ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការនាំចូលអង្ករនឹងធ្វើតាមការព្យាករណ៍របស់យើងសម្រាប់ឆ្នាំ២០២៦ ដោយសារផលិតកម្មស្រូវរបស់យើងនៅតែមានបរិមាណដដែល ដូចកាលពីឆ្នាំមុន គឺត្រូវការអង្ករនាំចូលតិចបំផុត៣,៦លានតោន ឬច្រើនបំផុតប្រហែល៣,៨លានតោន ដោយសារចំនួនប្រជាជនរបស់យើងកំពុងកើនឡើង»។
ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា ការនាំចូលអង្ករនៅក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះពី៤,៨លានតោន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៣លានតោន។
លោកបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មហ្វីលីពីនកំពុងប្រឹងទប់ស្កាត់ការឡើងថ្លៃអង្ករ ដោយប្រឹងអនុវត្តកម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម។
លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីនេះ គ្រួសារប្រជាជនហ្វីលីពីននឹងទទួលបានការអនុញ្ញាតឱ្យទិញអង្កររហូតដល់១០គីឡូក្រាមក្នុងមួយខែ ដើម្បីជួយទប់ស្កាត់សម្ពាធអតិផរណា។
កម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម កំពុងអនុវត្តក្រោមការប្រកាសអាសន្នផ្នែកសន្តិសុខស្បៀងអាហាររបស់ក្រសួងកសិកម្មហ្វីលីពីន។
លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉េល បានបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២៦ បានបែងចែកទឹកប្រាក់ចំនួន១៦៨,៧២លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភធនដល់ផលិតកម្មស្រូវ និងថវិកានៅសល់ចំនួន៦៧,៤៨លានដុល្លារទៀត ដែលមិនទាន់បានប្រើប្រាស់នៅក្នុងឆ្នាំ២០២៥។
លោកក៏បានបញ្ជាក់ផងដែរថា ពន្ធអង្ករនាំចូលត្រូវបានដំឡើងដល់២០ភាគរយ ដោយការដំឡើងនេះនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ៕








