ប៉េណាំង៖ នៅប្រទេសម៉ាឡេស៊ី អ្នកប្រើប្រាស់នៅរដ្ឋប៉េណាំងកំពុងរាយការណ៍ពីតម្លៃខ្ពស់សម្រាប់បន្លែ និងអាហារផ្សេងទៀត មុនពិធីបុណ្យសាសនាហិណ្ឌូសម្រាប់ប្រជាជនម៉ាឡេដើមកំណើតឥណ្ឌា និងបុណ្យចូលឆ្នាំឆ្នាំប្រពៃណីចិន។
សមាគមសាសនិកហិណ្ឌូ នៅរដ្ឋប៉េណាំង ភាគខាងលិចប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារតាមផ្ទះ និងអ្នកកាន់សាសនាហិណ្ឌូ ដែលរៀបចំពិធីបុណ្យបែបសាសនានេះ។
យោងតាមសមាគមនេះ បានឱ្យដឹងថា ការស្ទង់មតិនៅតាមហាងលក់រាយ និងទីផ្សារធម្មតា បានរកឃើញថា តម្លៃរបស់របរចាំបាច់ចំនួន១៥មុខ បានកើនឡើងក្នុងរយៈពេលមួយខែ ចន្លោះពី១៤ភាគរយ ទៅ១០០ភាកករយ។
ប្រធានសមាគមបានប្រាប់កាសែតរបស់ម៉ាឡេស៊ីថា “ផ្លែប៉េងប៉ោះបានកើនឡើងថ្លៃទ្វេដង ក្នុងតម្លៃពី២,៥រីងគីត ទៅ៥រីងគីត ដែលស្មើនឹងប្រហែល០,៥៣ដុល្លារ ទៅ១,០៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកមើមខ្ញី និងផ្លែត្រប់ បានឡើងថ្លៃ៨៧,៥ភាគរយ និង៧១,៤ភាគរយ។
លោកបានមានប្រសាសន៍ថា ចំណែកបន្លែផ្សេងទៀត រួមមានពោតបារាំង ផ្កាខាត់ណា សណ្តែកកួរ និងផ្លែម្រុំ បានឡើងថ្លៃចន្លោះពី៤០ភាគរយ ទៅ៥០ភាគរយ។ ម្ទេសខ្ចី និងម្ទេសទុំ ខ្ទឹមបារាំង ស្ពៃក្តោប ក្រូចឆ្មារ និងការ៉ុត បានកើនឡើងថ្លៃចន្លោះពី១៣ភាគរយ ទៅជាង៣៣ភាគរយ។ ផ្លែស្វាយ និងផ្លែដូងទំហំមធ្យម ដែលត្រូវបានគេពេញនិយមប្រើនៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ បានកើនឡើងថ្លៃ១០០ភាគរយ និង៤០ភាគរយ។
លោកប្រធានសមាគមបាននិយាយថា ការឡើងតម្លៃកំពុងជះឥទ្ធិពលដល់អ្នកកាន់សាសនាហិណ្ឌូ ដែលត្រូវទទួលទានរបបអាហារបួស នៅមុនចូលដល់ថ្ងៃបុណ្យ និងបង្កផលប៉ះពាល់ដល់អ្នករៀបចំតូបចែកអាហារបួសដោយឥតគិតថ្លៃ នៅតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ប្រាសាទហិណ្ឌូ។
លោកបានមានប្រសាសន៍ថា “តូបជាង១០០នឹងបម្រើអាហារដោយឥតគិតថ្លៃដល់សាធារណជន ហើយតម្លៃបន្លែកាន់តែខ្ពស់ ធ្វើឱ្យអ្នករៀបចំពិបាកគ្រប់គ្រងការចំណាយ”។
សមាគមសានិកហិណ្ឌូ ក៏បានលើកឡើងពីការព្រួយបារម្ភអំពីតម្លាភាពនៃការកំណត់តម្លៃនៅតាមទីផ្សារធម្មតា ដោយលើកឡើងពីគ្មានស្លាកតម្លៃ និងភ្នែកជញ្ជីងមើលមិនច្បាស់ជាដើម។
លោកបាននិយាយថា អ្នកប្រើប្រាស់គ្មានវិធីដើម្បីផ្ទៀងផ្ទាត់តម្លៃទេ ដែលធ្វើឱ្យពួកគេងាយរងគ្រោះចំពោះការកំណត់តម្លៃគ្មានក្រមសីលធម៌។ សមាគមបានអំពាវនាវឱ្យក្រសួងពាណិជ្ជកម្ម និងថ្លៃសេវាក្នុងស្រុក និងនាយកដ្ឋានរបស់នាយករដ្ឋមន្ត្រី ស៊ើបអង្កេតលើពាក្យបណ្ដឹងទាំងអស់នេះ។
ឆ្លើយតបទៅនឹងការព្រួយបារម្ភនេះ នាយកពាណិជ្ជកម្មក្នុងស្រុករបស់រដ្ឋប៉េណាំង បាននិយាយថា ការប្រែប្រួលតម្លៃ គឺទាក់ទងទៅនឹងការផ្គត់ផ្គង់ និងបរិមាណទិញ។ បើអ្នកផ្គត់ផ្គង់បន្លែច្រើន ហើយបរិមាណបញ្ជាទិញតិច នឹងប៉ះពាល់ដល់តម្លៃ។ ផ្សារបោះធំៗទិញទំនិញដុំពីឈ្មួញកណ្តាល ខណៈពេលអ្នកលក់រាយតូចតាចត្រូវពឹងផ្អែកលើទីផ្សារលក់ដុំ។
លោកបានបន្ថែមថា ការត្រួតពិនិត្យតម្លៃត្រូវបានអនុវត្តជារៀងរាល់ថ្ងៃនៅតាមផ្សារតូចតាច ផ្សារបោះដុំធំៗ និងផ្សារទំនើប នៅទូទាំងរដ្ឋប៉េណាំង។ ការវិភាគបង្ហាញថា តម្លៃជាមធ្យមសម្រាប់ខ្ញី ពោតបារាំង ផ្កាខាត់ណា និងសណ្តែកកួរ នៅតែមានស្ថេរភាពបើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ២០២៥។ ខណៈពេលអ្នកប្រើប្រាស់បានរាយការណ៍ពីការឡើងតម្លៃ។
ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បាននិយាយទៀតថា ការត្រួតពិនិត្យនៅតែបន្តក្រោមច្បាប់ស្តីការកំណត់តម្លៃ និងការពារអ្នកប្រើប្រាស់ ហើយអ្នកប្រើប្រាស់គួរប្រើកម្មវិធីទូរស័ព្ទ Price Catcher មានន័យថា កម្មវិធីចាបើតម្លៃ ដើម្បីប្រៀបធៀបតម្លៃទំនិញនៅលើទីផ្សារ៕














