តៃប៉ិ៖ ទីភ្នាក់ងារកសិកម្ម និងស្បៀងអាហារតៃវ៉ាន់ បានដាក់ចេញនូវការឧបត្ថម្ភធនលើការនាំចេញ និងកែច្នៃ ផ្លែទៀបបារាំង ស្របពេលការប្រមូលផលផ្លែទៀបបារាំងរបស់កោះតៃវ៉ាន់ ទទួលបានទិន្នផលខ្ពស់បំផុត។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងគាំទ្រដល់ការលក់ និងគ្រប់គ្រងការផ្គត់ផ្គង់ផ្លែទៀបបារាំង ក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈ ដល់ដើមខែមីនា ដែលជាពេលប្រមូលទិន្នផលធំប្រចាំឆ្នាំ។
យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ផ្ទៃដីផលិតផ្លែទៀបបារាំងសំខាន់ជាងគេរបស់កោះតៃវ៉ាន់មានទំហំប្រមាណ២ ៤៥៤ហិកតា កាលពីឆ្នាំមុន ដែលមានផ្តល់ទិន្នផល១២ ៧៦១តោន។ ចំណែកទំហំនៃការនាំចេញមានបរិមាណប្រហែល៦០ភាគរយនៃទិន្នផលសរុប។
ទីភ្នាក់ងារនេះ កំពុងធ្វើការជាមួយថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកបណ្តាញលក់ក្នុងស្រុក រួមទាំងរៀបចំជាប្រអប់កាដូសម្រាប់បុណ្យចូលឆ្នាំថ្មី និងការទិញក្នុងបិរមាណច្រើនសម្រាប់ផ្នែកអាជីវកម្ម។ ការឧបត្ថម្ភធន កំពុងត្រូវបានផ្តល់ជូនសម្រាប់ចំណាយលើការវេចខ្ចប់ និងការនាំចេញ ព្រមទាំងលើកទឹកចិត្តដល់ការកែច្នៃ ដើម្បីបង្កើនបន្ថែមតម្លៃ ដើម្បីធ្វើពិពិធកម្មទម្រង់ផលិតផល និងអាចរក្សាភាពស្រស់បានយូរ។
នៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះ សាខាតំបន់ភាគខាងកើតរបស់ទីភ្នាក់ងារកសិកម្ម និងស្បៀងអាហារតៃវ៉ាន់ បានដាក់ចេញនូវវិធានការចំនួនបី ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងការលក់។ ទាំងនេះ រួមមានការពង្រីកបណ្តាញនាំចេញ ការពង្រឹងការចែកចាយក្នុងស្រុក និងការលើកកម្ពស់ការកែច្នៃចម្រុះ។
ទីភ្នាក់ងារនេះ បាននិយាយថា ការឧបត្ថម្ភធនគ្របដណ្តប់ទាំងការចំណាយលើការកែច្នៃ និងការនាំចេញ បានបង្ហាញផងដែរថា ការទិញជាក្រុមសាជីវកម្ម និងបណ្តាញទីផ្សារក្នុងស្រុកជាច្រើន ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ដំណើរការលក់ជារួម។
អ្នកចូលរួមក្នុងទីផ្សារ បានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងការចុះខ្សោយនៃតម្រូវការនាំចេញ និងសម្ពធវិលត្រឡប់មកលើកសិដ្ឋានវិញ។
លោកស្រីសមាជិកសភាតៃវ៉ាន់មួយរូប បានលើកឡើងថា “កសិករប្រឈមនឹងតម្រូវការនាំចេញកាន់តែខ្សោយ និងការធ្លាក់ចុះតម្លៃ ដែលបានបង់ឱ្យកសិករ”។ ដូច្នេះលោកស្រី បានជំរុញឱ្យក្រសួងកសិកម្ម រៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានបរិមាណលក់ និងតម្លៃផ្លែទៀបបារាំង ដើម្បីរក្សាស្ថិរភាពតម្លៃលក់នៅតាមកសិដ្ឋាន។
ចំណែកសមាជិកសភាម្នាក់ទៀត ក៏បានកត់សម្គាល់ដែរថា ផ្លែទៀបបារាំងនៅតាមកសិដ្ឋានទុំលឿនពេក អាចបង្កើនការផ្គត់ផ្គង់ទៅកាន់ទីផ្សារ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីរួច។ លោកសមាជិកសភា បានអំពាវនាវឱ្យទីភ្នាក់ងារត្រូវត្រួតពិនិត្យតាមដានតម្លៃ និងអនវុត្តយន្តការកែសម្រួលតាមទីផ្សារ ប្រសិនបើចាំបាច់ ដើម្បីការពារប្រាក់ចំណូលរបស់អ្នកដាំ។
វិធានការនាពេលបច្ចុប្បន្ននេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីរក្សាតុល្យភាពការផ្គត់ផ្គង់ រក្សាបរិមាណនាំចេញ និងគាំទ្រដល់ការប្រើប្រាស់ក្នុងស្រុក ក្នុងអំឡុងពេលប្រមូលផលខ្ពស់បំផុត នៅក្នុងតំបន់ផលិតផ្លែទៀបបារាំងដ៏សំខាន់របស់កោះតៃវ៉ាន់៕












