបស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បានអះអាងថា កាលពីអតីតកាល ត្រីរាជជាប្រភេទត្រីធ្វើចរាចរណ៍ផ្លូវឆ្ងាយ ដែលអាចលាតសន្ធឹងរហូតដល់ជាង៤ ០០០គីឡូម៉ែត្រ ពាសពេញដងទន្លេមេគង្គ ចាប់ពីខេត្តយូណាន ប្រទេសចិន ទៅដល់តំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។

នាពេលបច្ចុប្បន្ននេះ ដោយសារបាត់បង់ទីជម្រក ការនេសាទហួសកម្រិត ដូច្នេះ វាមិនអាចរស់នៅពាសពេញ ឬធ្វើចរាចរផ្លាស់ទីដោយសេរីពាសពេញដែនទឹកទន្លេមេគង្គដូចមុនទៀតឡើយ។ ចំនួនត្រីរាជបានធ្លាក់ចុះយ៉ាងគំហុក។ យោងតាមរបាយការណ៍វាយតម្លៃអំពីស្ថានភាពត្រីរាជ ដោយលោកបណ្ឌិត ហ្សេប ហូហ្គេន (Zep Hogan) ក្នុងឆ្នាំ២០១១ បានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៤ ត្រីរាជស្ថិតនៅក្នុងកម្រិតងាយរងគ្រោះ។

រហូតដល់ឆ្នាំ១៩៩៦ ត្រីរាជបានឈានដល់កម្រិតកំពុងរងគ្រោះ។ ចាប់ពីឆ្នាំ២០០៣ ដល់ពេលបច្ចុប្បន្ន ត្រីរាជ បានឈានមួយកម្រិតគួរឱ្យព្រួយបារម្ភទៀត គឺដល់ជាប្រភេទរងគ្រោះជិតផុតពូជ ក្នុងបញ្ជីក្រហម របស់អង្គការអាយូស៊ីអិន។ ការជួញដូរជាលក្ខណៈពាណិជ្ជកម្ម ត្រូវបានហាមឃាត់ទាំងស្រុង ក្រោមសន្ធិសញ្ញា «សាយតេស» ក្រោមឧបសម្ព័ន្ធ១ និងត្រូវបានចុះបញ្ជីក្រោមកិច្ចការការពារប្រភេទត្រីធ្វើចរាចរផ្លាស់ទីក្រោមអនុសញ្ញាប្រភេទសត្វទេសន្តរប្រវេសន៍។

យោងតាមស្មារតីថែរក្សាការពារប្រភេទផលចាប់ និងផលិតផលជលផល កំពុងរងគ្រោះថ្នាក់ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រភេទត្រីរាជ ក្នុងចំណោមប្រភេទធនធានជលផលទឹកសាបទាំង ២៩ប្រភេទ សម្រាប់ទទួលបានការពារក្រោមអនុក្រឹតលេខ១២៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩

ការថយចុះនៃចំនួនប្រជាករត្រីរាជ នៅក្នុងធម្មជាតិ បានក្លាយជាក្តីបារម្ភមួយ។ ខណៈពេលយើងការពារត្រីរាជ ប្រៀបដូចជាយើងការពារប្រព័ន្ធអេកូឡូស៊ីទន្លេ សន្តិសុខស្បៀង និងកេរដំណែលវប្បធម៌ «ជំនឿ» ផងដែរ៕


image_2026-03-16_15-45-20
ឥណ្ឌូណេស៊ី  និងម៉ាឡេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការស្រាវជ្រាវលើសន្តិសុខស្បៀង បញ្ញាសិប្បនិម្មិត

ហ្សាការតា៖ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការស្រាវជ្រាវ និងការអប់រំកម្រិតឧត្តមសិក្សា ដោយផ្តោតសំខាន់លើសន្តិសុខស្បៀង សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងបញ្ញាសិប្បនិម្មិត។ កាលពីពេលថ្មីៗកន្លងមកនេះ​ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូណេស៊ី  លោក ប្រ៊ីយ៉ាន យូលីយ៉ាតូ (Brian Yuliarto) បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលក្នុងវិស័យទាំងនោះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី លោក ហ្សាព្រី អាប់ឌុល កាឌា (Zambry Abdul Kadir) នៅប្រទេសឥណ្ឌូណេស៊ី។ លោក ប្រ៊ីយ៉ាន យូលីយ៉ាតូ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈថា “កិច្ចសហការនេះបង្ហាញពីជំហានយុទ្ធសាស្ត្រមួយ ដើម្បីពង្រឹងការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់ប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាប្រឈមសកល”។ លោកបានសង្កត់ធ្ងន់ថា ភាពស៊ីសង្វាក់គ្នាកាន់តែជិតស្និទ្ធក្នុងចំណោមអ្នកជំនាញ អ្នកស្រាវជ្រាវ និងសាកលវិទ្យាល័យមកពីប្រទេសទាំងពីរ អាចជួយជំរុញការស្រាវជ្រាវឱ្យក្លាយទៅជាដំណោះស្រាយជាក់ស្តែងលើបញ្ហាសាធារណៈ។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី លោក ហ្សាព្រី អាប់ឌុល កាឌា បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី  និងម៉ាឡេស៊ី មានចំណុចខ្លាំងសម្រាប់ជួយបំពេញគ្នាទៅវិញទៅមកក្នុងវិស័យអាទិភាពមួយចំនួន  […]

Kiripost_dec04-02.2e16d0ba.fill-960x540
កម្ពុជាគ្រោងនាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃរហូតដល់៤០០លានដុល្លារ នៅពេលខាងមុខ

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្មឲ្យដឹងថា ប្រទេសកម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូងហើយនៅពេលខាងមុខ មានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញថ្មីៗនេះ បានអញ្ចើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group និងក្រុមហ៊ុន Men Sarun MDR ។ យោងតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។ ពាក់ព័ន្ធនិងគម្រោងនៃការនាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការតាមរយៈការចុះ MOUខាងលើនេះ ឯកឧត្តម សំហេង បូរ៉ា បានប្រាប់ ARDB TV បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅតាមតំបន់ ហើយការនាំចេញជាផ្លូវការលើកដំបូងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦នេះ។ […]

image_2026-03-16_10-10-44
វិញ្ញាបនបត្រហាឡាល់ បើកច្រកសម្រាប់ទំនិញវៀតណាមចេញទៅកាន់ទីផ្សារមូស្លីម

ហាណូយ៖ ស្របពេលប្រទេសវៀតណាមកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ខ្លួន ទីផ្សារហាឡាល់សម្រាប់ជនមូស្លីមកំពុងលេចចេញជាមធ្យោបាយដ៏ជោគជ័យមួយ សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ដែលស្របតាមចក្ខុវិស័យរយៈពេលវែងសម្រាប់កំណើនប្រកបដោយចីរភាព។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា ការរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ប្រទេសវៀតណាម រួមមានការធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មបែបប្រពៃណី។ យោងតាមអង្គការអន្តរជាតិ ជនម៉ូស្លីមនៅលើពិភពលោក នាពេលបច្ចុប្បន្នជាង២ ០០០លាននាក់ ដែលស្មើនឹងប្រហែល២៥ភាគរយនៃចំនួនប្រជាជនទាំងអស់នៅលើពិភពលោក។ ចំណែកសេដ្ឋកិច្ចហាឡាល់ត្រូវបានព្យាករថា នឹងកើនដល់ប្រមាណ៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ដោយពង្រីកហួសពីអាហារ និងភេសជ្ជៈ ក្លាយទៅជាគ្រឿងសម្អាង ឱសថ ភស្តុភារកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុអ៊ីស្លាម។ ជាការកត់សម្គាល់ ទីផ្សារហាឡាល់មិនមែនជាទីផ្សារពិសេសទៀតទេ ប៉ុន្តែជាទីផ្សាររបស់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ ដែលផ្ដល់អាទិភាពចំពោះស្តង់ដារសីលធម៌ ការតាមដាន តម្លាភាព និងសុចរិតភាពផលិតកម្ម។ រីឯអ្នកប្រើប្រាស់ ដែលមិនមែនជាជនមូស្លីម ក៏កំពុងមានទំនោរទៅរកផលិតផលហាឡាល់ផងដែរ ដោយចាត់ទុកវិញ្ញាបនបត្រ ហាឡាល់ជាការធានានូវគុណភាព សុវត្ថិភាព និងនិរន្តរភាព។ ជាមួយនឹងភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យកសិកម្មត្រូពិច ការកែច្នៃម្ហូបអាហារ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា មានសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ដែលមានរចនាសម្ព័ន្ធរឹងមាំ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្វែរសក្តានុពលនោះទៅជាឧត្តមភាពប្រកួតប្រជែង វិញ្ញាបនបត្រហាឡាល់មិនត្រឹមតែជាស្តង់ដារប៉ុណ្ណោះទេ ថែមទាំងត្រូវតែជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូទាំងឧស្សាហកម្មផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុននានាកំពុងចូលរួមជាមួយទីផ្សារហាឡាល់ ជាលក្ខណៈបុរេសកម្ម និងជាយុទ្ធសាស្ត្រ។ ថ្មីៗនេះ […]

photo_2026-03-16_13-45-24 (2)
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសណូវែលហ្សេឡង់

ណូវែលហ្សេឡង់៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅ  ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយតំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសណូវែលហ្សេឡង់។ ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាមធនាគារអភិវឌ្ឍន៍កសិកម្មដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖ • ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។ • ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញតំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។ • ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញការចែករំលែកព័ត៌មាន បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរឱ្យកាន់តែរឹងមាំ […]

កាលវិភាគផ្សព្វផ្សាយ