កណ្តាល៖ អ្នកធ្វើប្រហុកក្នុងរដូវប្រមូលផលត្រីប្រហុក នាចុងឆ្នាំ២០២៥ អាចធ្វើប្រហុកបានច្រើន ដោយចំណាយប្រាក់តិចជាងឆ្នាំកន្លងមក ដោយសារត្រីសម្បូរ ហើយមានតម្លៃថោក។
អ្នកស្រី វាត ឡៃហៀង មកពីខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅរៀងរាល់ឆ្នាំឱ្យតែដល់រដូវប្រមូលផលត្រីប្រហុក អ្នកស្រីតែងមកទិញត្រី និងធ្វើប្រហុកដោយខ្លួនឯងផ្ទាល់នៅនឹងកន្លែង ព្រោះវាងាយស្រួលក្នុងការលាងសម្អាត ដោយគិតថា ការធ្វើប្រហុកតាមទម្លាប់របស់ខ្លួនងាយស្រួលក្នុងការបរិភោគ។
អ្នកស្រីបន្តថា ឆ្នាំនេះអ្នកស្រីត្រូវការទិញត្រីប្រហុកចំនួន៧០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមមានតម្លៃ១ ០០០រៀល ពោលមានតម្លៃសមរម្យជាងឆ្នាំមុន ដែលមានតម្លៃរហូតដល់១ ៥០០រៀល។
ស្រដៀងគ្នានេះដែរ, លោក ជា វឿន មកពីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ឆ្នាំនេះគ្រួសាររបស់លោកត្រូវការទិញត្រីធ្វើប្រហុកចន្លោះពី៥០ ទៅ៧០គីឡូក្រាម ហើយក្នុងត្រីប្រហុកមួយគីឡូក្រាម លោកទិញបានក្នុងតម្លៃ៨០០រៀលក្នុងមួយគីឡូក្រាម គឺតម្លៃថោកល្អសម្រាប់ប្រជាពលរដ្ឋទិញយកទៅធ្វើប្រហុកទុក ដើម្បីផ្គត់ផ្គងក្នុងគ្រួសារ។
លោកនិយាយបន្តទៀតថា ពេលដល់រដូវប្រមូលផលត្រីប្រហុកម្តងៗ លោកតែងតែមកទិញត្រីធ្វើប្រហុក ហើយនៅឆ្នាំមុនត្រីប្រហុកមួយគីឡូក្រាមមានតម្លៃចន្លោះពី១ ៤០០ ទៅ១ ៥០០រៀល។
ចំណែកលោក ឈិន រិទ្ធី អ្នកផ្តល់សេវាធ្វើត្រីប្រហុកដោយប្រើម៉ាស៊ីនក្រឡុក បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ការប្រមូលផលត្រីប្រហុកមានបរិមានច្រើន ដោយក្នុងមួយថ្ងៃលោអាចស៊ីឈ្នួលធ្វើប្រហុកជូនប្រជាពលរដ្ឋបាន រហូត១០តោនជារៀងរាល់ថ្ងៃ។
នៅក្នុងរដូវប្រមូលផលត្រីប្រហុក នៅចុងឆ្នាំ២០២៥ លោកអាចរកបានប្រាក់ចំណូលបានពី១លានរៀល ទៅ២លានរៀល ស្របពេលតម្លៃត្រីប្រហុកមានការប្រែប្រួលទៅតាមតម្រូវការជាក់ស្តែងនៅក្នុងតំបន់៕








