វៀតណាមជំរុញការនាំចេញអង្ករមានគុណភាពខ្ពស់ ចំពេលមានបញ្ហាប្រឈមកាន់តែខ្លាំងឡើង

tieu-diem-box11-10-19-7

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានប៉ាន់ប្រមាណថា អង្ករចំនួន៦០០ ០០០តោន មានតម្លៃ៣៧០លានដុល្លារ ត្រូវបាននាំចេញក្នុងខែមករា គឺកើនឡើង១២,៤ភាគរយ បើគិតជាបរិមាណ និងកើនឡើង១៦,៩ភាគរយ គិតជាតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្លៃអង្ករនាំចេញជាមធ្យមបានឡើងដល់៦១៦,៦ដុល្លារក្នុងមួយតោន ឬ កើនឡើងបួនភាគរយ។

ទោះបីជាមានការចាប់ផ្តើមលើកទឹកចិត្តក៏ដោយ ក្រសួងកសិកម្ម និងបរិស្ថាន បានព្រមានថា ការនាំចេញអង្ករនឹងជួបឧបសគ្គធំនៅឆ្នាំ២០២៦នេះ។

យោងតាមលោក ដូ ហាណាំ (Do Ha Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា ការផ្គត់ផ្គង់ជាសកលនៅតែមានច្រើន ដែលធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។ គោលដៅនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានកែសម្រួលក្នុងរង្វង់ប្រាំពីរលានតោន ស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយបរិមាណនាំចេញជាបណ្តើរៗមកនៅត្រឹមបួនលានតោន​ ក្នុងឆ្នាំ២០៣០។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធពីការផ្តល់អាទិភាពលើបរិមាណ ទៅជាការផ្តល់អាទិភាពលើតម្លៃវិញ។

ក្នុងរយៈពេលខ្លី ដោយសារដំណាំស្រូវរដូវប្រាំងកំពុងបង្កបង្កើនផល ហានិភ័យនៃការធ្លាក់ចុះតម្លៃស្រូវខ្លាំងនៅតែមាន ប្រសិនបើមិនមានការអនុវត្តដំណោះស្រាយហិរញ្ញវត្ថុទាន់ពេលវេលា។

លោក ង្វៀន វ៉ាន់ថាញ់ (Nguyen Van Thanh) នាយកក្រុមហ៊ុនផលិតកែច្នៃ និងនាំចេញអង្ករ នៅក្នុងខេត្តវិញឡុង (Vinh Long) ប្រទេសវៀតណាម បាននិយាយថា កាលពីឆ្នាំមុន ធ្លាប់មានការលំបាករួចទៅហើយសម្រាប់វិស័យស្រូវអង្ករ ហើយនៅឆ្នាំនេះមិនទាន់បង្ហាញពីភាពប្រសើរឡើងវិញនៅឡើយទេ។ ចំណែកកិច្ចសន្យានាំចេញអង្ករមានចំនួនតិចជាងឆ្នាំបណ្តាមុនៗឆ្ងាយណាស់ ដោយសារស្តុកនាំចូលនៅសល់ច្រើន។

ដោយសារអង្ករស្តុកបម្រុងដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ទើបអ្នកនាំចូលមានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចសន្យាធំៗ ហើយបញ្ជាទិញជាទ្រង់ទ្រាយតូចៗ ដើម្បីរក្សាតម្លៃនាំចូលឱ្យនៅទាប។ ចំណែកក្រុមហ៊ុនគ្រប់គ្រងស្តុកអង្ករនាំចូលពីមុនៗ នៅតែអាចបន្តលក់ផ្គត់ផ្គង់ទីផ្សារបាន ប៉ុន្តែការទិញអង្ករមកស្តុកថែននៅក្នុងដំណាក់កាលនេះ គេយលថា ប្រាក់ចំណេញបានតិចតួចបំផុត។

ប្រទេសហ្វីលីពីន ដែលជាទីផ្សារអង្ករវៀតណាម បានចាប់ផ្តើមទិញអង្ករឡើងវិញ ប៉ុន្តែភាគច្រើនធ្វើតាមរយៈកិច្ចសន្យាតូចៗក្នុងតម្លៃទាប ស្របពេលបរិមាណអង្ករក្នុងស្រុក និងអន្តរជាតិ នៅតែបន្តកើនឡើង ដូច្នេះទិន្នផលស្រូវថ្មីរបស់វៀតណាម ដែលត្រូវប្រមូលផលឆាប់ៗខាងមុខនេះនឹងខ្វះទីផ្សារជាក់ជាមិនខាន។

ក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម រាយការណ៍ថា ផ្ទៃដីដាំដុះស្រូវប្រាំងសរុបនៅទូទាំងប្រទេស ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៧,០៩លានហិកតា នៅឆ្នាំ២០២៦នេះ ដោយធ្លាក់ចុះជាង៣៦ ០០០ហិកតា បើធៀបនឹងឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ ទិន្នផលស្រូវជាមធ្យមមានចំនួន៦,១៤តោន ក្នុងមួយហិកតា ដូច្នេះទិន្នផលសរុបអាចដល់៤៣,៥៥លានតោន ដែលកើនឡើងបន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមគោលនយោបាយការកាត់បន្ថយទំហំផ្ទៃដីដាំដុះ ប៉ុន្តែបង្កើនទិន្នផលស្រូវកាន់តែខ្ពស់។

តាមរយៈការព្យាករណ៍ពីការប្រែប្រួលទីផ្សារជាបន្តបន្ទាប់នៅឆ្នាំ២០២៦នេះ រចនាសម្ព័ន្ធនាំចេញអង្កររបស់វៀតណាមត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរបន្ថែមទៀត ដោយងាកទៅរកប្រភេទអង្ករប្រណីត មានគុណភាពខ្ពស់ និងអង្ករក្រអូបវិញ ដែលមានតម្លៃនៅលើទីផ្សារអន្តរជាតិ។

ការនាំចេញអង្ករមានគុណភាពខ្ពស់ និងអង្ករក្រអូប ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ប្រមាណ៥,៨លានតោន ដែលស្មើនឹងប្រមាណ៧៥ភាគរយ នៃបរិមាណនាំចេញសរុបរបស់វៀតណាម។

ជំនួសឱ្យការប្រកួតប្រជែងដោយផ្ទាល់នៅក្នុងប្រភេទអង្ករសមានតម្លៃទាប ដែលជាធម្មតាមានតម្លៃពី៣០០ ទៅ៣៥០ដុល្លារ ក្នុងមួយតោន ប្រទេសវៀតណាមកំពុងចូលរួមក្នុងការនាំចេញប្រភេទអង្ករក្រអូប និងអង្ករប្រណីត ដែលមានតម្លៃកាន់តែខ្ពស់ ដើម្បីប្រកួតប្រជែងមិនសូវខ្លាំង និងមានតម្លៃកាន់តែល្អ៕


photo_2026-03-09_17-09-30
ធនាគារ ARDB រៀបចំទិវាអន្តរជាតិនារី៨មីនា លើកទី ១១៥ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ដិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦,  ឯកឧត្តម  ចាន់ សីហា អគ្គនាយករង រួមនិងថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារ ARDBបានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី ១១៥ ក្រោមប្រធានបទ  “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”។ ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦ នេះ ពិធីអបអរសាទរ  ទិវាអន្តរជាតិនារី បានរៀបចំជាសកល ក្រោមប្រធានបទ សិទ្ធិ យុត្តិធម៌ និងសកម្មភាព សម្រាប់ស្ត្រី និងកុមារីទាំងអស់។ ដោយឡែកស្របតាមស្ថានភាពជាក់ស្តែង  ពិធីនេះ ត្រូវបានកំណត់ប្រធានបទ  សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ  សម្រាប់រៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញនូវការលើកកម្ពស់សិទ្ធិស្ត្រី […]

image_2026-03-10_08-43-13
ភូមានាំចេញផ្លែចេកជាង១៥៧ ០០០តោន ទៅកាន់ប្រទេសចិន រកចំណូលបាន៣៦៦ដុល្លារ

ណៃពិដោ៖ យោងតាមក្រសួងកសិកម្មភូមា បានឱ្យដឹងថា ផ្លែចេកអំបូងព៌ណលឿង ដែលបណ្តុះដោយជាលិកាចំនួនជាង ១៥៧ ០០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន រវាងចន្លោះខែមេសា ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ដោយដឹកជញ្ជូនឆ្លងកាត់តាមច្រកព្រំដែន ក្នុងរដ្ឋកាជីន។ សារព័ត៌មានភូមាបានចេញផ្សាយថា គិតត្រឹមដំណាច់ខែមករា ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ បរិមាណនាំចេញផ្លែចេកអំបូងចំនួន១៥៧ ២០០តោន ធៀបនឹង២៨៧ ៨៧២តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាក់ទងនឹងតម្លៃវិញ ផ្លែចេកអំបូងមួយតោន បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ២ ៥២០យ័ន ឬស្មើនឹង៣៦៦ដុល្លារ។ ច្រកសំខាន់ៗសម្រាប់នាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន គឺជាផ្លូវគោក ដែលតភ្ជាប់ព្រំដែនប្រទេសទាំងពីរ​ ភូមា-ចិន។ ដើម្បីនាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន អ្នកនាំចេញចាំបាច់ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់របស់គណៈកម្មាធិការកសិកម្មចម្រុះ (Joint Agriculture Certification Committee -JACC) នៅក្នុងប្រទេសចិន ហើយទោះបីជាមានក្រុមហ៊ុននាំចេញផ្លែចេកអំបូងលឿង នៅក្នុងរដ្ឋ​កាជីន ចំនួន៤៦ក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្រក៏ដោយ បច្ចុប្បន្នមានតែ១៥ក្រុមហ៊ុនប៉ុណ្ណោះ កំពុងនាំចេញផ្លែចេក។ ដោយសារតែការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅតាមចម្ការ និងនៅក្នុងផលិតផលរបស់ក្រុមហ៊ុនមួយចំនួន ការនាំចេញផ្លែចេកទៅកាន់ប្រទេសចិន ត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោមបទប្បញ្ញត្តិរបស់គណៈកម្មាធិការកសិកម្មចម្រុះ។ បច្ចុប្បន្ន មានតែក្រុមហ៊ុន ដែលគោរពតាមបទប្បញ្ញត្តិប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យបន្តនាំចេញផ្លែចេកតាមរយៈច្រកព្រំដែនគោក។ កាលពីឆ្នាំ២០២២ ចាប់ពីខែមេសា […]

photo_2026-03-09_12-18-36
ធនាគារ​ ARDBបញ្ជាក់​ពី​ការ​បន្ត​ការ​គាំទ្រ​ និង​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​មក​កាន់​ទី​ផ្សារ​ប្រទេស​ចិន

រដ្ឋ​ធានី​ប៉េកាំង​,​ ប្រទេសចិន៖​ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ និង​ឧកញ៉ា​ ឡាយ​ ឈួន​ហួ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ដឹកនាំ​សហការី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ហ៊ុន​រដ្ឋ​ កូហ្វកូ​ ហ្គ្រេន (COFCO Grains) នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ នា​រដ្ឋ​ធានី​ប៉េកាំង​ សាធារណៈ​ប្រជាមានិត​ចិន​។ កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​លេី​ការ​ពង្រឹង​សមត្ថភាព​ផលិត​ និង​គុណភាព​ស្រូវ​អង្ករ​កម្ពុជា​សម្រាប់​នាំចេញ​ ដោយ​ក្នុង​នោះ​ធនាគារ​ ARDB និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ នឹង​ធ្វើ​ជា​តួ​អង្គ​រួម​គ្នា​ក្នុង​ការ​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​លេី​កិច្ចការនេះ។ ធនាគារ​ ARDB នឹង​សម្របសម្រួល​ក្នុង​ការ​ទូទាត់​ជាអន្តរជាតិ ​(Cross Border Settlement) ដេីម្បី​សម្រួល​រំហូរ​សាច់​ប្រាក់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់ប្រទេសចិន។ ជាមួយ​គ្នានេះដែរ​ ក្រុម​ហ៊ុន​ កូហ្វកូ​ ហ្គ្រេន បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ និងបន្ត​ជំរុញ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​មក​កាន់​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​។ សូមរំឭកថា ក្នុងរយៈពេលពីរខែនៃឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករបាន២៤៧ ៨២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៥ក្រុមហ៊ុន ដោយដឹកចេញទៅកាន់គោលដៅចំនួន៥១  នៅលើពិភពលោក។ របាយការណ៍ពីសហព័ន្ធស្រូវអង្គរបានបង្ហាញថា ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៨ បានបរិមាណអង្ករចំនួន៦៤ ១៣៤តោន គិតជាទឹកប្រាក់ចំនួន៤៦​,២២លានដុល្លារ […]

image_2026-03-09_10-18-28
ចិនមានមហិច្ចតាដណ្តើមយកទីផ្សារតែលំដាប់ទី១ ក្នុងពិភពលោក នៅឆ្នាំ២០៣០

ប៉េកាំង៖ ប្រទេសចិនត្រូវបានទទួលស្គាល់ថា ជាអ្នកផលិត និងអ្នកផឹកទឹកតែ ច្រើនជាងគេបំផុតលើពិភពលោក ដោយសារវប្បធម៌ផឹកតែបានចាក់ឫសគល់យ៉ាងជ្រៅក្នុងសង្គមចិន ជាច្រើនពាន់ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ ប្រទេសចិនក៏ឈរលើគេក្នុងនាមជាដៃគូពាណិជ្ជកម្មតែ ដ៏ធំជាងគេមួយក្នុងពិភពលោក ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចសកលផងដែរ។ តាមរយៈវប្បធម៌ផឹកទឹកតែ និងការដណ្តើមទីផ្សារកំពូលនេះដែរ ប្រទេសចិនបានដាក់ចេញនូវផែនការមហិច្ឆតារបស់ខ្លួន ដើម្បីធ្វើទំនើបកម្មឧស្សាហកម្មតែឱ្យទៅជាវិស័យ “ឆ្លាតវៃ” ក្នុងគោលបំណងដណ្តើមយកទីផ្សារពិភពលោក នៅឆ្នាំ២០៣០។ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន រួមជាមួយភ្នាក់ងាររដ្ឋាភិបាលរបស់ចិនចំនួនបួនផ្សេងទៀត បានចេញគោលការណ៍ណែនាំ ដើម្បីលើកកម្ពស់ និងកែលម្អគុណភាព និងប្រសិទ្ធភាពនៃឧស្សាហកម្មតែ ដោយមានគោលបំណងបង្កើនទំហំនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូលដល់១,៥ទ្រីលានយន់ ឬស្មើជា២១៧ពាន់លានដុល្លារ​ នៅឆ្នាំ២០៣០។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងប៉េកាំង នាថ្មីៗមកនេះឱ្យដឹងថា ប្រទេសចិនមានគោលបំណងបង្កើតប្រព័ន្ធឧស្សាហកម្មតែដ៏ធំបំផុតមួយ ដោយក្នុងនេះមានទាំងការផ្តត់ផ្គង់ដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ក្រៅពីនេះនឹងរក្សាបាននូវគោលការណ៍មិនប៉ះពាល់ដល់បរិស្ថាន។ ប្រទេសចិនក៏មានគម្រោងធ្វើឱ្យមានវឌ្ឍនភាពនៅក្នុងតំបន់ផលិតតែបែបប្រពៃណីមួយចំនួន និងបានដាក់ទិសដៅឱ្យសម្រេចបាននូវការកែលម្អគួរឱ្យកត់សម្គាល់លើគុណភាព និងប្រសិទ្ធភាពនៃឧស្សាហកម្មតែក្នុងស្រុក នៅក្នុងឆ្នាំ២០២៨។ លើសពីនេះ ប្រទេសចិននឹងលើកកម្ពស់ការធ្វើទំនើបកម្មខ្សែសង្វាក់ឧស្សាហកម្មតែ ជាពិសេសក្នុងពេលដំណាលគ្នានេះក៏កំពុងពង្រីកវិសាលភាពនៃផលិតផលតែ ក៏ដូចជាគំរូនៃការប្រើប្រាស់តាមស្តង់ដាត្រឹមត្រូវ។ តាមរយៈយុទ្ធសាស្រ្តនេះបានបង្ហាញនូវការច្បាមយកទីផ្សារពិភពលោក ដោយប្រទេសចិន ចាំបាច់ណាស់ត្រូវសម្រេចឱ្យបាននូវគោលដៅជាច្រើនទៀត ក្នុងនេះ មានដូចជាពង្រឹងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះសហគ្រាសដែលផ្តោតលើទីផ្សារ និងការជំរុញការកសាងរឹងមាំលើ ឧស្សាហកម្មឯកទេស។ ក្រៅពីនេះក៏ត្រូវពង្រីកការប្រើប្រាស់វត្ថុធាតុដើមតែនៅក្នុងវិស័យអាជីវកម្មផ្សេងៗដូចជាផលិតផលគ្រួសារ មិនប្រើប្រាស់សារជាតិគីមីលាយឡំ និងការមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ […]

កាលវិភាគផ្សព្វផ្សាយ