ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យលើការកែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ទាំងនៅក្នុងស្រុក និងការនាំចេញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Ly Ly Food Industry ដែលជាក្រុមហ៊ុនឈានមុខគេមួយរបស់កម្ពុជា កំពុងពង្រីកខ្សែសង្វាក់ផលិតិកម្ម ផលិត “ទឹកដោះគោប្រអប់”សម្រាប់ចែកចាយនៅក្នុងទីផ្សារក្នុងប្រទេសបន្ថែមទៀត។
លោកជំទាវឧកញ៉ាបណ្ឌិតកែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត បានថ្លែងប្រាប់ទូរទស្សន៍អនឡាញ ARDB ឱ្យដឹងថា ក្រុមហ៊ុនបាននឹងពង្រីកខ្សែសង្វាក់ផលិតកម្មបន្ថែមទៀត ដោយការផលិតទឹកដោះគោប្រអប់ និងខ្សែសង្វាក់ផលិតផលជាច្រើនមុខផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវឧកញ៉ាបណ្ឌិតបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំឡើងម៉ាស៊ីនផលិតទឹកដោះគោប្រអប់ ប៉ុន្តែមិនទាន់បញ្ចប់នៅឡើយទេ ដោយសារតែម៉ាស៊ីនមួយចំនួនទៀត មិនទាន់ដឹកមកដល់ប្រទេសកម្ពុជា។ បើតាមលោកជំទាវ ឧកញ៉ាបណ្ឌិត ម៉ាស៊ីនទំាងនោះអាចនឹងមកដល់កម្ពុជានៅចុងខែនេះ។ ដូច្នេះ អាចពាក់កណ្តាលខែមិថុនា ទើបអាចផលិតចេញជាផលិតផលសម្រាប់ផ្គត់ផ្គងទីផ្សារ។
លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តពង្រីកផលិតកម្មផលិតទឹកដោះគោប្រអប់នេះ បន្ទាប់ពីក្រុមហ៊ុនមើលឃើញមានតម្រូវនៅក្នុងទីផ្សារក្នុងស្រុកកើនឡើង ក្រោយពីការេបិទព្រំដែនកម្ពុជា-ថៃ ដែលមិនអាចនាំចូលមកកាន់កម្ពុជាបាន។
ក្រុមហ៊ុនលីលីហ្វូត ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០២ ដោយលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ដើម្បីផលិតនំកែច្នៃ ដែលមានគុណភាពជាយីហោរបស់ខ្មែរសម្រាប់ចែកចាយនៅក្នុងទីផ្សារនៅក្នុងស្រុក និងការនាំចេញ។
ក្រុមហ៊ុនេះ គឺជាក្រុមហ៊ុនមានសក្តានុពលខ្លាំងក្នុងការកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យផលិតភាពលើការកែច្នៃចំណីអាហារ ដោយពង្រីកទីផ្សារអន្តរជាតិ ផ្តល់ឱកាសការងារ ជួយកសិករ និងការពង្រឹងសហគមន៍៕










