ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development Bank) និងធនាគាររដ្ឋវៀតណាម (State Bank of Vietnam) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមនូវមូលនិធិចំនួនពីរលានដុល្លារ សម្រាប់ការអភិវឌ្ឍសមត្ថភាពធនាគារបៃតង ដើម្បីជួយឱ្យប្រទេសវៀតណាមពង្រីកហិរញ្ញប្បទានបៃតង និងហិរញ្ញវត្ថុអាកាសធាតុ។
បើតាមការចុះផ្សាយតាមបណ្តាញព័ត៌មានវៀតណាម បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោងជំនួយផ្នែកបច្ចេកទេស ស្តីពី “ហិរញ្ញវត្ថុបរិយាបន្ន និងហិរញ្ញវត្ថុអាកាសធាតុ» ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ប្រកបដោយវិបុលភាព និងភាពធន់។
ប្រភពដដែលបានបន្តថា គម្រោងនេះមានគោលបំណងពង្រឹងការអនុវត្តធនាគារបៃតង និងបង្កើនសមត្ថភាពវិស័យធនាគាររបស់ប្រទេសវៀតណាម ដើម្បីពង្រីកហិរញ្ញវត្ថុបៃតង និងហិរញ្ញវត្ថុអាកាសធាតុ ឱ្យកាន់តែទូលំទូលាយ។
ឆ្លើយតបទៅនឹងគម្រោងខាងលើនេះ វៀតណាមបានរៀបចំសិក្ខាសាលានៃការចាប់ផ្តើមអនុវត្តថវិកាពីរលានដុល្លារនេះ ដោយមានអ្នកចូលរួមជាង៨០នាក់ មកពីធនាគាររដ្ឋរបស់ប្រទេសវៀតណាម ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ធនាគារពាណិជ្ជ និងសមាគមធុរកិច្ច។
សិក្ខាសាលានេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន ការវាយតម្លៃហានិភ័យអាកាសធាតុ ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃការកំណត់តម្លៃកាបូន តួនាទីរបស់ស្ថាប័នឥណទានក្នុងការអភិវឌ្ឍទីផ្សារកាបូន និងការចេញមូលបត្របំណុលបៃតង។
តាមរយៈសិក្ខាសាលាខាងលើនេះ ក្រុមអ្នកចូលរួមក៏បានផ្លាស់ប្តូរទស្សនៈអំពីគោលនយោបាយពន្ធបៃតងរបស់វៀតណាម និងបានកំណត់ជំហានបន្ទាប់ ដើម្បីជួយវិស័យធនាគារក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង។
ថ្លែងក្នុងសិក្ខាសាលានេះ មន្ត្រីប្រឹក្សាយោបល់ និងជាប្រធានផ្នែកសេដ្ឋកិច្ច នៃស្ថានទូតជប៉ុន ប្រចំានៅវៀតណាម បានបង្ហាញការរំពឹងទុកថា គម្រោងនេះនឹងប្រើប្រាស់ធនធានសាធារណៈរបស់ជប៉ុន ប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់កំណើនបៃតង និងប្រកបដោយបរិយាបន្នរបស់វៀតណាម។
ព្រមជាមួយគ្នានេះ ប្រធានផ្នែកអភិវឌ្ឍន៍វិស័យឯកជន នៃធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសវៀតណាម បានគូសបញ្ជាក់ថា ជំនួយបច្ចេកទេសនេះ ស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ប្រទេសវៀតណាម និងគាំទ្រដល់កំណែទម្រង់វិស័យហិរញ្ញវត្ថុឱ្យបានទូលំទូលាយរបស់រដ្ឋាភិបាល។
លោកស្រីបានបន្ថែមថា ការបន្តពិភាក្សារ និងគាំទ្រឱ្យចំគោលដៅនឹងជួយដោះស្រាយបញ្ហាវិស័យធនាគារសម្រាប់កំណើនប្រកបដោយចីរភាព ព្រមទាំងពង្រឹងសមត្ថភាពរបស់វិស័យធនាគារនេះ ក្នុងការជួយគ្រប់គ្រងហានិភ័យអាកាសធាតុបាន៕










