ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យវឌ្ឍនភាព “គម្រោងកាត់បន្ថយ
ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើ «គម្រោងកាត់បន្ថយភាពក្រីក្រ» និងសួរសុខទុក្ខបងប្អូនប្រជាកសិករ ដែលស្ថិតនៅស្ថានីយកសិកម្មកូនក្រៀល ក្នុងភូមិសំរោងសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
កម្មវិធីនេះមានការចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ រួមទាំងសហការី។
គម្រោងកាត់បន្ថយភាពក្រីក្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករក្រីក្រ តាមរយៈយន្តការសហការរវាងស្ថាប័នរដ្ឋ វិស័យធនាគារ និងសហគមន៍កសិកម្ម៖
-យន្តការគាំទ្រហិរញ្ញវត្ថុ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើរតួនាទីជាអ្នកផ្តល់ឥណទាន ដែលមានលក្ខណៈសម្បទាន ជូនដល់ប្រជាកសិករ ដើម្បីធានាបាននូវទុនបង្វិលក្នុងការដាំដុះ។
-ការគាំទ្របច្ចេកទេស និងទីផ្សារ៖ សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ទទួលបន្ទុកលើការសាងសង់ផ្ទះសំណាញ់ ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការផ្ដល់បច្ចេកទេសដាំដុះតាមស្តង់ដារ និងការធានាប្រមូលទិញកសិផលពីកសិករត្រឡប់មកវិញក្នុងតម្លៃសមរម្យ។
ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យគម្រោងនេះលេចចេញជារូបរាង និងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់កសិករ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យបន្តអនុវត្តគម្រោងនេះ និងបានដាក់ចេញនូវទិសដៅពង្រីកការសាងសង់ផ្ទះសំណាញ់ឱ្យបានចំនួន២០០ខ្នងបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបន្លែសុវត្ថិភាព និងពង្រីកវិសាលភាពនៃការជួយដល់គ្រួសារកសិករឱ្យកាន់តែទូលំទូលាយ។
ក្នុងដំណើរចុះពិនិត្យមើលវឌ្ឃនភាពគម្រោងលើកកម្ពស់វិស័យកសិកម្មនេះដែរ កាលពី ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបន្តដឹកនាំសហការីអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារ និងផលិតកម្មកសិកម្មនៅទីតាំងយុទ្ធសាស្ត្រចំនួនពីរកន្លែង ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
ទីតាំងទាំងពីរនេះ មានកសិដ្ឋានចិញ្ចឹមមាន់ពងរបស់លោក ឃុន គឹមសួគ៍ ស្ថិតនៅភូមិពពាលខែ ឃុំជ្រៃ ដោយពិនិត្យមើលផ្នែកបច្ចេកទេសចិញ្ចឹម និងលទ្ធភាពពង្រីកផលិតកម្មពងមាន់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក ដែលកំពុងកើនឡើង។ ចំណែកទីតាំងមួយទៀត គឺកសិដ្ឋានរបស់សហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ដោយពិនិត្យវាយតម្លៃលើប្រសិទ្ធភាពនៃការគ្រប់គ្រងកសិកម្មចម្រុះ និងការអនុវត្តបច្ចេកទេសកសិកម្មទំនើបរបស់សមាជិកសហគមន៍។
តាមរយៈដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ARDB ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល៖
– ការគាំទ្រផ្នែកហិរញ្ញប្បទាន៖ ធនាគារ ARDB មិនត្រឹមតែផ្ដល់ឥណទានដែលមានអត្រាការប្រាក់ទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចុះតាមដានពីប្រសិទ្ធភាពនៃការប្រើប្រាស់ទុន ដើម្បីធានាថា គ្រួសារកសិករ និងសហគមន៍អាចពង្រីកអាជីវកម្មបានយ៉ាងពិតប្រាកដ។
– ការជំរុញបច្ចេកទេស និងទីផ្សារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB តែងតែផ្តល់នូវអនុសាសន៍គន្លឹះៗអំពីការរៀបចំកសិដ្ឋានឱ្យមានលក្ខណៈស្តង់ដារ ការកាត់បន្ថយថ្លៃដើម និងការបង្កើនគុណភាពផលិតផលឱ្យស្របតាមតម្រូវការទីផ្សារ។
– សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិ៖ ការចុះពិនិត្យនេះគឺជាផ្នែកមួយនៃការជំរុញផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើនប្រាក់ចំណូលជូនកសិករខ្មែរ។
ធនាគារ ARDB នៅតែបន្តឈរជាមួយកសិករគ្រប់កាលៈទេសៈ ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប និងមានភាពប្រកួតប្រជែងខ្ពស់៕












