មានីល៖ ប្រទេសហ្វីលីពីន និងអេមីរ៉ាត់អារាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវដំណើរការទីផ្សារទំនិញ និងសេវាកម្ម ព្រមទាំងផលិតផលកសិកម្មផងដែរ។
ប្រធានាធិបតីហ្វីលីពីន និងប្រធានាធិបតីអេមីរ៉ាត់អារាប់រួម បានធ្វើជាសាក្សីនៃការចុះហត្ថលេខានេះ នៅខាងក្រៅនៃពិធីសប្តាហ៍និរន្តរភាពនៃទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) សម្រាប់ឆ្នាំ២០២៦ នៅក្នុងមជ្ឃមណ្ឌលតាំងពិព័រណ៍ជាតិ អាប៊ូ ដាប៊ី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះត្រូវបានចុះហត្ថលេខាដោយលោកស្រី ម៉ា គ្រីស្ទីណា រូហ្គេ (Ma. Cristina Roque) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅប្រទេសរបស់អេមីរ៉ាតអារ៉ាប់រួម លោក ថានី ប៊ីន អះម៉េដ អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចការងាររយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណេន ម៉ាកុស (Ferdinand Marcos) ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
យោងតាមមន្រ្តីទំនាក់ទំនងសាធារណៈរបស់លោកប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះក៏បានកាត់បន្ថយពន្ធនាំចូល និងធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការទីផ្សារសម្រាប់ទំនិញ និង សេវាកម្មរបស់ប្រទេសហ្វីលីពីន ក្នុងការបង្កើនលំហូការវិនិយោគ និងការបង្កើតឱកាសថ្មីៗ សម្រាប់អ្នកជំនាញជនជាតិហ្វីលីពីន និងអ្នកផ្តល់សេវាកម្ម ទៅធ្វើការនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ វិសាលភាពនៃកិច្ចព្រមព្រៀងនេះ រួមបញ្ជូលទស្សនទានទៅលើការធ្វើពាណិជ្ជកម្មឌីជីថល សហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម ការអភិវឌ្ឍប្រកបដោយចីរភាព កម្មសិទ្ធបញ្ញា ការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ លទ្ធកម្មរបស់រដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។
តាមរយៈទស្សនទានថ្មីៗនៅក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងជួយគាំទ្រដល់ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសហ្វីលីពីន មានដូចជាផ្លែចេក និងផ្លែម្ចាស់ ដែលស្ថិតក្នុងចំណោមកសិផលដទៃទៀត នាំចេញទៅកាន់ទីផ្សាររបស់បណ្តាប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា។
ការសិក្សាបឋម ដែលត្រូវបានដកស្រង់ដោយការិយាល័យទំនាក់ទំនងសាធារណៈរបស់ប្រធានាធិបតីហ្វីលីពីន បានបង្ហាញថា កិច្ចព្រមព្រៀងនេះអាចបង្កើនការនាំចេញរបស់ហ្វីលីពីនទៅកាន់ប្រទេសអេមីរ៉ាតអរ៉ាប់រួម ឡើងដល់៩,១៣ភាគរយ ព្រមទាំងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រដែរ។ កិច្ចព្រមព្រៀងនេះ ក៏មានបំណងផ្តល់នូវបរិយាកាសប្រកបដោយស្ថិរភាព និងមិនរើសអើងសម្រាប់ក្រុមហ៊ុនហ្វីលីពីន រួមទាំងក្រុមហ៊ុនផលិត និងនាំចេញតូចៗ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងទៀត។
ការិយាល័យទំនាក់ទំនងសាធារណៈរបស់ប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជួយបំពេញបន្ថែមដល់បណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់របស់ហ្វីលីពីនជាមួយដៃគូពាណិជ្ជកម្មរួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប និងកិច្ចព្រមព្រៀងថ្នាក់តំបន់ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។
ប្រទេសហ្វីលីពីន និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏មានកិច្ចសហការរួចមកហើយ គ្របដណ្តប់លើការលើកកម្ពស់ និងការការពារការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ថាមពល ដឹកជញ្ជូន និងទេសចរណ៍។ ពិធីចុះហត្ថលេខានេះ អមដោយកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតីទាំងពីរ ដែលបានពិភាក្សាលើវិស័យពាណិជ្ជកម្ម វិស័យការពារជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព៕










