ដោយ នៅ ស៊ីវុត្ថា
បាត់ដំបង៖ ទីផ្សារដូងក្រអូបនៅក្នុងប្រទេសកម្ពុជាកំពុងមានតម្រូវការខ្ពស់គួរឱ្យកត់សម្គាល់ ព្រោះពលរដ្ឋកម្ពុជាភាគច្រើនពេញនិយម និងចូលចិត្តពិសា ដោយសារវាមានរស់ជាតិផ្អែមឆ្ងាញ់ ក្លិនក្រអូប និងអាចជួយទ្រទ្រង់ដល់សុខភាពផងដែរ។
លោក ផុន សម្បត្តិ ម្ចាស់ចម្ការដូងក្រអូបយាយណៃ ស្ថិតនៅក្នុងភូមិអូរជំាក្រោម ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ទូរទស្សន៍អនឡាញ ARDBថា តាមរយៈការសង្កេតជាក់ស្តែងរបស់លោក ទីផ្សារដូងក្រអូបនៅក្នុងប្រទេសកម្ពុជា មានកំណើនខ្ពស់ ព្រោះនៅពេលលោកបង្ហោះដូងនៅក្នុងចម្ការរបស់លោកលើបណ្តាញសង្គម មានពលរដ្ឋកម្ពុជាជាច្រើនបានទាក់ទង និងផ្ញើសារទិញជាហូរហែ។
លោកសង្កត់ធ្ងន់ទៀតថា ទំហំនៃតម្រូវការដូងក្រអូបរបស់កម្ពុជា គឺមានកម្រិតខ្ពស់ដែលធ្វើឱ្យលោកកំពុងតែពិនិត្យលទ្ធភាព និងសិក្សាពង្រីកផ្ទៃដីដំាដុះប្រមាណបីហិកតាបន្ថែមទៀត ខណៈបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះ និងកំពុងប្រមូលផលចំនួនបីហិកតារួចហើយ។
លោកបន្ថែមថា តាមផែនការ លោក នឹងដាំដូងក្រអូប ដូចធំ ឬគេហៅថាដូចខ្មែរ ព្រោះទីផ្សារដូងធំ នៅកម្ពុជាជាពិសេសនៅក្នុងខេត្តបាត់ដំបងនេះ មានតម្រូវខ្ពស់ដូចទៅនឹងដូងក្រអូបដូចគ្នា ។ ដូងធំនេះ មានតម្រូវការទាំងដូងខ្ចី ដូងចាស់ និងដូងទុំជាដើម។
បើតាមលោក ផុន សម្បត្តិ ចំពោះការបោះដុំនៅក្នុងចម្ការ តម្លៃដូងក្រអូបនាពេលបច្ចុប្បន្ន ចន្លោះពី១ ២០០រៀល ទៅ១ ៤០០រៀល ក្នុងមួយផ្លែ ហើយអ្នកទទួលទិញបោះដុំ ជាអ្នកបេះ ឬកាត់ដោយខ្លួនឯង ប៉ុន្តែ បើម្ចាស់ចម្ការបេះ ឬកាត់ឱ្យ តម្លៃ អាចកើនដល់ពី១ ៥០០រៀល ទៅ២០០០រៀល ក្នុងមួយផ្លែ។ ចំណែការលក់រាយនៅលើទីផ្សារវិញ គឺមានតម្លៃ២ ០០០រៀល ទៅ២ ៥០០រៀលក្នុងមួយផ្លែ ដែលតម្លៃទាំងអស់នេះ អាស្រ័យទៅលើទំហំដូង និងជាតម្លៃសម្រាប់តែនៅក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ។
ចំណែក អ្នកស្រី សោ សុខារី រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានដាំដុះប្រភេទដូងក្រអូបនេះជាច្រើនដើមបានបញ្ជាក់ថា ពូជដូងក្រអូបនេះ គឺដើមទាបល្មម ដែលដើមខ្លះស្ទើរតែផ្លែធ្លាក់ដល់ដី តែដើមខ្លះទៀតក៏អាចឈរបេះបាន ហើយពូជដូងនេះ គឺទឹកមានឱជារសផ្អែមឆ្ងាញ់ជាងដូងធម្មតា ដោយគ្រាន់តែបរិមាណទឹកវាតិចជាងតែប៉ុណ្ណោះ។
អ្នកស្រីបានបន្ថែមថា សព្វថ្ងៃមិនចាំបាច់កាប់យកទៅលក់នៅលើទីផ្សារនោះឡើយ ដោយមានឈ្មួញកណ្ដាលបានទិញដល់ផ្ទះតែម្ដង ហើយក៏បានតម្លៃសមរម្យអាចទទួលយកបាន ព្រោះបច្ចុប្បន្នផ្លែដូង គឺមានតម្រូវការច្រើននៅលើទីផ្សារ ដោយសារតែមានអ្នកនិយមចូលចិត្តពិសាច្រើន៕












