ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ពេញចិត្តចំពោះការចុះបញ្ជីផ្ទះត្រចៀកកាំថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ

618625195_1269387945001517_8801577029802709925_n

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា ផ្ទះត្រចៀកកាំកម្ពុជាជិត១ ០០០កន្លែង ត្រូវបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលក្នុងនោះ ក្រសួងបានជ្រើសរើសផ្ទះចំនួនប្រាំមួយកន្លែង ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសម្បុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២៦។

លោកឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានសម្តែងការពេញចិត្តចំពោះការចុះបញ្ជីផ្ទះត្រចៀកកាំទាំងនេះថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

នៅដើមឆ្នាំថ្មី២០២៦នេះ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុកធាន រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំ ជាផ្លូវការទៅកាន់ទីផ្សារចិនបានហើយ ស្របពេលសម្បុកត្រចៀកកាំមានតម្លៃមួយល្អ គឺមានការឡើងថ្លៃប្រមាណ២០ភាគរយ ដោយសារតែទីផ្សារ ជាពិសេសអំឡុងពេលជិតបុណ្យចូលឆ្នាំប្រពៃណីចិន ជិតចូលមកដល់ ហើយតម្រូវការមានខ្ពស់ជាងធម្មតា។

អគ្គនាយកដ្ឋានគយចិន បានចេញសេចក្តីជូនដំណឹង​អនុញ្ញាតឱ្យ​កម្ពុជាអាចនាំចូលសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ប៉ុន្តែគិតមកទល់ពេលនេះ កម្ពុជាមិនទាន់អាចនាំចេញទៅកាន់ទីផ្សារចិនបាននៅឡើយទេ។

ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ ARD TV កាលពីថ្ងៃទី១៤ ខែ​​មករា ឆ្នាំ២០២៦នេះថា មកដល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០-៧ ០០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។

ប្រធានសមាគមត្រចៀកកាំខ្មែរ បានថ្លែងថា តម្លៃសម្បុកត្រចៀកកាំនាពេលនេះល្អប្រសើរដោយក្នុងនេះសម្បុកល្អលេខ១តម្លៃប្រមាណ៤៥០ ទៅ៥០០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុក​​ឆាកាប្រមាណ២៨០ ទៅ៣០០ដុល្លារ ក្នុងមួយគីឡូក្រាម។ ការឡើងតម្លៃនេះដោយសារកត្តាជាច្រើនដូចជាពិធីបុណ្យចូលឆ្នាំចិន ដែលមានតម្រូវការខ្ពស់ជាងពេលធម្មតា។

លោក ស៊ុយ កុកធាន  បានប្រាប់ថា ទីផ្សារធំនៃសម្បុកកាំកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេ។ សម្រាប់ទីផ្សារត្រចៀកកាំនេះដែរទីផ្សារធំទី២របស់កម្ពុជា គឺប្រទេសវៀតណាម។ ក្នុងប្រទេសវៀតណាមពេលនេះតម្រូវការក្នុងស្រុកមានច្រើន ម្ល៉ោះហើយត្រូវនាំចូលពីប្រទេសកម្ពុជាក៏ច្រើនផងដែរ។

លោកបានបញ្ជាក់ប្រាប់ថា នាពេលបច្ចុប្បន្នការចិញ្ចឹមសត្វត្រចៀកកាំមានស្ទើរពាសពេញក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមនេះខេត្តកោះកុងមានច្រើនជាងគេ គឺចាប់ពីស្រុកស្រែអំបិលទៅ។ ក្រៅពីនេះនៅតាមតំបន់ជុំវិញបឹងទន្លេសាប ដូចជាខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ក៏មានសន្ទុះការចិញ្ចឹមកើនឡើងផងដែរ។

លោកឱ្យដឹងបន្ថែមថា​ «ការចិញ្ចឹមសត្វត្រចៀកកាំ បើគេបានសិក្សាពីបច្ចេកទេស ត្រឹមត្រូវនោះមិនប្រឈមនឹងការខាតបង់ទេ ដោយក្នុងនេះនឹងអាចទទួលបានផលមកវិញក្នុងរយៈពេលប្រាំឆ្នាំ ទៅឬប្រាំមួយឆ្នាំ អាស្រ័យទៅលើការជ្រើសរើសទីតាំង។ ចំពោះអ្នកចេះជ្រើសរើសទីតាំង និងមានបច្ចេកទេសត្រឹមត្រូវ នឹងជួយឱ្យគាត់អាចរកចំណូលរួចដើមមកវិញលឿន  និងទទួលប្រាក់ចំណូញក៏ឆាប់រហ័សផងដែរ។

ក្នុងចំណោមអ្នកបរាជ័យវិញចាប់ពី៧០ ទៅ៨០ភាគរយ ដោយសារការមិនបានសិក្សាបច្ចេកទេសត្រឹមត្រូវ។ សម្រាប់ការសាងសង់ផ្ទះត្រចៀកកាំស្តង់ដាចាប់ពីប្រាំម៉ឺន ទៅជិតពីរសែនដុល្លារ។ អ្នកសាងសង់មិនស្របតាមស្តង់អាចចំណាយត្រឹមបីម៉ឺនដុល្លារ ឬតិចជាងនេះតែអត្រាទទួលផលក៏ តិចតួចទៅតាមនោះដែរ។

ប្រធានសមាគមត្រចៀកកាំកម្ពុជា បានប្រាប់ថា ផលិតកម្មសម្បុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិត​នៅខេត្តជាប់​មាត់​សមុទ្រ ដូចជា ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែសក្ដានុពល​សម្រាប់​​ការវិនិយោគបច្ចុប្បន្ន បាន​ប្ដូរ​មក​ខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញ​បឹង​ទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តព្រះ​វិហារ​វិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាង​សង់​ច្រើន​លើសលប់។ តាមការប៉ាន់ស្មាន កម្ពុជាមានសត្ថភាពផលិតសម្បុកត្រចៀកកាំបានប្រមាណ១០០តោន ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានគយចិន កាលពីអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង​អនុញ្ញាតឱ្យប្រទេសកម្ពុជា អាចនាំចូលសម្បុកត្រចៀកកាំ ដែលបំពេញតាមគ្រប់លក្ខខណ្ឌចូលទៅក្នុងទីផ្សារប្រទេសចិនបានជាផ្លូវការ។ ទោះបីជាយ៉ាងណា ការនាំចេញទៅកាន់ក្រៅប្រទេសនេះចាំបាច់ត្រូវគោរពតាមលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភាពផងដែរ៕


photo_2021-12-06_15-50-30-768x514
រដ្ឋបាលព្រៃឈើណែនាំម្ចាស់អគារសត្វត្រចៀកកាំត្រូវចេះគ្រប់គ្រងមិនឱ្យចម្លងមេរោគ និងចាក់សំឡេងខ្លាំងរំខានដល់អ្នកដទៃ

ដោយ រស្មី ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំមួយប្រាប់ដល់ម្ចាស់អគារសត្វត្រចៀកកាំ ត្រូវចេះគ្រប់គ្រងមិនឱ្យចម្លងមេរោគ និងចាក់បំពងសំឡេងហួសកម្រិតបង្កការរំខានណាមួយដល់អ្នកដទៃ។ យោងតាមសេចក្តីណែនាំខាងលើកបានឱ្យដឹងថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬអគារថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ ហេតុនេះម្ចាស់ទីតាំង ដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារត្រូវថែរក្សាសត្វត្រចៀកកាំ ដើម្បីធ្វើយ៉ាងណាការពារនូវហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោង ដើម្បីទាក់ទាញសត្វត្រចៀកកាំ អាចបង្កឱ្យមានការរំខាន ដល់អ្នកជិតខាង និងប៉ះពាល់ដល់សុខភាពសាធារណៈ។ សេចក្តីជូនដំណឹងដដែល បានណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជា លក្ខណៈគ្រួសារទាំងអស់ ត្រូវអនុវត្តស្របតាមអនុក្រឹត្យ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យ ការបំពុលខ្យល់ និងការរំខានដោយសំឡេង ដែលក្នុងនេះដូចជាតំបន់ទីតាំងស្ងៀមស្ងាត់។ ក្នុងសេចក្តីណែនាំនេះរដ្ឋបាលព្រៃឈើ បានកំណត់ទីតាំង ពេលវេលា និងកំណត់កម្រិតសំឡេង នីមួយៗផងដែរ ក្នុងនេះដូចជាតាមមន្ទីរពេទ្យ បណ្តាល័យ សាលារៀន មត្តេយ្យសាលា,តំបន់លំនៅឋាន,តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្មជាដើម។ ជាមួយគ្នានេះរដ្ឋបាលព្រៃឈើបានឱ្យអនុវត្តវិធានជីវសុវត្ថិភាព និងធ្វើអនាម័យនៅជុំវិញ និងខាងក្នុងទីតាំងថែរក្សាសត្វត្រចៀកកាំជាប្រចាំ។ ក្រៅពីនេះក៏ត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វត្រចៀកកាំមានជំងឺ ឬងាប់ ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើ […]

image_2026-03-12_08-30-26
ចិនដាក់ចេញផែនការយុទ្ធសាស្រ្តប្រចាំឆ្នាំ២០២៦ សម្រាប់កសិកររស់នៅតាមជនបទ

ប៉េកាំង៖​ សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំ ដោយផ្តោតលើអាទិភាពគោលនយោបាយសំខាន់ៗចំនួនបួន សម្រាប់ការអភិវឌ្ឍជនបទ និងក៏ដូចជាជួយដល់កសិករ ដែលប្រកបរបរកសិកម្ម។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ (Xinhua News Agency)  បានធ្វើសេចក្តីរាយការណ៍ថា ក្នុងចំណោមយុទ្ធសាស្រ្តចំនួនបួននេះ មានដូចជា ការកែលម្អទាំងសមត្ថភាព និងគុណភាពកសិករ, បង្កើនប្រសិទ្ធភាពនៃផលិតកម្មកសិកម្ម, ការអនុវត្តឱ្យបានតាមលក្ខណៈស្តង់ដារ, និងការលើកកម្ពស់កំណើនស្ថិរភាពនៃប្រាក់ចំណូលរបស់កសិករ។ គួរបញ្ជាក់ថា គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ចសំខាន់ៗសម្រាប់លើកកម្ពស់ការធ្វើទំនើបកម្មកសិកម្ម និងការអភិវឌ្ឍជនបទ។ ក្នុងផែនយុទ្ធសាស្ត្រឆ្នាំ២០២៥ ដែលត្រូវបានចេញផ្សាយដោយមជ្ឈិមបក្សកុម្មុយចិន បានកំណត់ភារកិច្ចសំខាន់ៗចំនួនប្រាំមួយចំណុច ដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្ម និងការរស់ឡើងវិញនៃកសិករនៅតាមទីជនបទ។ លោក ហាន វិនស៊ីវ (Han Wenxiu) អនុប្រធានប្រតិបត្តិនៃការិយាល័យគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុកណ្តាល និងជាប្រធានការិយាល័យក្រុមការងារសាកល្បងជនបទកណ្តាលរបស់ចិន បាននិយាយថា ខណៈពេលរក្សាបាននូវស្ថេរភាពទូទៅនៃរចនាសម្ព័ន្ធការងារ “កសិកម្ម ជនបទ និងកសិករ” ភារកិច្ចសំខាន់ៗសម្រាប់នៅឆ្នាំនេះ ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈថ្មី និងតម្រូវការថ្មី ដែលគេអាចនិយាយបានថា ភារៈកិច្ចសំខាន់ គឺការអនុវត្តប្រកបដោយប្រសិទ្ធភាព និងជួយដល់កសិករយ៉ាងពិតប្រាកដ។ លោកក៏បាននិយាយដែរថា “ភារកិច្ចសំខាន់ៗចំនួនបួន” រួមមានការកែលម្អសមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃផលិតកម្មកសិកម្មយ៉ាងទូលំទូលាយ; ការអនុវត្តការគាំទ្រ […]

image_2026-03-12_08-10-20
ឥណ្ឌូណេស៊ីរឹតបន្តឹងការត្រួតពិនិត្យលើផលិតផលត្រីនាំចូល

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី កំពុងពង្រឹងការត្រួតពិនិត្យលើក្រុមហ៊ុនបរទេស ដែលផ្គត់ផ្គង់ផលិតផលត្រីស្រស់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បានអះអាងថា ទីភ្នាក់ងាររបស់លោកស្រីបានចាប់ផ្តើមចុះបញ្ជីក្រុមហ៊ុនបរទេស ដើម្បីតាមដានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលជលផល។ លោកស្រីបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីដើមសប្តាហ៍នេះថា ការត្រួតពិនិត្យបែប ដើម្បីធានាថាផលិតផលចំណីអាហារធ្វើពីត្រី ដែលនាំចូលប្រទេសឥណ្ឌូណេស៊ី ត្រូវតែស្របតាមស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់។ លោកស្រីប្រធាន បានពន្យល់ទៀតថា ការត្រួតពិនិត្យត្រូវបានធ្វើឡើងតាមរយៈការវាយតម្លៃគុណភាព ការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការចុះបញ្ជីក្រុមហ៊ុនបរទេស ដែលផ្គត់ផ្គង់ផលិតផលត្រីស្រស់។ លោកស្រីបានសង្កត់ធ្ងន់ថា មានតែក្រុមហ៊ុនចុះបញ្ជីជាមួយក្រសួងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មផលិតផលនេសាទនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ការចុះបញ្ជីនេះ​មានលេខសម្គាល់គុណភាពទំនិញ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយអ្នកត្រួតពិនិត្យគុណភាពប្រចាំច្រកព្រំដែន ព្រមទាំងធានាថា គុណភាពចំណីអាហារត្រូវតែល្អតាំងផលិតផលដើមរហូតដល់ផលិតផលសម្រេច ដាក់លក់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ជាតិ។ លោកស្រីបានបន្ថែមថា ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បានកំណត់អត្តសញ្ញាណក្រុមហ៊ុនបរទេស ដែលទទួលបានសិទ្ធិនាំចូលផលិតផលនេសាទមកកាន់ប្រទេសឥណ្ឌូណេស៊ី តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (Mutual Recognition Arrangements) ជាមួយប្រទេសជាដៃគូ។ លោកស្រីបានរៀបរាប់លម្អិតថា បច្ចុប្បន្នប្រទេសចំនួនប្រាំពីរ បានចូលរួមមួយនៃគម្រោងនេះ រួមមានប្រទេសវៀតណាម មាន៨៤៩ក្រុមហ៊ុន) កូរ៉េខាងត្បូង […]

photo_2026-03-11_20-17-39
ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ (KAG) និងក្រុមអ្នកវិនិយោគ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ និងអ្នកវិនិយោគិន ស្តីពីការស្វែងរកមធ្យោបាយក្នុងការវិនិយោគរបស់ ក្រុមវារីវប្បករខ្មែរ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សារៀបចំយុទ្ធសាស្ត្រ និងស្វែងរកមធ្យោបាយក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យវារីវប្បកម្មផ្នែកត្រីក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកផ្នែកវារីវប្បកម្ម ព្រមទាំងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកវិនិយោគ សរុបប្រមាណ២០នាក់។ នៅកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញអំពីសាវតារបស់ក្រុមហ៊ុន ផេងហ្កាខ្វា ដែលនឹងត្រៀមប្រែក្លាយខ្លួនទៅជា ក្រុមវារីវប្បករខ្មែរ  ដែលជាក្រុមហ៊ុនសហគមន៍មួយបម្រើដល់ប្រជាកសិករខ្មែរ ដែលអាចបង្កើនការផ្គត់ផ្គង់ផលវារីវប្បកម្មផ្នែកត្រីក្នុងស្រុក ជំនួសការនាំចូលនាពេលអនាគត  និងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ក្នុងគោលបំណងធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយដោយមានការចូលរួមពី អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ធាតុចូល កសិករ និងអ្នកទទួលទិញចុងក្រោយ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់ក្រុមវារីវប្បករខ្មែរ ឱ្យមានការរៀបចំពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីក្លាយជាក្រុមហ៊ុនសហគមន៍មួយ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរពីការប្រកួតប្រជែងតម្លៃនៅក្នុងទីផ្សារ មកជាការប្រកួតប្រជែងបែបសហប្រតិបត្តិការ ព្រមទាំងសម្តែងឆន្ទៈខ្ពស់ក្នុងការបង្កើនគុណភាព កាត់បន្ថយថ្លៃដើមផលិតឱ្យមានតម្លៃសមរម្យ មានស្តង់ដាររួម និងទាំងអាចតភ្ជាប់តួអង្គទាំងអស់ក្នុងវិស័យវារីវប្បកម្មផ្នែកត្រីនេះ។ ជាចុងក្រោយឯកឧត្ដមបណ្ឌិតប្រតិភូក៏ បាន មានប្រសាសន៍ជំរុញឱ្យមានការបង្កើតជាសួនបន្លែធម្មជាតិនៅតាមឃុំនៃខេត្តនីមួយៗដើម្បីលក់ផលិតផលក្នុងស្រុករួមមាន៖ […]

កាលវិភាគផ្សព្វផ្សាយ