ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសអាល់ហ្សេរី ដើម្បីលើកកម្ពស់គុណភាពជី និងលទ្ធភាពទទួលបានជីសម្រាប់កសិករក្នុងស្រុក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀង តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខា នៅទីក្រុងអាល់ហ្សេរី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ រវាងមេដឹកនាំនៃក្រុមហ៊ុនផលិតជីរបស់រដ្ឋ ឈ្មោះ ភីធី ពូពុក ឥណ្ឌណេស៊ី (PT Pupuk Indonesia) និងក្រុមហ៊ុនរុករករ៉ែផូស្វាត អាល់ហ្សេរី ឈ្មោះ សូមីផុស (Somiphos)។
ទាក់ទិននឹងបញ្ហានេះ លោក ស៊ូដារីយ៉ូណូ (Sudaryono) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី ដែលបានធ្វើជាសាក្សីក្នុងពិធីការចុះហត្ថលេខា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការផូស្វាត ដែលគាំទ្រដោយអាល់ហ្សេរីនេះ គឺជំហានជាក់ស្តែងឆ្ពោះទៅរកការពង្រឹងផ្នែកឧស្សាហកម្មផលិតជីសម្រាប់ប្រទេសជាតិ ដើម្បីធ្វើឱ្យជីកាន់តែមានតម្លៃសមរម្យសម្រាប់ប្រជាជនឥណ្ឌូនេស៊ី។
លោកបានកត់សម្គាល់ទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការទទួលបានផូស្វាតរបស់ប្រទេសអាល់ហ្សេរី ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតជី។ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការថ្មីនេះ ប្រទេសទាំងពីរក៏បានបើកឱកាសវិនិយោគលើការជីកយករ៉ែ និងការកែច្នៃផូស្វាតផងដែរ។
លោក ស៊ូដារីយ៉ូណូ បានឱ្យដឹងទៀតដូច្នេះថា « តាមរយៈការពង្រីកលទ្ធភាពទទួលបានប្រភពវត្ថុធាតុដើម និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានផ្តល់ផលប្រយោជន៍ទៅវិញទៅមក យើងមិនត្រឹមតែគាំទ្រនិរន្តរភាពនៃឧស្សាហកម្មផលិតជីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តសេចក្តីណែនាំរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ (Prabowo) ដើម្បីការពារកសិករ ដែលជាឆ្អឹងខ្នងនៃសន្តិសុខស្បៀងរបស់ឥណ្ឌូនេស៊ី»។
អនុស្សរណៈនៃការយោគយល់គ្នានេះ ដែលត្រូវបានចុះហត្ថលេខាក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែរបស់ប្រទេសអាល់ហ្សេរី លោក ម៉ូហាម៉េដ អាកាប់ (Mohamed Arkab) នឹងមានសុពលភាពរយៈពេល១៨ខែ ហើយរួមបញ្ចូលទាំងការសិក្សាលទ្ធភាពបឋមរួមគ្នាលើទិដ្ឋភាពបច្ចេកទេស និងសេដ្ឋកិច្ច ក៏ដូចជាការផ្លាស់ប្តូរទិន្នន័យផងដែរ។
ទន្ទឹមនឹងនេះដែរ លោក រ៉ាម៉ាដ ព្រីបាឌី (Rahmad Pribadi) ប្រធានក្រុមហ៊ុន ភីទី ពូពុក ឥណ្ឌូណេស៊ី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់ការជំរុញសន្តិសុខស្បៀងអាហាររបស់រដ្ឋាភិបាល ដោយធានាបាននូវលទ្ធភាពទទួលបានសម្ភារៈ ដែលត្រូវការជាចាំបាច់សម្រាប់ការផលិតជី។
លោកបន្ថែមថា «ក្រុមហ៊ុន ភីទី ពូពុក ឥណ្ឌូណេស៊ី នឹងបន្តគាំទ្ររដ្ឋាភិបាលដោយស្វែងរកឱកាសធ្វើសហប្រតិបត្តិការជាមួយដៃគូ និងជាមួយប្រទេសផ្សេងទៀត។ ជំហាននេះមានសារៈសំខាន់ណាស់ក្នុងការធានាបាននូវវត្ថុធាតុដើម ដែលចាំបាច់សម្រាប់ការផ្តល់ជីមានតម្លៃសមរម្យដល់កសិករឥណ្ឌូនេស៊ី»៕














