ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រទេសហ្វីលីពីនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសនាំចេញផ្លែម្នាស់ធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រជាតម្រូវការខ្ពស់ពីទីផ្សារប្រទេសចិន។
អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន បានឈានដល់បរិមាណ៧៧៥ ០២៨តោន កាលពីឆ្នាំ២០២៥ គឺកើនឡើងជិត១៤ភាគរយ ពីបិរមាណ៦៨២ ៣៨៣តោន ក្នុងឆ្នាំ២០២៤។ ការកើនឡើងដែលបានព្យាករណ៍នេះ គឺផ្អែកលើទិន្នន័យពាណិជ្ជកម្ម ក្នុងរយៈពេលប្រាំបួនខែដំបូង រហូតដល់ខែកញ្ញា ដែលបង្ហាញថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសចិន បានកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រទេសចិននៅតែជាទិសដៅសំខាន់សម្រាប់ផ្លេម្នាស់ហ្វីលីពីន ដោយការនាំចូលកើនឡើង ស្របពេលអ្នកប្រើប្រាស់បង្ហាញឆន្ទៈកាន់តែខ្លាំងក្នុងការទិញផ្លែម្នាស់ដាំក្នុងត្រូពិច។
អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា តម្រូវការគឺខ្លាំង ជាពិសេសសម្រាប់ផ្លែម្នាស់ពូជ អឹមឌីធូ (MD2) ដែលត្រូវបានដាំដុះយ៉ាងច្រើននៅក្នុងតំបន់ខ្ពង់រាបនៃកោះមីនដាណាវ ប្រទេសហ្វីលីពីន។
អង្គការដដែលនេះបាននិយាយថា “កំណើននៃការនាំចេញទៅកាន់ប្រទេសចិន ដោយសារការធ្លាក់ចុះទាក់ទងនឹងអាកាសធាតុមិនអំណោយផលនៅក្នុងផលិតកម្មម្នាស់ក្នុងស្រុករបស់ចិន ដែលបណ្តាលឱ្យមានទិន្នផលទាប និងមានគុណភាពអន់”។
ចំណែកប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក៏បានបន្តស្រូបយកបរិមាណផ្លែម្នាស់របស់ហ្វីលីពីនប្រមាណ៣៦ភាគរយ និង១៣ភាគរយនៃការនាំចេញសរុបផងដែរ។
ផ្អែកលើទិន្នន័យបឋម អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសជប៉ុននឹងកើនឡើង២៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ តម្លៃនាំចេញជាមធ្យមរបស់ផ្លែម្នាស់ហ្វីលីពីន បានកើនឡើង៦ភាគរយ គឺមានតម្លៃដល់៦៦៨ដុល្លារ ក្នុងមួយតោន។ ទោះបីជាមានតម្រូវការខ្ពស់នៅក្រៅប្រទេសក៏ដោយ ក៏ផលិតកម្មផ្លែម្នាស់ក្នុងប្រទេសហ្វីលីពីននៅតែមានស្ថិរភាព ដោយសារការកែលម្អទិន្នផលនៅក្នុងតំបន់ផលិតកម្មសំខាន់ៗមួយចំនួន និងលក្ខខណ្ឌអាកាសធាតុអំណោយផល។
អង្គការស្បៀងអាហារ និងកសិកម្ម ក៏បានរាយការណ៍ផងដែរថា វិធានការគាំទ្ររបស់រដ្ឋាភិបាលហ្វីលីពីន រួមមានការផ្តល់ជី សម្ភារៈវេចខ្ចប់ និងការបណ្តុះបណ្តាលអំពីការកម្ចាត់សត្វល្អិត ទើបធ្វើឱ្យផលិតកម្មដំណាំម្នាស់មានការរីកចម្រើន។
ប្រសិននៅកម្រិតពិភពលោកវិញ អង្គការស្បៀងអាហារ និងកសិកម្ម បានរំពឹងថា ការនាំចេញផ្លែម្នាស់របស់ប្រទេសហ្វីលីនបានធ្លាក់ចុះប្រាំភាគរយ នៅឆ្នាំ២០២៥ មកនៅត្រឹម៣,៣៨លានតោន ធៀបនឹងបិរមាណ៣,៥៦លានតោនកាលពីឆ្នាំ២០២៤។ ការធ្លាក់ចុះនេះភាគច្រើនទាក់ទងនឹងបរិមាណនាំចេញទាបពីប្រទេសកូស្តារីកា ដែលជាប្រទេសនាំចេញផ្លែម្នាស់ធំជាងគេបំផុតរបស់ពិភពលោក ដែលមានប្រហែល៦០ភាគរយនៃការផ្គត់ផ្គង់ផ្លែម្នាស់ទាំងអស់។
អង្គការស្បៀងអាហារ និងកសិកម្ម បានព្យាករណ៍ថា ការនាំចេញផ្លែម្នាស់របស់ប្រទេសកូស្តារីកា នៅក្នុងឆ្នាំ២០២៥ មានបរិមាណ២,០២លានតោន ដោយធ្លាក់ចុះជិត១៦ភាគរយ ពីបិរមាណ២,៤លានតោន ក្នុងឆ្នាំ២០២៤ ដោយសារប្រឈមមុខនឹងការពន្យារពេលដាំដុះ ម្នាស់ដុះមិនសូវល្អ និងបញ្ហាសត្វល្អិតច្រើន ព្រោះលក្ខខណ្ឌអាកាសធាតុមិនល្អ ទើបធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទីផ្សារនាំចេញ។
ការនាំចូលម្នាស់នៅលើពិភពលោក នៅឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថា បានកើនឡើងបន្តិចដល់៣,១៧លានតោន ធៀបនឹងបិរមាណ៣,១លានតោន កាលពីឆ្នាំ២០២៤ ចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន ដែលជាទីផ្សារនាំចូលផ្លែម្នាស់ធំជាងគេទាំងបីក្នុងអំឡុងឆ្នាំ២០២៥៕








