ប៉េកាំង៖ សង្គ្រាមអ៊ីរ៉ងកំពុងបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា និងបន្តរំខានដល់ការដឹកជញ្ជូនក្នុងតំបន់ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ទីផ្សារផលិតផលស្រស់របស់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដែលជាវិស័យមួយពឹងផ្អែកភាគច្រើនលើការនាំចូលពីបរទេស។
ប្រភពពីឧស្សាហកម្មបន្លែផ្លែឈើ បានរាយការណ៍ថា អាជីវកម្មនាំចូលរបស់ប្រទេសអេមីរ៉ាត អារ៉ាប់រួម
កំពុងស្វែងរកផ្លូវដឹកជញ្ជូនផ្សេង ដើម្បីរក្សាការផ្គត់ផ្គង់ ព្រោះការពន្យារពេលនេះនៅតែបន្តអូសបន្លាសដោយសារសង្គ្រាម។
ការផ្គត់ផ្គង់ផលិតផលស្រស់មកកាន់ទីក្រុងឌូបៃ ត្រូវពឹងផ្អែកលើការនាំចូលតាមសមុទ្រមកកាន់ផ្សារបន្លែ និងផ្លែឈើនិងបន្លែ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងស្ថានភាពបែបនេះ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិជាច្រើនបានដូរផ្លូវនាំចូលតំបន់មជ្ឈិមបូព៌ា។
ដោយសារកប៉ាល់ជាច្រើនបានចាកចេញមុនពេលផ្ទុះសង្គ្រាម កុងតឺន័រទូរទឹកកក ដែលផ្ទុកផលិតផលស្រស់ៗ កំពុងតែព្យាយាមឆ្លងកាត់តំបន់ជម្លោះ។ ការរំខានដល់ការដឹកជញ្ជូនបានបង្ខំកប៉ាល់មួយចំនួនត្រូវបោះយុថ្ការងចាំនៅក្នុងលំហសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនអាចចូលចតបានតាមការគ្រោងទុកឡើយ។ សម្រាប់ផលិតផលស្រស់ៗឆាប់ខូច បានក្លាយជាកង្វល់របស់ខ្សែសង្វាក់ផ្គត់ផ្គង់។
គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កប៉ាល់មួយចំនួន ដែលដឹកផលិតផលស្រស់ៗនាំចូលពីប្រទេសចិន បានចាប់ផ្តើមបង្វែរទៅកាន់កំពង់ផែក្បែរៗនោះ ដើម្បីចូលទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ ចំណែកកប៉ាល់ខ្លះកំពុងដាក់ទំនិញចុះនៅកំពង់ផែផ្សេង ហើយបន្តដឹកជញ្ជូនតាមផ្លូវគោកទៅកាន់ទីក្រុងឌូបៃ ខណៈកប៉ាល់ខ្លះទៀតកំពុងដឹកជញ្ជូនតាមកំពង់ផែ ក្នុងប្រទេសអូម៉ង់ និងកំពង់ផែរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ទូកុងតឹន័រខ្លះទៀតត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅកំពង់ផែក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីរង់ចាំការសម្របសម្រួលបន្ថែមទៀត។
ប្រធានតំណាងចែកចាយផលិតផលស្រស់ៗប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់កំពុងតាមដានព័ត៌មានថ្មីៗពីកំពង់ផែ និងពីក្រុមហ៊ុនដឹកជញ្ជូន ដើម្បីកែសម្រួលផែនការដឹកជញ្ជូន។
លោកស្រីបាននិយាយថា ស្ថិតក្នុងស្ថានភាពនេះ ច្រកចុងក្រោយនៃការលើកដាក់ទំនិញត្រូវបានកំណត់តែនៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ ដែលតម្រូវឱ្យដឹកជញ្ជូនតាមផ្លូវគោក។ ជាពិសេសនៅកំពង់ផែ ដែលមានថាមពលសម្រាប់រក្សាសីតុណ្ហភាពទូត្រជាក់ឱ្យមានស្ថេរភាពល្អ។ ការត្រួតពិនិត្យជាបន្តចំពោះស្ថានភាពកំពង់ផែ និងកុងតឺន័រ គឺចាំបាច់ណាស់ដើម្បីបង្កើតផែនការដឹកជញ្ជូនឱ្យបានសមស្របបំផុត និងឆាប់រហ័ស។
ប៉ុន្តែនៅដំណាក់កាលនេះ ក្រុមហ៊ុនក៏កំពុងប្រឈមមុខនឹងថ្លៃដើមដឹកជញ្ជូនឡើងខ្ពស់ផងដែរ។ ការពន្យារពេលដឹកជញ្ជូន ការកកស្ទះនៅកំពង់ផែ និងការដឹកជញ្ជូនឆ្លងដែនតាមផ្លូវគោក ធ្វើឱ្យមានហានិភ័យកាន់តែខ្លាំងនៃការខូចខាតដល់ផលិតផលស្រស់ៗ។ ការគិតថ្លៃបន្ថែមដោយសារសង្គ្រាម ថ្លៃផ្ទេរកំពង់ផែ ថ្លៃដឹកជញ្ជូនតាមផ្លូវគោក និងថ្លៃឆ្លងកាត់គយត្រួតពិនិត្យ បានធ្វឱ្យថ្លៃដឹកកាន់កើនច្រើនជាងមុន។ ប្រភពឧស្សាហកម្មផលិតផលស្រស់ៗ ប៉ាន់ប្រមាណថា ថ្លៃដឹកជញ្ជូនសរុបក្នុងមួយកុងតឺន័រ បានកើនឡើងប្រហែល៥ ៤៤៥ដុល្លារ បើធៀបនឹងកម្រិតធម្មតា។
ខណៈពេលការដឹកជញ្ជូនមួយចំនួនកំពុងរកផ្លូវជំនួស ប្រភពឧស្សាហកម្មកត់សម្គាល់ថា ទាំងនេះមិនគ្រប់គ្រាន់ដើម្បីបន្ធូរបន្ថយសម្ពាធសារពើភ័ណ្ឌនៅក្នុងទីផ្សារនោះទេ។ ការផ្គត់ផ្គង់នៅតែអាស្រ័យលើការដឹកជញ្ជូនតាមកប៉ាល់ចេញពីប្រភពដើមរបស់ទំនិញ។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថភាពដឹកជញ្ជូននៅតែតឹងតែង ដោយសារមានតែក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនប៉ុណ្ណោះ នៅក្នុងប្រទេសចិន ដែលទទួលយកការកក់នៅមជ្ឈិមបូព៌ា។ អត្រាដឹកជញ្ជូនបានកើនឡើង ហើយផ្លូវជាច្រើនកំពុងទទួលយកទំនិញសម្រាប់ចូលកំពង់ផែក្បែរៗនោះតែប៉ុណ្ណោះ ដោយមានសេវាដឹកចូលផ្ទាល់ដល់ទីក្រុងឌូបៃ មិនមានច្រើនទេ។
នៅពេលភាពមិនច្បាស់លាស់នៅតែមាន អ្នកផ្គត់ផ្គង់ផលិតផលស្រស់ៗមួយចំនួន បានកែសម្រួលយុទ្ធសាស្ត្រដឹកជញ្ជូនរបស់ខ្លួន។ ពួកគេកំពុងផ្តល់អាទិភាពដល់ផលិតផលរក្សាទុកបានយូរ មានដូចជាខ្ញី ខ្ទឹមស ផ្លែប៉ោម និងការ៉ុត ដើម្បីកាត់បន្ថយហានិភ័យនៃការដឹកជញ្ជូន និងទុកផលិតផលឆាប់ខូចសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកវិញ៕
















