ស្របពេលដែលវិស័យចិញ្ចឹមសត្វក្នុងស្រុកកំពុងជួបប្រឈមនឹងតម្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តទៅដល់ភាគី ឬអ្នកពាក់ព័ន្ធដែលបាននឹងកំពុងប្រកបអាជីវកម្មនៅក្នុងវិស័យចិញ្ចឹមសត្វទំាងអស់ មិនថាអ្នកចិញ្ចឹម អ្នកលក់ចំណីសត្វ ឈ្មួញកណ្តាល ទីសត្តឃាតដ្ឋាន និងផលិតចំណីសត្វនោះទេ ងាកមកជជែកពិភាក្សា និងធ្វើការរួមគ្នាដើម្បីបន្តរក្សាខ្សែច្រវាក់តម្លៃឱ្យទទួលបានប្រាក់ចំណេញទំាងអស់គ្នា ជាជាងចង្អុលបញ្ហាដាក់ឱ្យគ្នា។
ថ្លែងនៅក្នុងកិច្ចប្រជុំចំាឆ្នំា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នំា២០២៤ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថាដើម្បីដោះស្រាយបញ្ហាសូមឱ្យតួអង្គពាក់ព័ន្ធនៅក្នុងវិស័យចិញ្ចឹមសត្វពេលបច្ចុប្បន្ន សូមងាកមកជជែកពិភាក្សា និងធ្វើការជាមួយគ្នា ហើយក្រសួងពាក់ព័ន្ធទំាងអស់ត្រៀមរងចំាជួយសម្របសម្រួល ក្នុងនោះសម្រាប់អ្នកធ្វើការ ទិញ-លក់ ស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងពាណិជ្ជកម្ម, ទីសត្តឃាតដ្ឋាន ឬកុងស៊ី និងអ្នកចិញ្ចឹមសត្វ ស្ថិតនៅក្រោមអាណាព្យាបាលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, អ្នកផលិតចំណីសត្វលក្ខណៈឧស្សាហកម្មស្ថិតនៅក្រោមអាណាព្យាបាលក្រសួងឧស្សាហកម្ម ។
យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លៃដើមផលិតសត្វខ្ពស់វាអាស្រ័យទៅលើការនាំចូលធាតុចូលមួយចំនួនមានតម្លៃថ្លៃ ដូចនេះសូមភាគីពាក់ព័ន្ធ អង្គុយជជែករកដំណោះស្រាយរួមគ្នាជាជាង កុំចង្អុលដាក់គ្នា។ អ្នកលក់ចំណីសត្វ ពឹងផ្អែកទៅលើអ្នកចិញ្ចឹមសត្វ បើអ្នកចិញ្ចឹមដួលរលំអស់ តើអ្នកលក់ចំណីលក់ទៅឱ្យអ្នកណា?, ចំណែកទីសត្តឃាតដ្ឋាន និងឈ្មួញកណ្តាលដូចគ្នា បើកសិករឈប់ចិញ្ចឹមសត្វ តើឈ្មួញកណ្តាលបានអ្វីទិញ ហើយកន្លែងកុងស៊ីបានសត្វអ្វីកាប់ ទីបំផុតអាជីវកម្មនឹងត្រូវបិទដូចគ្នា។
ឧកញ៉ា ម៉ុង ឬទ្ធី ប្រធានគណៈកម្មាទី៣ ព្រឹទ្ធសភា និងជាប្រធានសមាជិកព្រឹទ្ធសភា នៃភូមិភាគទី៧ មានប្រសាសន៍ថា «អ្នកចិញ្ចឹមសត្វនៅពេលកន្លងមកទោះបីជួបការលំបាកយ៉ាងណាក៏ដោយ យើងនៅតែរួបរួមសាមគ្គីគ្នា ដើម្បីចូលរួមចំណែក កសាង និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយមកដល់សព្វថ្ងៃនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅក្មេងខ្ចីណាស់ ដូចនេះយើងត្រូវតែបន្តសាមគ្គីគ្នាជាធ្លុងមួយដើម្បីពង្រឹង ពង្រីកវិស័យចិញ្ចឹសត្វរបស់យើងឱ្យកាន់តែរីចម្រើន ជឿនលឿនតទៅមុខទៀត»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថាក្នុងឆ្នំា២០២៣ កន្លងមកនេះវិស័យចិញ្ចឹមសត្វនៅក្នុងស្រុកមានការរីកចម្រើនខ្លំាង ហើយសព្វថ្ងៃនេះទីផ្សារសត្វក្នុងស្រុកមានលក្ខណៈចង្អៀត ហើយមកដល់កាលៈទេសៈសព្វថ្ងៃនេះ អ្នកចិញ្ចឹមសត្វក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងទៀតនៅក្នុងវិស័យចិញ្ចឹមសត្វ ធ្វើកិច្ចសហការ រួបរួមគ្នាទំាងអ្នកចិញ្ចឹម អ្នកកាប់ អ្នកផ្គត់ផ្គង់ចំណី និងអ្នកនាំចូល ត្រូវតែកាន់ដៃគ្នាឆ្ពោះទៅមុខ ទើបអាចរកប្រាក់ចំណេញបានទំាងអស់គ្នា។
បើតាម លោកស្រ៊ុន ពៅ កន្លងមកសមាគមធ្លាប់បានជួបជជែកគ្នាម្តងរួចមកហើយជាមួយអ្នកនាំចូល និង ទីសត្តឃាតដ្ឋាន ប៉ុន្តែការអនុវត្តនៅមិនទាន់បានល្អ ដោយសារតែសាច់បង្កកបាននាំចូលមកពីខាងក្រៅវានៅមានចំនួនច្រើននៅក្នុងឃ្លំាង ហើយយើងសង្កេតឃើញសត្វជ្រូករស់ដែលចិញ្ចឹមដោយកសិករ ឬក្រុមហ៊ុនតូច ធំអាចលក់បានថ្លៃជាង ៨ពាន់រៀលក្នុងមួយគីឡូក្រាមកាលចូលឆ្នំាចិន តែមកដល់់សព្វថ្ងៃនេះកសិករអាចលក់បានថ្លៃតែជាង៧ពាន់រៀលក្នុងមួយគីឡូក្រាម ដោយសាររងផលប៉ះពាល់ពីសាច់បង្កកមិនមានមានគុណភាព។
លោក ស៊្រុន ពៅ សង្កត់ធ្ងន់ថា «ចំាមើលដល់ថ្ងៃទី១២ ខែមីនា ឆ្នំា២០២៤ បន្ទាប់ពីផ្អាកបណ្តោះអាសន្នអំពីការនាំចូលចំណែកសាច់បង្កករយៈពេល៦ខែហើយ។ ដូចនេះចាប់ពីខែមីនានេះទៅយើងនឹងទទួលបានសញ្ញាល្អជាបណ្តើរៗ ហើយយើងជឿជាក់ថាយ៉ាងយូរនៅខែមេសាខាងមុខនេះតម្លៃជ្រូករស់នឹងមានតម្លៃសមរម្យដែលឱ្យកសិករអាចទទួលយកបាន»។
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអំពាវនាវជាថ្មីទៅដល់មន្ត្រីពាក់ព័ន្ធនៅតាមព្រំដែនធ្វើការអនុវត្តទៅតាមអនុសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសឱ្យមានការរឹតបណ្តឹងលើការត្រួតពិនិត្យមិនឱ្យមានការនាំចូលសាច់បង្កកគ្មានគុណភាព ឬគ្មានលិខិតស្មាមត្រឹមត្រូវពុំអនុញ្ញាតឱ្យនាំចូលមកកាន់កម្ពុជាទេ។ ទន្ទឹមនឹងនេះ សូមអំពាវនាវទៅដល់អ្នកចិញ្ចឹមសត្វក្នុងស្រុកព្យាយាមតស៊ូមួយរយៈពេលទៀតកសិករអាចនឹងមើលឃើញពន្លឺនៅក្នុងវិស័យចិញ្ចឹមសត្វមកវិញ៕
ដោយ៖Long Sareth