ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានធានាថា នឹងមិនមានការនាំចេញអង្ករលើសកម្រិតតម្រូវការក្នុងប្រទេសឡើយ ទោះបីជាមានការពង្រីកទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេសថែមទៀតក៏ដោយ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានធានាបែបនេះ បន្ទាប់ពីប្រទេសហ្វីលីពីនបានបើកទ្វារទទួលការនាំចូលអង្ករពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរ។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីននឹងត្រូវបរិមាណពិតប្រាកដ ដើម្បីបំពេញបន្ថែមចំពោះកង្វះខាតអង្ករក្នុងស្រុក។
ប្រទេសហ្វីលីពីនស្វាគមន៍អង្ករនាំចូលពីប៉ាគីស្ថាន ប៉ុន្តែបានកំណត់ការនាំចូលយ៉ាងតឹងរ៉ឹងនូវបរិមាណពិតប្រាកដ ដែលប្រទេសហ្វីលីពីនត្រូវការ ដោយមិនឱ្យនាំចូលហួសច្រើនលើសកម្រិត ដែលអាចបង្កបញ្ហាដល់សន្តិសុខស្បៀងក្នុងប្រទេស។
លោកបានបញ្ជាក់ជាថ្មីថា ភាពគ្រប់គ្រាន់ដោយខ្លួនឯងនៅតែជាអាទិភាពតាមរយៈការគាំទ្រផលិតកម្មក្នុងស្រុក សកម្មភាពដោះស្រាយការរំខានដោយបញ្ហាអាកាសធាតុ ការកើនឡើងនៃតម្រូវការ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធក្នុងការផលិតស្រូវនៅប្រទេសហ្វីលីពីន។
នាពេលថ្មីកន្លងមកនេះ រដ្ឋាភិបាលប៉ាគីស្ថានបានដាក់សំណើនេះទៅក្រសួងកសិកម្មហ្វីលីពីន ដោយសារផលិតកម្មស្រូវរបស់ខ្លួនកើលើសតម្រូវការក្នុងប្រទេសប៉ាគីស្ថាន។ សំណើរបស់ប៉ាគីស្ថាន ត្រូវបានធ្វើឡើងនៅពេលក្រសួងកសិកម្មហ្វីលីពីន ធ្វើពិពិធកម្មប្រភពអង្ករនាំចូល ដើម្បីទប់ស្កាត់ការពឹងផ្អែកលើអ្នកផ្គត់ផ្គង់តែមួយ។
លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា អង្ករនាំចូលនឹងនៅតែជា ការផ្គត់ផ្គង់ និងមិនមែនជាការជំនួស សម្រាប់ការបង្កបង្កើនផលក្នុងប្រទេសហ្វីលីពីនឡើយ។
លោកបានមានប្រសាសន៍ទៀតថា វិធានការនេះមានគោលបំណងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការពង្រីកពាណិជ្ជកម្មអន្តរជាតិ និងជួយសម្រេចបាននូវសន្តិសុខស្បៀងជាមួយសមភាគីរបស់ខ្លួន។
លោករដ្ឋមន្ត្រីបានបន្តថា ពង្រីកការនាំចូលអង្ករជាមួយប្រទេសផ្សេងទៀត ដែលមិនចាំបាច់ជាអ្នកជិតខាងជិត គឺដើម្បីស្មារតីពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការពិភពលោក។
ចំណែកប្រទេសប៉ាគីស្ថាន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំចូលទំនិញពីប្រទេសហ្វីលីពីន មានដូចជាដូង សារាយសមុទ្រ ត្រី និងទំនិញកសិកម្មផ្សេងទៀត។
កាលពីដើមខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានប្រកាសថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។
ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំហ្វីលីពីន បានបង្ហាញថា ការនាំចូលអង្ករនៅក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះពី៤,៨លានតោន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៣លានតោន។
លោកក៏បានបញ្ជាក់ផងដែរថា ពន្ធអង្ករនាំចូលត្រូវបានដំឡើងដល់២០ភាគរយ ដោយការដំឡើងនេះនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ៕










