កសិករនៅស្រុកមោងឫស្សីអំពាវនាវដល់ផ្សារទំនើបៗឱ្យជួយប្រមូលទិញផ្លែម្នាស់ ដើម្បីកាត់បន្ថយការខាតបង់

1000022161-768x402

ដោយ នៅ ស៊ីវុត្ថា

បាត់ដំបង៖ កសិករ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បានអំពាវនាវ ឱ្យម្ចាស់ផ្សារទំនើបនានាដែលមានការលក់ផលិតផលកសិកម្ម រួមជាមួយនឹងអាជីវករផ្សេងទៀត ឱ្យជួយទិញផ្លែម្នាស់របស់ខ្លួន បន្ទាប់ពីជួបវិបត្តិទីផ្សារ និងគ្មានការបញ្ជាទិញពីអតិថិជន។

លោក ហាក់ សុងឌី កសិករដាំម្នាស់មួយរូបនៅកស្រុកមោងឬស្សី បានថ្លែងប្រាប់ទូរទស្សន៍ ARDB ថា សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ លោកបានជួបប្រទះបញ្ហាប្រឈមវិបត្តិទីផ្សារ គ្មានការបញ្ជាទិញពីអថិតិជន ដែលបណ្តាលឱ្យផ្លែម្នាស់មួយចំនួនមានការខូចខាត។

លោកបន្តថា ដូច្នេះ លោកក៏សម្រេចចិត្តអំពាវនាវដល់ម្ចាស់ផ្សារទំនើប និងអតិថិជនផ្សេងទៀតជួយទិញ និងកុំឱ្យលោកមានការខាតបង់បន្តទៀត ជាពិសេសអាចឱ្យលោកមានលទ្ធភាពដាំដុះនៅឆ្នាំបន្តបន្ទាប់ទៀត ។

លោកបន្តថា លោក បានដាំម្នាស់ក្នុងទំហំដីប្រមាណ៣ ហិកតា  ដែលសរុបជាផ្លែជាង១០ម៉ឺនផ្លែ ក្នុងពេលប្រមូលផលម្តងៗ ប៉ុន្តែសម្រាប់នេះ ផ្លែម្នាស់បានទុំជោ បណ្តាលឱ្យមានការខូចខាតជាច្រើនហើយបើគ្មានការបញ្ជាទិញពីអតិថជនផ្លែម្នាស់ទាំងអស់នឹងទទួលរងនូវការខូចខាត ។

លោកបន្ថែមទៀតថា ទោះជាយ៉ាងណាក្រោយមានការអំពាវនាវរបស់លោកតាមបណ្តាញសង្គម ក៏មានតំណាងម្ចាស់ផ្សារទំនើបជីពម៉ុងបានទាក់ទងមកជួយទិញ ។លើសពីនេះទៀត ក៏មានប្រជាពលរដ្ឋជួយទិញជាហូរហែ និងជាបន្តបន្ទាប់ ដែលអាចឱ្យលោក មិនមានការខាតបង់ច្រើន។

ស្រុកមោងឬស្សី គឺជាតំបន់កសិកម្មសំខាន់មួយរបស់ខេត្តបាត់ដំបង ដែលល្បីឈ្មោះពីការដាំដំណាំស្រូវ បន្លែ និងជាពិសេស ដំណាំម្នាស់។ ដោយសារតែដីមានជាតិខ្សាច់លាយល្អ និងប្រព័ន្ធទឹកសមស្រប ម្នាស់នៅទីនេះមានរសជាតិផ្អែម ក្លិនឈ្ងុយ និងទទួលបានការទាក់ទាញពីទីផ្សារក្នុងស្រុក។

ជាងនេះតៀត ម្នាស់មោងឬស្សីត្រូវបានគេស្គាល់ថា ផ្លែធំ សាច់ច្រើន ផ្អែម សមស្របទាំងលក់ផ្ទាល់ និងកែច្នៃ ។

ទោះជាយ៉ាងណា អ្នកជំនាញផ្តល់អនុសាសន៍ឱ្យកសិករ ចូលរួមសហគមន៍, ប្រើ បច្ចេកវិទ្យាថែទាំទំនើប, និងភ្ជាប់ទៅ ទីផ្សារកិច្ចសន្យា ដើម្បីធានាតម្លៃ និងចំណូលមានស្ថិរភាព៕


photo_2026-03-16_13-45-24 (2)
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសណូវែលហ្សេឡង់

ណូវែលហ្សេឡង់៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅ  ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយតំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសណូវែលហ្សេឡង់។ ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាមធនាគារអភិវឌ្ឍន៍កសិកម្មដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖ • ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។ • ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញតំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។ • ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញការចែករំលែកព័ត៌មាន បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរឱ្យកាន់តែរឹងមាំ […]

image_2026-03-16_09-51-02
ការដឹកជញ្ជូនបន្លែផ្លែឈើទៅកាន់ទីក្រុងឌូបៃ ត្រូវអាក់ខានដោយសារសង្គ្រាមអ៊ីរ៉ង់

ប៉េកាំង៖ សង្គ្រាមអ៊ីរ៉ងកំពុងបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា និងបន្តរំខានដល់ការដឹកជញ្ជូនក្នុងតំបន់ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ទីផ្សារផលិតផលស្រស់របស់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដែលជាវិស័យមួយពឹងផ្អែកភាគច្រើនលើការនាំចូលពីបរទេស។ ប្រភពពីឧស្សាហកម្មបន្លែផ្លែឈើ បានរាយការណ៍ថា អាជីវកម្មនាំចូលរបស់ប្រទេសអេមីរ៉ាត អារ៉ាប់រួម កំពុងស្វែងរកផ្លូវដឹកជញ្ជូនផ្សេង ដើម្បីរក្សាការផ្គត់ផ្គង់ ព្រោះការពន្យារពេលនេះនៅតែបន្តអូសបន្លាសដោយសារសង្គ្រាម។ ការផ្គត់ផ្គង់ផលិតផលស្រស់មកកាន់ទីក្រុងឌូបៃ ត្រូវពឹងផ្អែកលើការនាំចូលតាមសមុទ្រមកកាន់ផ្សារបន្លែ និងផ្លែឈើនិងបន្លែ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងស្ថានភាពបែបនេះ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិជាច្រើនបានដូរផ្លូវនាំចូលតំបន់មជ្ឈិមបូព៌ា។ ដោយសារកប៉ាល់ជាច្រើនបានចាកចេញមុនពេលផ្ទុះសង្គ្រាម កុងតឺន័រទូរទឹកកក ដែលផ្ទុកផលិតផលស្រស់ៗ កំពុងតែព្យាយាមឆ្លងកាត់តំបន់ជម្លោះ។ ការរំខានដល់ការដឹកជញ្ជូនបានបង្ខំកប៉ាល់មួយចំនួនត្រូវបោះយុថ្ការងចាំនៅក្នុងលំហសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនអាចចូលចតបានតាមការគ្រោងទុកឡើយ។ សម្រាប់ផលិតផលស្រស់ៗឆាប់ខូច បានក្លាយជាកង្វល់របស់ខ្សែសង្វាក់ផ្គត់ផ្គង់។ គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កប៉ាល់មួយចំនួន ដែលដឹកផលិតផលស្រស់ៗនាំចូលពីប្រទេសចិន បានចាប់ផ្តើមបង្វែរទៅកាន់កំពង់ផែក្បែរៗនោះ ដើម្បីចូលទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ ចំណែកកប៉ាល់ខ្លះកំពុងដាក់ទំនិញចុះនៅកំពង់ផែផ្សេង ហើយបន្តដឹកជញ្ជូនតាមផ្លូវគោកទៅកាន់ទីក្រុងឌូបៃ ខណៈកប៉ាល់ខ្លះទៀតកំពុងដឹកជញ្ជូនតាមកំពង់ផែ ក្នុងប្រទេសអូម៉ង់ និងកំពង់ផែរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ទូកុងតឹន័រខ្លះទៀតត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅកំពង់ផែក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីរង់ចាំការសម្របសម្រួលបន្ថែមទៀត។ ប្រធានតំណាងចែកចាយផលិតផលស្រស់ៗប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់កំពុងតាមដានព័ត៌មានថ្មីៗពីកំពង់ផែ និងពីក្រុមហ៊ុនដឹកជញ្ជូន ដើម្បីកែសម្រួលផែនការដឹកជញ្ជូន។ លោកស្រីបាននិយាយថា ស្ថិតក្នុងស្ថានភាពនេះ ច្រកចុងក្រោយនៃការលើកដាក់ទំនិញត្រូវបានកំណត់តែនៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ ដែលតម្រូវឱ្យដឹកជញ្ជូនតាមផ្លូវគោក។ ជាពិសេសនៅកំពង់ផែ ដែលមានថាមពលសម្រាប់រក្សាសីតុណ្ហភាពទូត្រជាក់ឱ្យមានស្ថេរភាពល្អ។ ការត្រួតពិនិត្យជាបន្តចំពោះស្ថានភាពកំពង់ផែ និងកុងតឺន័រ […]

photo_2026-02-27_17-45-43
ក្រុមហ៊ុនឈានមុខមួយកំពុងពង្រីកខ្សែសង្វាក់ផលិតទឹកដោះគោប្រអប់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យលើការកែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ទាំងនៅក្នុងស្រុក និងការនាំចេញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Ly Ly Food Industry ដែលជាក្រុមហ៊ុនឈានមុខគេមួយរបស់កម្ពុជា កំពុងពង្រីកខ្សែសង្វាក់ផលិតិកម្ម ផលិត “ទឹកដោះគោប្រអប់”សម្រាប់ចែកចាយនៅក្នុងទីផ្សារក្នុងប្រទេសបន្ថែមទៀត។ លោកជំទាវឧកញ៉ាបណ្ឌិតកែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត បានថ្លែងប្រាប់ទូរទស្សន៍អនឡាញ ARDB ឱ្យដឹងថា ក្រុមហ៊ុនបាននឹងពង្រីកខ្សែសង្វាក់ផលិតកម្មបន្ថែមទៀត ដោយការផលិតទឹកដោះគោប្រអប់ និងខ្សែសង្វាក់ផលិតផលជាច្រើនមុខផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។ លោកជំទាវឧកញ៉ាបណ្ឌិតបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំឡើងម៉ាស៊ីនផលិតទឹកដោះគោប្រអប់ ប៉ុន្តែមិនទាន់បញ្ចប់នៅឡើយទេ ដោយសារតែម៉ាស៊ីនមួយចំនួនទៀត មិនទាន់ដឹកមកដល់ប្រទេសកម្ពុជា។ បើតាមលោកជំទាវ ឧកញ៉ាបណ្ឌិត ម៉ាស៊ីនទំាងនោះអាចនឹងមកដល់កម្ពុជានៅចុងខែនេះ។ ដូច្នេះ អាចពាក់កណ្តាលខែមិថុនា ទើបអាចផលិតចេញជាផលិតផលសម្រាប់ផ្គត់ផ្គងទីផ្សារ។ លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តពង្រីកផលិតកម្មផលិតទឹកដោះគោប្រអប់នេះ បន្ទាប់ពីក្រុមហ៊ុនមើលឃើញមានតម្រូវនៅក្នុងទីផ្សារក្នុងស្រុកកើនឡើង ក្រោយពីការេបិទព្រំដែនកម្ពុជា-ថៃ ដែលមិនអាចនាំចូលមកកាន់កម្ពុជាបាន។ ក្រុមហ៊ុនលីលីហ្វូត ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០២ ដោយលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ដើម្បីផលិតនំកែច្នៃ ដែលមានគុណភាពជាយីហោរបស់ខ្មែរសម្រាប់ចែកចាយនៅក្នុងទីផ្សារនៅក្នុងស្រុក និងការនាំចេញ។ […]

image_2026-03-12_10-00-21
ភូមាផលិតអំបិលត្រឹមតែ១៧០ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារអាកាសធាតុមិនសូវល្អ

ណៃពិដោ៖ មន្ត្រីឧស្សាហកម្មផលិតអំបិលនៃតំបន់ អៃយ៉ាវ៉ាឌី (Ayeyawady) ប្រទេសភូមា បាននិយាយថា ទិន្នផលអំបិលនៅឆ្នាំ២០២៥-២០២៦ នឹងមានបរិមាណត្រឹម១៧០ ០០០តោន ព្រោះអាកាសធាតុមិនសូវអំណោយផលល្អដូចឆ្នាំមុន។ លោកបានមានប្រសាសន៍ថា ផ្ទៃដីស្រែនៅតំបន់ អៃយ៉ាវ៉ាឌី មានទំហំសរុបជាង១៩ ៣២០ហិកតា សម្រាប់ផលិតអំបិលនៅក្នុងឆ្នាំនេះ បន្ទាប់ពីបានចាប់ផ្តើមផលិតនៅក្នុងខែតុលា ឆ្នាំ២០២៥ ហើយប្រមូលផលដំបូងបានចាប់ផ្តើមតាំងពីខែមករា ២០២៦នេះ។ បើយោងតាមមន្ត្រីឧស្សាហកម្មអំបិលនៅក្នុងតំបន់ខាងលើនេះ ការព្យាករណ៍អាកាសធាតុបង្ហាញពីខ្យល់មូសុងវស្សាបានចូលមកដល់លឿនជាងបណ្តាឆ្នាំមុនៗ ហើយគេរំពឹងថា នឹងផលិតផលអំបិលមិនបានច្រើនឡើយនៅឆ្នាំ២០២៦នេះ។ ប៉ុន្តែសោយសារចំនួនកសិករផលិតអំបិលបានកើនឡើង បើធៀបនឹងបណ្តាឆ្នាំមុនៗ ដូច្នេះអាចជួយប៉ះប៉ូវបានខ្លះចំពហានិភ័យផលិតកម្មមួយចំនួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សីតុណ្ហភាពឡើងកំដៅខ្លាំងនៅតំបន់អៃយ៉ាវ៉ាឌីបានផ្តល់អំណោយផលដល់ដំណើរការផលិតអំបិលរបស់កសិករភូមា អាចផលិតបានរហូតដល់២០០ ០០០តោន។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែលក្ខខណ្ឌអាកាសធាតុបមិនសូវល្អធ្វើឱ្យទិន្នផលអំបិលនៅឆ្នាំនេះទទួលបានតិចជាងឆ្នាំមុន។ កសិករផលិតអំបិល បានលើកឡើងថា ការផលិតអំបិលនៅពេលនេះកំពុងជួបការលំបាកខ្លះ ដោយសារឥទ្ធិពលអាកាសធាតុចុះត្រជាក់។ លើសពីនេះ សីតុណ្ហភាពត្រជាក់នៅពេលព្រឹក និងពេលល្ងាច រួមផ្សំជាមួយនឹងកម្តៅព្រះអាទិត្យមិនគ្រប់គ្រាន់ ធ្វើឱ្យមេអំបិលមិនអាចកកបានដូចក្រៅកម្តៅខ្លាំងឡើយ។ នៅក្នុងតំបន់ អៃយ៉ាវ៉ាឌី កសិករភូមាផលិតអំបិលដោយហាលនៅក្រោមកម្តៅព្រះអាទិត្យ ដោយចាប់ផ្តើមនៅចន្លោះសប្តាហ៍ទីពីរនៃខែមីនា និងសប្តាហ៍ទីមួយនៃខែឧសភា ដែលជាក្តៅរដូវក្តៅខ្លាំង ប៉ុន្តែការប្រែប្រួលអាកាសធាតុធ្វើឱ្យខ្យល់មូសុងវស្សាឆាប់ចូលមកដល់ជាងបណ្តាឆ្នាំមុនៗ។ កសិករម្នាក់បាននិយាយថា ប្រសិនបើអាកាសធាតុមិនប្រែប្រួលខ្លាំងទេ​ រដូវផលិតអំបិលរបស់ប្រទេសភូមាមានរយៈពេលពេលប្រហែលប្រាំពីរខែក្នុងមួយឆ្នាំ​។ ប្រពៃណីអំបិលផលិតដោយកម្តៅព្រះអាទិត្យនៅក្នុងប្រទេសភូមា ត្រូវបានចាប់តាំងពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៤ […]

កាលវិភាគផ្សព្វផ្សាយ