ភ្នំពេញ៖ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ការពង្រីកវិសាលភាពនៃការទទួលស្គាល់ការធ្វើតេស្តនៃមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួយពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់កម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អាជីវកម្មកសិចំណីអាហារ។
អូស្ត្រាលីរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើម ដែលជំរុញឱ្យមានកំណើននាំចេញ ដើម្បីអភិវឌ្ឍបន្ថែមលើវិស័យកែច្នៃកសិផល ដែលមានសក្តានុពលខ្ពស់ និងពង្រឹងសមាហរណកម្មកម្ពុជានៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានដំឡើងឧបករណ៍ធ្វើតេស្តលើសំណល់ថ្នាំកសិកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងចុងក្រោយរួមមាន៖ Agilent 6495D Triple Quadrupole LC/MS និង Agilent 7010C Triple Quadrupole GC/MS។
ឧបករណ៍ទាំងពីរនេះមានសមត្ថភាពខ្ពស់ក្នុងការរកឃើញសំណល់ថ្នាំកសិកម្ម ក្នុងកម្រិតទាបបំផុត និងប្រកបដោយភាពជាក់លាក់ ដែលស្របតាមស្តង់ដារអូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។
អ្នកនាំចេញផលិតផលអាហារកម្ពុជានឹងអាចធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដែលទទួលស្គាល់ជាអន្តរជាតិបានកាន់តែទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការទទួលស្គាល់សេវាកម្មធ្វើតេស្តថ្មីៗ លើលោហៈធ្ងន់ក្នុងទឹក និងសំណល់ថ្នាំកសិកម្ម ដែលមានក្នុងអង្ករ និងម្រេច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។
សមិទ្ធផលដ៏សំខាន់មួយនេះ មានន័យថា អ្នកផលិតអង្ករ និងម្រេច ដែលជាផលិតផលកសិចំណីអាហារនាំចេញដ៏សំខាន់របស់កម្ពុជា ឥឡូវនេះពួកគេអាចមានជម្រើសធ្វើតេស្តនៅក្នុងប្រទេស ដើម្បីទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 ដែលការធ្វើតេស្តនេះ អាចជួយកាត់បន្ថយការចំណាយទៅលើការធ្វើតេស្ត និងរយៈពេលរង់ចាំលទ្ធផល ព្រមទាំងកាត់បន្ថយហានិភ័យនៃការចម្លងមេរោគផ្សេងៗកំឡុងពេលផ្ញើសំណាក។
ជាលទ្ធផល វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឥឡូវនេះអាចផ្តល់សេវាកម្មធ្វើតេស្តវិភាគច្រើនប្រភេទសម្រាប់អ្នកនាំចេញផលិតផលកសិចំណីអាហារ ដែលកំពុងស្វែងរកការធ្វើតេស្ត ដើម្បីបំពេញលក្ខណ្ឌតម្រូវការរបស់ទីផ្សារអន្តរជាតិធំៗ។
លោកសាស្រ្តាចារ្យ អង់ដ្រេ ស្ពីហ្សែល (André Spiegel) នាយកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ថា «សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ក្នុងការផ្តល់សេវាមន្ទីរពិសោធន៍ ដែលមានគុណភាពខ្ពស់។ វាជួយពង្រឹងសមត្ថភាពរបស់យើង ក្នុងការការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងគាំទ្រវិស័យកសិចំណីអាហាររបស់កម្ពុជា ដែលអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ ព្រមទាំងផ្តល់ជាប្រយោជន៍ទៅដល់អ្នកផលិត និងអ្នកប្រើប្រាស់ក្នុងស្រុក»។
លោកសាស្រ្តាចារ្យ បានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ភាពជាដៃគូកម្ពុជា អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ចំពោះការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។
គិតត្រឹមចុងឆ្នាំ២០២៥ មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពអាហារនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានការទទួលស្គាល់ជាផ្លូវការតាមស្តង់ដារ អន្តរជាតិ ISO/IEC 17025:2017 សម្រាប់៖ ទី១៖ ការធ្វើតេស្តមីក្រូជីវសាស្ត្រក្នុងអាហារ និងទឹក ទី២៖ ការធ្វើតេស្តលោហៈធ្ងន់ក្នុងទឹក និងទី៣៖ ការធ្វើតេស្តសំណល់ថ្នាំកសិកម្មក្នុងអាហារ ដូចជាម្រេច និងអង្ករ។ ការពង្រីកសេវាកម្មធ្វើតេស្តលើសំណល់ថ្នាំកសិកម្មក្នុងគ្រាប់ស្វាយចន្ទី ផ្លែឈើ និងដំណាំផ្សេងៗបន្ថែមទៀត នឹងគ្រោងធ្វើឡើងក្នុងឆ្នាំ២០២៦៕








