សៅប៉ូឡូ៖ នៅក្នុងខែមករា ឆ្នាំ២០២៦នេះ ប្រទេសប្រេស៊ីលបាននាំចេញគ្រាប់ស្ពៅ ទៅកាន់ប្រទេសចិនជាលើកដំបូង ចាប់តាំងពីដើមឆ្នាំ២០១៤ ប៉ុន្តែនាំចេញក្នុងបរិមាណតិចតួចដោយផ្ទុកក្នុងកុងតឺន័រមួយគ្រឿង។
យោងតាមទិន្នន័យរដ្ឋាភិបាលប្រេស៊ីល បានឱ្យដឹងថា ការនាំចេញគ្រាប់ស្ពៅនេះ មានបរិមាណចំនួន២៥,៨៣តោន ឬមួយទូកុងតឺន័រ បន្ទាប់ពីក្រុមហ៊ុនពាណិជ្ជកម្មចំនួន១០ ត្រូវបានអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមកំណត់ត្រាផ្លូវការ ដែលប្រទេសចិនបានទិញគ្រាប់ស្ពៅ ប្រេស៊ីលនៅឆ្នាំ២០១៤ មានចំនួនសរុប ១,៣៧៤តោន ក្នុងមួយឆ្នាំ។ ប៉ុន្តែចាប់តាំពីពេលនោះមក មិនមានឃើញប្រទេសប្រេស៊ីលនាំចេញគ្រាប់ស្ពៅទៅប្រទេសចិនទៀតឡើយ។
ក្រុមហ៊ុននាំចេញ និងកសិករដាំគ្រាប់ស្ពៅ រំពឹងថាបរិមាណនៃការនាំចេញទៅកាន់ប្រទេសចិន នឹងកើនឡើងនាពេលខាងមុខ ស្របពេលប្រទេសប្រេស៊ីលព្យាយាមធ្វើពិពិធកម្មការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វនៅក្នុងប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលធ្លាប់តែជាប្រទេសអ្នកផ្គត់ផ្គង់ គ្រាបប់ស្ពៅ ដ៏ច្រើនជាងគេបំផុតរបស់ចិន។
នាយកប្រតិបត្តិនៃសមាគមអ្នកដាំពោត និងស្ពៅ ប្រេស៊ីល បាននិយាយថា លោករំពឹងថា ប្រទេសចិននឹងចាប់ផ្តើមទិញគ្រាប់ស្ពៅប្រេស៊ីល បន្ទាប់ពីបានដោះស្រាយបញ្ហាភូតគាមអនាម័យរបស់ប្រទេសចិន។
លោកប្រធានសមាគមបាននិយាយដោយសំដៅទៅលើបេសកកម្មរបស់ចិន ទៅកាន់ប្រទេសប្រេស៊ីល កាលពីឆ្នាំមុន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាអនាម័យ ព្រមទាំងជួយសម្រួលដល់ពាណិជ្ជកម្មគ្រាប់ស្ពៅ ទោះបីជាប្រេស៊ីលក៏មានតម្រូវការក្នុងស្រុកច្រើនដេរ ដោយសារតែការពង្រីកឧស្សាហកម្មផលិតមេអេតាណុល ផលិតចេញពីគ្រាប់ពោត និងគ្រាប់ស្ពៅ។
ប្រទេសប្រេស៊ីលនាំចេញគ្រាប់ស្ពៅតិចតួចណាស់ បើធៀបនឹងដំណាំសំខាន់ៗផ្សេងទៀត ដូចជាសណ្តែកសៀង និងពោត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ដំណាំបច្ចុប្បន្ន ត្រូវបានគេព្យាករណ៍ថា ការប្រមូលផលគ្រាប់ស្ពៅរបស់ប្រទេសប្រេស៊ីលនឹងកើនឡើងជិត១០ភាគរយ គឺក្នុងបរិមាណប្រហែល៦,៧ លានតោន។
កាលពីចុងឆ្នាំ២០២៥នេះ ប្រទេសចិនបានបញ្ជាទិញសណ្តែកសៀងពីប្រទេសប្រេស៊ីល ប្រហែលប្រាំបីលានតោនសម្រាប់ខែកញ្ញា និងបួនលានតោនសម្រាប់ខែតុលា ដែលសណ្តែកសៀងទាំងអស់នេះ ត្រូវដឹកចេញពីប្រទេសប្រេស៊ីលក្នុងអត្រាខ្ពស់ជាងគេបំផុត។
ការសម្រេចចិត្តបង្កើនការទិញសណ្តែកសៀងពីប្រទេសប្រេស៊ីលនោះដែរ បានកើតឡើងនៅពេលតម្លៃសណ្តែកសៀងនាពេលអនាគត ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ថ្លៃជិតដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ៕














