ដោយ ឡុង សារេត
ភ្នំពេញ៖ កសិករដាំឆៃថាវនៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីការធ្លាក់ថ្លៃក្នុងរដូវប្រមូលផលដោយសារពួកគាត់ជួបប្រទះនឹងការប្រៃប្រួលតម្លៃជាងពាក់កណ្តាល នៅដើមឆ្នាំ២០២៦នេះ។
កសិកររស់នៅសង្កាត់អង្គរធំ ខេត្តសៀមរាប បាននិយាយថា រហូតដល់ចុងខែមករា ឆ្នាំ២០២៦នេះ មើមឆៃថាវរបស់បានធ្លាក់ចុះតម្លៃពី១ ០០០រៀល មកនៅត្រឹម៤០០រៀល ក្នុងមួយគីឡូក្រាម ដូច្នេះធ្វើឱ្យកសិករមានការព្រួយបារម្ភជាខ្លាំងបើប្រៀបធៀបទៅនិងឆ្នាំមុនៗ។
លោក ធឿន វុទ្ធី អ្នកសម្របសម្រួលទីផ្សារដល់កសិករដាំឆៃថាវនៅសង្កាត់ខាងលើ បានឱ្យដឹងថា កសិករចាប់ផ្តើមដាំដុះឆៃថាវ នៅក្នុង ខែវិច្ឆិកាឆ្នាំ២០២៥ នៅលើផ្ទីសរុបជិត៣០០ហិកតា (រួមនិងដំណាំផ្សេងៗ) និងបានប្រមូលផលនៅចុងខែធ្នូ ឆ្នាំ២០២៥ ហើយនៅក្នុងរដូវកាលប្រមូលផលបានប៉ុន្មានថ្ងៃដំបូងៗ កសិករលក់បានថ្លៃប្រមាណ ១០០០រៀលក្នុងមួយគីឡូក្រាម តែនៅថ្ងៃក្រោយបន្ទាប់ តម្លៃមើមឆៃថាវ បានធ្លាក់ចុះមកនៅត្រឹម៤០០រៀល រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។
បើតាម ធឿន វុទ្ធី, មូលហេតុដែលនាំឱ្យតម្លៃឆៃថាវ របស់កសិករធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្លៃកន្លងទៅនេះឈ្មួញប្រាប់ថាមកពីការផ្គត់ផ្គង់នៅលើទីផ្សារមានច្រើនធ្វើឱ្យកកស្ទះ។ ប៉ុន្តែនៅពេលលោកធ្វើការសិក្សានៅតាមផ្សារមួយចំនួននៅក្នុងខេត្ត ឃើញថាតម្លៃមើមឆៃថាវ លក់ចេញមានតម្លៃចន្លោះពី២៥០០ ទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម។ ពីនេះសម្រាប់អាជីវករលក់បោះដុះ អាចលក់បានថ្លៃជាង១០០០រៀល ហើយកន្លែងខ្លះទៀតលក់បានលើសពី២០០០រៀល ក្នុងមួយគីឡូក្រាម។
ទន្ទឹមនិងតម្លៃឆៃថាវធ្លាក់ថ្លៃមកនៅត្រឹម៤០០រៀល ក្នុងមួយគីឡូក្រាម, ធឿន វុទ្ធី បានលើកថា តម្លៃឆៃថាវ៤០០រៀលនេះ បើកាត់ចំណាយផ្សេងៗអស់ កសិករដែលជាអ្នកប្រកបរបរដាំឆៃថាវនៅក្នុងតំបន់ មិនទទួលបានប្រាក់ចំណេញនោះទេ តែបើលក់បានថ្លៃ៦០០រៀល កសិករអាចនៅរកបានប្រាក់ចំណេញតិចតួច នៅក្នុងមួយរដូវកាលនេះ ហើយនៅក្នុងពេលសព្វថ្ងៃនេះ កសិករប្រមូលផលបានប្រមាណពី២០ ទៅ៣០ភាគរយនៃផ្ទៃដីដាំដុះសរុប។
បើតាមលោក ធឿន វុទ្ធី ស្ថិតក្នុងកាលៈទេសៈ មើមឆៃថាវរបស់កសិករលក់បានថ្លៃថោក លោកបានអំពាវនាវនៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋជួយទិញឆៃថាវរបស់កសិករ។ តួយ៉ាងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានទាក់ទងឈ្នួញឱ្យជួយទិញឆៃថាវបានប្រមាណពីរតោន។
ស្ថិតស្ថានភាពផលិតផលធ្លាក់ថ្លៃក្នុងរដូវប្រមូលផលដូច្នេះ លោក ធឿន វុទ្ធី បានសំណូមដល់ប្រជាពលរដ្ឋក្នុងស្រុកឱ្យគាំទ្រ និងជួយបំផុសឱ្យទីផ្សារកសិផលរបស់ខ្មែរឱ្យមានតម្លៃសមរម្យដើម្បីអាចឱ្យកសិកររកប្រាក់ចំណេញបានក្នុងនាមជាអ្នកផលិត និងជាអ្នកបង្កបង្កើនផល និងបានអំពាវនាវដល់ឈ្មួញកណ្តាលគួរបញ្ជាទិញពីកសិករយកទៅផ្គត់ផ្គង់នៅតាមគោលដៅ ដោយកុំបន្ទាបតម្លៃកសិផលរបស់កសិករពេក។ បើធ្វើឱ្យកសិករជួបបញ្ហា លុះចូលដល់រដូវកាលបន្ទាប់ ពួកគាត់អាចនិងនាំគ្នាផ្អាការដាំឆៃថាវ ព្រោះទិន្នផលមានហើយបែរជាលក់មិនបានប្រាក់ចំណេញ៕






