ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី កំពុងពង្រឹងការត្រួតពិនិត្យលើក្រុមហ៊ុនបរទេស ដែលផ្គត់ផ្គង់ផលិតផលត្រីស្រស់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ស្តីពីសុវត្ថិភាពម្ហូបអាហារ។
ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បានអះអាងថា ទីភ្នាក់ងាររបស់លោកស្រីបានចាប់ផ្តើមចុះបញ្ជីក្រុមហ៊ុនបរទេស ដើម្បីតាមដានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលជលផល។
លោកស្រីបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីដើមសប្តាហ៍នេះថា ការត្រួតពិនិត្យបែប ដើម្បីធានាថាផលិតផលចំណីអាហារធ្វើពីត្រី ដែលនាំចូលប្រទេសឥណ្ឌូណេស៊ី ត្រូវតែស្របតាមស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់។
លោកស្រីប្រធាន បានពន្យល់ទៀតថា ការត្រួតពិនិត្យត្រូវបានធ្វើឡើងតាមរយៈការវាយតម្លៃគុណភាព ការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការចុះបញ្ជីក្រុមហ៊ុនបរទេស ដែលផ្គត់ផ្គង់ផលិតផលត្រីស្រស់។
លោកស្រីបានសង្កត់ធ្ងន់ថា មានតែក្រុមហ៊ុនចុះបញ្ជីជាមួយក្រសួងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មផលិតផលនេសាទនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ការចុះបញ្ជីនេះមានលេខសម្គាល់គុណភាពទំនិញ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយអ្នកត្រួតពិនិត្យគុណភាពប្រចាំច្រកព្រំដែន ព្រមទាំងធានាថា គុណភាពចំណីអាហារត្រូវតែល្អតាំងផលិតផលដើមរហូតដល់ផលិតផលសម្រេច ដាក់លក់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ជាតិ។
លោកស្រីបានបន្ថែមថា ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បានកំណត់អត្តសញ្ញាណក្រុមហ៊ុនបរទេស ដែលទទួលបានសិទ្ធិនាំចូលផលិតផលនេសាទមកកាន់ប្រទេសឥណ្ឌូណេស៊ី តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (Mutual Recognition Arrangements) ជាមួយប្រទេសជាដៃគូ។
លោកស្រីបានរៀបរាប់លម្អិតថា បច្ចុប្បន្នប្រទេសចំនួនប្រាំពីរ បានចូលរួមមួយនៃគម្រោងនេះ រួមមានប្រទេសវៀតណាម មាន៨៤៩ក្រុមហ៊ុន) កូរ៉េខាងត្បូង មាន១៨៤ក្រុមហ៊ុន អារ៉ាប៊ីសាអូឌីត មានមួយក្រុមហ៊ុន ន័រវែសមាន៤២ក្រុមហ៊ុន កាណាដា មាន២៤ក្រុមហ៊ុន រុស្ស៊ី មាន១១ក្រុមហ៊ុន និងប្រទេសចិន មាន៧៩៨ក្រុមហ៊ុន។ សម្រាប់ប្រទេសដែលមិនទាន់មាន កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ជាមួយប្រទេសឥណ្ឌូណេស៊ី នោះផលិតផលរបស់ពួកគេត្រូវតែឆ្លងកាត់ការធ្វើតេស្តគុណភាពនៅមន្ទីរពិសោធន៍ មុនពេលអនុញ្ញាតឱ្យនាំចូល និងធ្វើចរាចរនៅលើទីផ្សារក្នុងប្រទេសឥណ្ឌូណេស៊ី។
ស្របពេលនឹងការរឹតបន្តឹងយន្តការត្រួតពិនិត្យលើផលិតផលនាំចូលនេះ ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បានបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីនៅតែជាប្រទេសនាំចេញផលិតផលនេសាទដ៏ធំបំផុតមួយរបស់ពិភពលោក។
យោងតាមកំណត់ត្រារបស់ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ បរិមាណនាំចេញផលិផលនេសាទ មានចំនួន១ ០០៣ ៣៤៩តោន ដែលមានតម្លៃជាទឹកប្រាក់ជាង៤ ០០០លានដុល្លារ។ ទន្ទឹមនឹងនេះ ការនាំចូលវិញមានចំនួន៣០៨ ៩០៥តោន ដែលមានតម្លៃជាទឹកប្រាក់ជាង៤៦៣លានដុល្លារ៕












