ដោយ ឡុង សារេត
តាកែវ៖ ក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ីកំពុងចាប់អារម្មណ៍ដាក់ទុនវិយោគលើវិស័យកសិកម្មនៅខេត្តតាកែវ ដោយដាំដំណាំហូបផ្លែជាច្រើនមុខ ដើម្បីនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប និងដៃគូរសហការជាច្រើន នៅលើសកលលោក។
យោងតាមមន្ទីរព័ត៌មានខេត្តតាកែវ បានឱ្យដឹងថា ក្នុងជំនួបសំណេះសំណាលជាមួយអ្នកវិនិយោគម៉ាឡេស៊ី កាលពីពេលថ្មីៗកន្លងមកនេះ, ឯកឧត្តម វ៉ី សំណាង វ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវជាខេត្តផលិតស្រូវធំជាងគេលំដាប់លេខ៣ បន្ទាប់ពីខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយមានផ្ទៃដីកសិកម្មសរុបជាង២៦ម៉ឺនហិកតា ក្នុងនោះមានផ្ទៃដីសម្រាប់ធ្វើស្រែវស្សាមាន១៨ម៉ឺនហិកតា ផ្ទៃដីសម្រាប់ធ្វើស្រែប្រាំងចំនួនប្រាំបីម៉ឺនហិកតា និងផ្ទៃដីសម្រាប់ដាំដំណាំផ្សេងៗមាន៤ ០០ហិកតា។
ផ្ទៃដីស្រូវរដូវវស្សាមានលទ្ធភាពអាចដាំដុះបានមានជាង២២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីអាចធ្វើការដាំដុះបានពីររដូវ មានជាង៧០ ០០០ហិកតា។ ផ្ទៃដីស្រូវរដូវប្រាំងមានលទ្ធភាពអាចដាំដុះបានជាង ១១ម៉ឺនហិកតា ចំណែកផ្ទៃដីខ្លះអាចដាំដុះបានពីរដង ផ្តល់ទិន្នផលមធ្យមជាងប្រាំតោនក្នុងមួយហិកតា។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា នៅខេត្តតាកែវមានការចិញ្ចឹមសត្វ ក្នុងនោះកសិដ្ឋានចិញ្ចឹមគោ មាន១១កន្លែង កសិដ្ឋានចិញ្ចឹមជ្រូកមាន៥៨កន្លែង កសិដ្ឋានចិញ្ចឹមបក្សីមាន៣៥កន្លែង, ឡភ្ញាស់ពងទាមាន៧៤ឡ។
ខេត្តតាកែវ ក៏មានផលិតផលកសិកម្មល្បីឈ្មោះចំនួនពីរ គឺបង្កងទឹកសាប និងពងទាកូន ហើយក្នុងនោះសម្រាប់បង្កងទឹកសាបត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដោយក្រសួងពាណិជ្ជកម្ម ការប្រមូលទិន្នផលបង្កងក្នុង មួយឆ្នាំ បានចំនួន៧៥ តោន គិតជាតម្លៃនៃចំណូលសេដ្ឋកិច្ចស្មើប្រមាណ២,៦លានដុល្លារ។ ចំណែកពងទាកូនខេត្តតាកែវ មានឲ្យភ្ញាស់ពងទាកូនចំនួន៧៦ឡ នាំចេញសរុបក្នុងមួយថ្ងៃបានជាង១៥ម៉ឺនគ្រាប់ និងមួយឆ្នាំសរុបមានជាង៥៦លានគ្រាប់ ស្មើនិងប្រមាណ ៩,៨លានដុល្លារ។
ឆ្លើយតបនិងការលើកឡើងរបស់ឯកឧត្តម វ៉ី សំណាង , តំណាងក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី សន្យាថានឹងដឹកនាំក្រុមការងារជំនាញរបស់ក្រុមហ៊ុនចុះមកពិនិត្យដោយផ្ទាល់ ដើម្បីត្រៀមរៀបចំបណ្ដាក់ទុននៅភូមិសាស្រ្តខេត្តតាកែវ នាពេលឆាប់ៗខាងមុខនេះ៕








