ញូវដេលី៖ យោងតាមអ្នកនាំចេញផលិតផលផ្លែឈើស្រស់ៗរបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ការនាំចេញផ្លែទទឹមរបស់ឥណ្ឌាកំពុងបង្ហាញពីកំណើនដ៏រឹងមាំ បន្ទាប់ពីបាននាំចេញក្នុងបរិមាណជាង៦០ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់៥៣លានដុល្លារ ក្នុងរយៈពេលប្រាំបួនខែដំបូង នៃរដូវប្រមូលផល ឆ្នាំ២០២៥-២០២៦។
ពាណិជ្ជករជនជាតិឥណ្ឌារូបនេះ បានមានប្រសាសន៍ថា ក្រុមហ៊ុនរបសើលោកកំពុងរៀបចំផែនការនាំចេញផ្លែទទឹមទៅក្រៅប្រទេស ចាប់ពីខែឧសភា ឆ្នាំ២០២៦តទៅ បន្ទាប់ពីផ្លែទទឹមនៅឆ្នាំនេះ មានទំហំធំជាមុន និងនៅស្រស់បានយូរជាមុន ហើយល្អសម្រាប់នាំចេញទៅកាន់ទីផ្សារឆ្ងាយៗ។
បុរសឥណ្ឌាដដែលនេះ បានបញ្ជាក់ថា ទីផ្សារនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនៅប្រទេសបង់ក្លាដែស គឺជាគោលដៅនាំចេញមុនគេដោយសារប្រើពេលវេលាដឹកជញ្ជូនខ្លី និងត្រូវចំណង់ចំណូលចិត្តរបស់អ្នកបរិភោគរសជាតិផ្លែទទឹមផ្អែម ខណៈទីផ្សារនៅក្នុងប្រទេសអូស្ត្រាលីក៏មានសក្តានុពលល្អផងដែរ បន្ទាប់ពីបាននាំចេញសាកល្បង នៅចុងឆ្នាំ២០២៥។
លោកបានពន្យល់ថា អ្នកនាំចេញផ្លែទទឹមឥណ្ឌាកំពុងសម្លឹងមើលទីផ្សារក្នុងប្រទេសអង់គ្លេស អ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់ ជាបន្តទៀត ដោយកត់សម្គាល់ពីការកើនឡើងនៃការចាប់អារម្មណ៍លើផ្លែទទឹមលេខ១។ ប្រទេសនៅក្នុងតំបន់ទាំងនេះផ្តល់អាទិភាពដល់ភាពស៊ីសង្វាក់គ្នានៃដំណើរការផ្គត់ផ្គង់ផ្លែទទឹមធំៗ មានទម្ងន់២០០ក្រាម ក្នុងមួយផ្លែ ដែលតម្លៃនៅកសិដ្ឋានបានកើនឡើងពី១០ ទៅ១៥ភាគរយ នៅក្នុងរដូវប្រមូលផល ក្នុងឆ្នាំ២០២៦នេះ។
ក្រុមហ៊ុននាំចេញផ្លែទទឹម បានគូសបញ្ជាក់ពីតម្លៃផ្លែទទឹមនៅលើកប៉ាល់ (Free On Board) ក្នុងរង្វង់ពី៨០០ ទៅ៩០០ដុល្លារ ក្នុងមួយតោន ចំណែកផ្លែទទឹមធំៗបានឡើងថ្លៃ ដោយសារអ្នកវេចខ្ចប់ និងអ្នកនាំចេញចង់បានជាងគេ។
អ្នកទិញក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ា អាចរក្សាបាននូវភាពនឹងនរតាមរយៈបណ្តាញមានស្រាប់ ដែលពេញចិត្តផ្លែទទឹមរបស់ឥណ្ឌា ខណៈពេលផ្លែទទឹមបង់ក្លាដែស នាំចេញតាមផ្លូវគោកបានយ៉ាងលឿន ដោយប្រើពេលតែពីរទៅបីថ្ងៃប៉ុណ្ណោះ ទើបធ្វើឱ្យផ្លែស្រកានាគនៅស្រស់ល្អ ខុសពីផ្លែស្រកានាគដឹកជញ្ជូនតាមសមុទ្រ។
លោកបានសង្កេតឃើញថា ទីផ្សារថ្មីក៏កំពុងបន្ថែមសក្តានុពលនៃការនាំចេញផ្លែទទឹមផងដែរ ដូចជាការនាំចេញសាកល្បងទៅកាន់ប្រទេសអូស្ត្រាលី នៅចុងឆ្នាំ២០២៥ ទទួលបានការបញ្ជាទិញថែមទៀត ដោយត្រូវផ្លែទទឹនទំហំ២០០ក្រាម ក្នុងមួយផ្លែ។ ចំណែកតម្រូវការផ្លែទទឹមនៅក្នុងប្រទេសអង់គ្លេសក៏កំពុងកើនឡើងដែរ ស្របពេលប្រទេសអ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់ បើកផ្លូវឱ្យនាំចូលដោយងាយស្រួល ទោះបីជាមានឧបសគ្គខ្លះៗ នៅក្នុងតំបន់ក៏ដោយ។
ចំណែកទីផ្សារក្នុងប្រទេសឥណ្ឌាវិញ ក៏ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការនាំចេញ ដោយតម្លៃលក់រាយបានកើនឡើងធៀបនឹងរដូវប្រមូលកាលពីឆ្នាំមុន ដោយសារការបញ្ជាទិញក្នុងពិធីបុណ្យសាសនា និងចំណង់ចំណូលចិត្តរបស់អតិថិជនមកលើផ្លែទទឹមធំៗ។ ដូច្នេះផ្លែទទឹមធំៗ មានគុណភាពខ្ពស់សម្រាប់ការនាំចេញនឹងបន្តទទួលបានតម្លៃខ្ពស់ជាងផ្លែតូចៗ។
ការនាំចេញផ្លែទទឹមប្រចាំឆ្នាំរបស់ឥណ្ឌា តែងតែមានបរិមាណចំនួន៩០ ០០០តោន ប៉ុន្តែអាចកើនឡើងបន្ថែមទៀត ប្រសិនបើទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី អង់គ្លេស អ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់ មានតម្រូវការផ្លែទទឹមនេះដែរ៕










