ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុន បានចាប់ផ្តើមនាំចេញអង្ករផលិតក្នុងស្រុកចំនួន២ ២៨០តោន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ជាលើកដំបូង ដើម្បីផ្គត់ផ្គង់ដល់មូស្លីមសាសនិកចូលរួមធ្វើធម្មយាត្រា ក្នុងរដូវហាជ (Hajj Pilgrims) នៅក្នុងតំបន់មជ្ឃឹមបូព៌ា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អំារ៉ាម ស៊ូឡៃម៉ាន (Andi Amran Sulaiman) ដែលជាប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានស្ងើចសរសើរចំពោះសមិទ្ធិផលនេះដល់ក្រុមហ៊ុនរបស់រដ្ឋ និងកសិករទូទាំងប្រទេសឥណ្ឌូណេស៊ី។
ចំណែកប្រធានក្រុមហ៊ុនរដ្ឋគ្រប់គ្រង លោក អះម៉ាដ រីហ្សាល រាំដានី (Ahmad Rizal Ramdhani) បានពិពណ៌នាគំនិតផ្តួចផ្តើមនាំចេញអង្ករនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ជាងការធ្វើពាណិជ្ជកម្មទៅទៀត ដោយលោកបានបញ្ជាក់ថា “នេះជានិមិត្តរូបនៃសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់ប្រទេសជាតិយើង”។
លោកបានពន្យល់ថា ការនាំចេញអង្ករទាំងនេះនឹងត្រូវដឹកជញ្ជូនរួមគ្នាតែម្តង នូវផលិតផលអង្ករបានមកយកពីកសិករក្នុងស្រុក ការកិនកែច្នៃវេចខ្ចប់តាមស្តង់ដារខ្ពស់ និងបំពេញតាមស្តង់ដារគុណភាពយ៉ាងតឹងរ៉ឹង រួមទាំងសមាមាត្រគ្រាប់បាក់ច្រើនបំផុតត្រឹមប្រាំភាគរយ។ អង្ករទាំងអស់ត្រូវបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ឃើញថា អនុលោមតាមស្តង់ដារនាំចេញរបស់អន្តរជាតិ និងមានវិញ្ញាបនបត្រហាឡាល់ផងដែរ។
ក្រសួងហាជ និងអ៊ុមរ៉ះ (Ministry of Hajj and Umrah) របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានកំណត់ថា កន្លែងធ្វើម្ហូបអាហារសម្រាប់បម្រើដល់អ្នកធ្វើធម្មយាត្រាមកពីប្រទេសឥណ្ឌូណេស៊ី នៅទីក្រុងម៉េកា (Mecca) និងទីក្រុងម៉េឌីណា (Medina) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងប្រើប្រាស់តែអង្កររបស់ឥណ្ឌូណេស៊ីប៉ុណ្ណោះ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា និងទំនុកចិត្តលើការផ្គត់ផ្គង់ម្ហូបអាហារដល់អ្នកចូលរួមធ្វើធម្មយាត្រា។
មន្ត្រីឥណ្ឌូណេស៊ី បានអះអាងថា កម្មវិធីនាំចេញអង្ករនេះនឹងមិនធ្វើឱ្យខ្វះអង្ករនៅក្នុងប្រទេសឥណ្ឌូណេស៊ីឡើយ ព្រោះស្តុកអង្ករក្នុងប្រទេសនៅមានបរិមាណច្រើនគ្រប់គ្រាន់។
ចំណែករដ្ឋាភិបាលឥណ្ឌូណេស៊ីវិញ បានចាត់ទុកការនាំចេញអង្ករនេះថា ជាដំណាក់កាលថ្មីមួយនៅក្នុងវិស័យសន្តិសុខស្បៀងរបស់ខ្លួន និងវិស័យការទូតផងដែរ ព្រមទាំងបង្ហាញថា ប្រទេសឥណ្ឌូណេស៊ីមានអង្ករគ្រប់គ្រាន់ដោយខ្លួនឯង ព្រមទាំងអាចគាំទ្រដល់ប្រជាពលរដ្ឋនៅក្រៅប្រទេសថែមទៀត។
ប្រទេសឥណ្ឌូណេស៊ី មានជំនឿចិត្តខ្លាំងណាស់លើការធ្វើកសិកម្មដ៏រឹងមាំ នៅឆ្នាំក្នុង២០២៥ នៅពេលឈប់នាំចូលអង្ករ និងពោត ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងសន្តិសុខស្បៀងអាហាររបស់ឥណ្ឌូណេស៊ី។ កាលពីពាក់កណ្តាលឆ្នាំ២០២៥ អង្ករបម្រុងរបស់រដ្ឋបានឈានដល់កម្រិតខ្ពស់បំផុត គឺមានបរិមាណប្រហែលបួនលានតោន ដែលជួយធ្វើឱ្យទីផ្សារមានស្ថេរភាព និងគាំទ្រដល់តំបន់រងគ្រោះដោយគ្រោះមហន្តរាយ។
យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ទិន្នផលអង្កររបស់ឥណ្ឌូណេស៊ី នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ចំនួណ៣៤,៧៧លានតោន គឺកើនឡើងចំនួន១៣,៥៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដោយសារអាកាសធាតុអំណោយផល និងមានគោលនយោបាយគាំទ្រកសិកររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី។ ចំណែកទិន្នផលពោតវិញ ក៏ត្រូវបានគេរំពឹងថានឹងឈានដល់ប្រហែលបួនលានតោន នៅចុងឆ្នាំ២០២៥ ដែលអាចធានាបាននូវការផ្គត់ផ្គង់ សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងសម្រាប់ផលិតចំណីសត្វ។
ឥណ្ឌូណេស៊ីពីមុន គឺធ្លាប់ជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។
ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន៕










