ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមប្រមូលកសិផល ដែលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ថ្ងៃនេះដំណាំកសិផលជាច្រើនប្រភេទ ច្រើនមុខ ដែលដាំដោយទឹកចិត្តបេះដូងខ្មែរ ក្នុងស្មារតីរួមគ្នាដើម្បីជាតិខ្មែរ ត្រូវបានប្រមូលផល និងធ្វើការវេចខ្ចប់យ៉ាងល្អស្អាត ត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាជនភៀសសឹកនៅតាមជំរុំនានា ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្នុងពិធីបើកចលនា «យើងរួមគ្នាដើម្បីជាតិ» លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាធ្វើសកម្មភាពចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅលើដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកបានមួយចំនួន៕










