ដោយ ឡុង សារេត
ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្មឲ្យដឹងថា ប្រទេសកម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូងហើយនៅពេលខាងមុខ មានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញថ្មីៗនេះ បានអញ្ចើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group និងក្រុមហ៊ុន Men Sarun MDR ។
យោងតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។
ពាក់ព័ន្ធនិងគម្រោងនៃការនាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការតាមរយៈការចុះ MOUខាងលើនេះ ឯកឧត្តម សំហេង បូរ៉ា បានប្រាប់ ARDB TV បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅតាមតំបន់ ហើយការនាំចេញជាផ្លូវការលើកដំបូងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦នេះ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានចាត់ទុកជាសញ្ញាវិជ្ជមានដ៏ល្អមួយនៅក្នុងវិស័យស្វាយចន្ទី ហើយលោកបានសង្កេតឃើញមានក្រុមហ៊ុនជាច្រើនបានសម្រុកចូលមកទិញគ្រាប់ស្វាយចន្ទីពីកសិករ ខណៈដែលកម្ពុជាកំពុងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
លោកអួន ស៊ីឡុត បញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនឥណ្ឌា ចិន វៀតណាមបានចូលមកទិញគ្រាប់ស្វាយចន្ទីនេះ បានធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជាឡើងថ្លៃខ្ពស់។ ជាក់ស្តែនៅថ្ងៃទី១២ខែមីនាឆ្នាំ២០២៦នេះ គ្រាប់ស្វាយចន្ទីឡើងថ្លៃដល់៧៤០០រៀល ខណៈពេលដែលនៅឆ្នាំ២០២៥ កសិករលក់បានថ្លៃត្រឹមតែ៥៤០០រៀលក្នុងមួយគីឡូគ្រាម។
បើតាមក្រសួងពាណិជ្ជកម្មគួរបញ្ជាក់ថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងផ្គូរផ្គងយ៉ាងសកម្មរបស់ ក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម ដែលតែងតែដើរតួនាទីជាតួអង្គស្នូលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនាំចេញកម្ពុជា ជាមួយអ្នកបញ្ជាទិញសក្តានុពលអន្តរជាតិ
ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែធានាបាននូវកំណើននៃការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការនាំចេញកសិផលជាតិចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕








