ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ជាន់ទី១៥ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ និងបើកកម្មវិធីដោយឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ និងបិទកម្មវិធី ដោយឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ស្តីពីភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។
ជាមួយគ្នានេះ ឯកឧតុ្តមបានបង្ហាញជំនឿថា សិក្ខាសាលានៅថ្ងៃនេះមិនមែនត្រឹមតែជាសិក្ខាសាលាប៉ុណ្ណោះទេ តែវាជាឱកាសដ៏សាកសមបំផុតសម្រាប់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការស្វែងយល់ឱ្យកាន់តែទូលំទូលាយអំពីច្បាប់ស្តីពីភូតគាមអនាម័យ បែបបទ និងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ដែលជាសសរស្តម្ភចម្បងសម្រាប់គាំទ្រការនាំចេញកសិផលកម្ពុជា និងសមាហរណកម្មទៅក្នុងពាណិជ្ជកម្មអន្តរជាតិ។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសហការរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងមានការគាំទ្រដោយ សហគ្រិនខ្មែរ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សិក្ខាសាលានេះ ផងដែរ ក៏បានចែករំលែកចំណេះដឹងដោយមានការធ្វើបទបង្ហាញស្តីអំពី «ច្បាប់ស្តីពីភូតគាមអនាម័យ» ដោយមន្ត្រីជំនាញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, បទបង្ហាញស្តីអំពី « វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ» ដោយ មន្ត្រីជំនាញមកពីក្រសួងពាណិជ្ជកម្ម, និងបទបង្ហាញអំពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕












