កង់បេរ៉ា៖ អ្នកដំាដំណាំហូបផ្លែនៅភាគខាងជើងប្រទេសអូស្ត្រាលី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុញ្ញាតឱ្យមានការនាំចូលផ្លែក្រូចថ្លុងពីប្រទេសវៀតណាម ដែលអាចដាក់សម្ពាធលើទីផ្សារ និងប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសអូស្ត្រាលី កាលពីឆ្នាំមុនបានផ្តល់យោបល់ឱ្យមានការនាំចូលផ្លែក្រូចថ្លុងពីប្រទេសវៀតណាម ដោយត្រូវអនុវត្តតាមតម្រូវការសុវត្ថិភាពជីវសាស្ត្រ។ ទោះបីជាយ៉ាងណា សំណើនេះបានជំរុញឱ្យមានការឆ្លើយតបពីអ្នកដាំដុះនៅដែនដីភាគខាងជើង ដែលមានការផលិតក្រូចថ្លុងដូចគ្នាដែរ។
អ្នកគ្រប់គ្រងកសិដ្ឋានក្រូចថ្លុងនៅតំបន់ជុំវិញទីក្រុង ដាវីន (Darwin) បាននិយាយថា ការកើនឡើងនៃការនាំចូលផ្លែក្រូចថ្លុងនេះ អាចធ្វើឱ្យក្រូចក្នុងស្រុកធ្លាក់ថ្លៃ និងខូចទឹកចិត្តអ្នកដាំដុះដូចគ្នា នៅក្នុងប្រទេសអូស្ត្រាលី។
លោកបាននិយាយថា «យើងព្រួយបារម្ភថា ការនាំចូលផ្លែក្រូចថ្លុងពីប្រទេសវៀតណាមនឹងជន់ពន្លិចឧស្សាហកម្មដាំដុះរបស់យើង»។
យោងតួលេខនៃឧស្សាហកម្មក្រូចអូស្ត្រាលី ឆ្នាំ២០២៣ បានប៉ាន់ប្រមាណថា ការផលិតផ្លែក្រូចថ្លុងប្រចាំឆ្នាំរបស់អូស្ត្រាលី មានបរិមាណប្រហែល១ ០០០តោន នៅក្នុងរដ្ឋ ហ្វាណដ ឃ្វីនឡែន (Far North Queensland) រដ្ឋញូវសោទ វ៉េល (New South Wales) និងរដ្ឋវិចតូរីយ៉ា (Victoria) រដ្ឋសោត អូស្ត្រាលី រីវើឡែន (South Australian Riverland) និងរដ្ឋណរឌើន ធើរីតធើរី (Northern Territory)។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា អូស្ត្រាលីបាននាំចូលផ្លែក្រូចថ្លុង ជាង៣ ៨០០តោនពីសហរដ្ឋអាម៉េរិក, អ៊ីស្រាអែល, អេស្ប៉ាញ និងពីប្រទេសនូវែលសេឡង់ ក្នុងចន្លោះឆ្នាំ២០១៥ និង២០២៤ ខណៈផលិតផលផ្លែក្រូចថ្លុងរបស់វៀតណាម ត្រូវបានគេរាយការណ៍ថា មានជិត១លានតោន កាលពីឆ្នាំ២០២២។
អ្នកគ្រប់គ្រងកសិដ្ឋានក្រូចថ្លុងរូបនេះ បាននិយាយទៀតថា ចំណែកអ្នកផលិតផ្លែស្រកានាគក្នុងប្រទេសអូស្ត្រាលី កាលក្នុងឆ្នាំ២០១៧ ក៏ជួបការលំបាកដោយការនាំចូល ហើយបានសម្តែងការព្រួយបារម្ភថា លក្ខខណ្ឌទីផ្សារស្រដៀងគ្នានេះ ឥឡូវអាចប៉ះពាល់ផ្លែក្រូចថ្លុងម្តង។
លោកបានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា វាមិនដូចឧស្សាហកម្មផ្លែស្រកានាគទៅចុះ ដែលមានការនាំចូលច្រើនពេកស្ទើរតែនាំឱ្យមានការដួលរលំនៃឧស្សាហកម្មនៅទីនេះ»។
អ្នកដាំផ្លែស្រកានាគនៅទីក្រុងដាវីន ក៏ព្រួយបារម្ភចំពោះផលប៉ះពាល់នៃការនាំចូលលើវិស័យនេះផងដែរ។ លោកស្រីបាននិយាយថា «យើងពឹងលើទីផ្សារក្នុងស្រុក ដោយសារនាំចូលច្រើនពេកធ្វើឱ្យកសិដ្ឋានមួយបានបិទទ្វារ នៅរដ្ឋ ណរឌើន ធើរីតធើរី ហើយយើងជាអ្នកដាំតែម្នាក់គត់នៅតំបន់នេះ»។
លោកស្រីបន្ថែមថា «វាពិបាកណាស់សម្រាប់អ្នកដាំដើម្បីប្រកួតប្រជែងជាមួយអ្នកនាំចូល ព្រោះពួកគេនាំចូលមកលក់កក្នុងតម្លៃថោកជាង ហើយយើងមិនអាចប្រកួតប្រជែងបានទេ»។
ឧស្សាហកម្មផ្លែក្រូចអូស្ត្រាលី ធ្លាប់បានពណ៌នាការនាំចូលក្រូចថ្លុងពីវៀតណាម ជា «ហានិភ័យជីវសុវត្ថិភាព ដែលមិនអាចទទួលយកបាន» លុះត្រាតែមានវិធានការរឹងមាំ ប៉ុន្តែចាប់តាំងពីពេលនោះមកបានសម្របសម្រួលជំហររបស់ខ្លួន បន្ទាប់ពីបានពិភាក្សាជាមួយក្រសួងកសិកម្ម។
នាយកប្រតិបត្តិផ្នែកឧស្សាហកម្មក្រូវ លោក ណាថាន ហែនខុក (Nathan Hancock) បាននិយាយថា ស្ថាប័នរបស់លោកចង់ឱ្យមានការត្រួតពិនិត្យបច្ចេកទេសលម្អិតបន្ថែមទៀត នៅពេលចាប់ផ្តើមដំណើរការនាំចូល។ លោកមានប្រសាសន៍ថា «យើងមានអារម្មណ៍ថា ក្រសួងបានដឹងពីក្តីកង្វល់របស់យើង ហើយយើងសង្ឃឹមថា គេនឹងកាត់បន្ថយការនាំចូល និងទទួលុកអនុសាសន៍មួយចំនួនរបស់យើង»។
លោកបានបន្ថែមថា ខណៈពេលក្តីព្រួយបារម្ភជុំវិញសម្ពាធទីផ្សារ ការនាំចូល គឺជាផ្នែកមួយនៃទំនាក់ទំនងពាណិជ្ជកម្មសេរី។ លោកបានមានប្រសាសន៍ថា «ឧស្សាហកម្មផ្លែក្រូច គឺជាឧស្សាហកម្មមួយ ដែលទទួលបានអត្ថប្រយោជន៍ច្រើនពីការនាំចេញដោយខ្លួនយើង និងស្ថិតក្នុងការរៀបចំពាណិជ្ជកម្មសេរី។ យើងត្រូវតែទទួលយកការកើនឡើង និងការធ្លាក់ចុះ»៕











