ដោយ អៀវ ឈៀងនី
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា បានរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចធំៗចំនួនពីរក្នុងខែកុម្ភៈ និងនៅខែមីនា ដោយផ្តោតលើការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនការនាំចេញទៅកាន់ប្រទេសចិន និងជប៉ុន នាពេលខាងមុខ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សមាគមស្វាយចន្ទីកម្ពុជា គ្រោងនឹងជួបជាមួយអង្គការ JETRO ជប៉ុន នៅថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០២៦នេះ ហើយដោយឡែកសមាគមចិន លោកកំពុងទាក់ទងគ្នាដោយរំពឹងថា នឹងជួបពិភាក្សាជាមួយគ្នា ឆាប់ៗនេះ។
សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងខែកុម្ភៈ បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចនៅទីក្រុងភ្នំពេញ ដោយភ្ជាប់ពាណិជ្ជករក្នុងស្រុកជាមួយក្រុមហ៊ុនចិនចំនួន១០ ដែលចាប់អារម្មណ៍ក្នុងការទិញគ្រាប់ស្វាយចន្ទីឆៅ និងសំបកគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងដោយសហការជាមួយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មចិន-កម្ពុជា។
ព្រឹត្តិការណ៍ពាណិជ្ជកម្មលើកទីពីរ ដែលគ្រោងធ្វើនៅខែមីនា ឆ្នាំ២០២៦នេះ គ្រោងនឹងនាំសមាជិកសមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនជប៉ុន មកជួបប្រជុំគ្នាដើម្បីចរចាដោយផ្ទាល់។ កម្មវិធីដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ផ្តោតជាពិសេសលើការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាចូលទៅក្នុងទីផ្សារជប៉ុន។ ក្រុមហ៊ុនកែច្នៃកម្ពុជាប្រហែល៤០ ត្រូវបានគេរំពឹងថា នឹងជួបជាមួយក្រុមហ៊ុនជប៉ុនចំនួន២០ផងដែរ។
ទាក់ទងនិងបរិមាណនៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងជប៉ុននេះ លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា “យើងមិនទាន់អាចបញ្ជាក់បាននៅឡើយទេអំពីចំនួនក្នុងការនាំចេញ។ ប៉ុន្តែរហូតមកដល់ពេលនេះ ទីផ្សារដែលយើងបាននាំចេញគ្រាប់ស្វាយចន្ទី ក្រៅពីវៀតណាម យើងបាននាំចេញទៅចិន និងឥណ្ឌា ដែលទាំង៣ប្រទេសនេះ គឺជាការនាំចេញគ្រាប់ឆៅ ដោយឡែកជប៉ុនត្រូវការគ្រាប់ស្វាយចន្ទីដែលកែច្នៃរួច”។
បើតាមលោក អួន ស៊ីឡុត បានបញ្ជាក់ថា ការកែច្នៃស្វាយចន្ទីក្នុងស្រុក នៅមានកម្រិតទាបនៅឡើយ ដូច្នេះកម្ពុជាមិនទាន់ដាក់ក្តីរំពឹងខ្ពស់ពេកនោះទេ ក្នុងការទាញយកទីផ្សារប្រទេសជប៉ុន ព្រោះជប៉ុនមិនត្រូវការគ្រាប់ស្វាយចន្ទីឆៅទេ ត្រូវការគ្រាប់កែច្នៃរួច។
ទោះបីយ៉ាងណា កន្លងទៅសមាគមស្វាយចន្ទីកម្ពុជា ធ្លាប់បានលើកឡើងថា ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនឹងកើនឡើងនៅឆ្នាំ២០២៦នេះ ក៏ព្រោះតែមានការវិនិយោគរោងចក្រថ្មីៗចំនួនពីរបន្ថែមទៀត ដែលនឹងចាប់ផ្ដើមដំណើរការផងដែរ។
វិស័យគ្រាប់ស្វាយចន្ទីកម្ពុជា បានកត់ត្រាក្នុងឆ្នាំ២០២៥ ដោយនាំចេញគ្រាប់ស្វាយចន្ទីឆៅជាងមួយលានតោន និងបង្កើតប្រាក់ចំណូលជាង១,៥ពាន់លានដុល្លារ។ ខណៈដែលជិត៩០ភាគរយ នៃការនាំចេញបច្ចុប្បន្នត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ដោយគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ មានគោលដៅបង្កើនសមត្ថភាពកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន និងការនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារសកល។ គិតត្រឹមឆ្នាំ២០២៥ កម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ២ ច្រើនបំផុតនៅលើពិភពលោក៕








