ភ្នំពេញ៖ សមាគមកាហ្វេកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២៥ បានរៀបចំវេទិកានៃ “ការជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ” ក្ដោយអ្នកជំនាញចង់ស្នើឲ្យពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។
កាហ្វេ គឺជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។
ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា បានថ្លែងថា តម្រូវការកាហ្វេកំពុងកើនឡើងទាំងក្នុងស្រុក និងលើពិភពលោក ហើយកាហ្វេជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។
ឯកឧត្តមបានលើកឡើងថា ខេត្តមណ្ឌលគិរី មានលក្ខខណ្ឌធម្មជាតិសមស្រប អាកាសធាតុល្អ កម្ពស់សមស្រប និងដីមានគុណភាព ដែលអាចដាំដុះកាហ្វេបានល្អទាំងពូជកាហ្វេអារ៉ាប៊ីកា និងពូជរ៉ូបូស្តា ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៃភូមិភាគឦសាន ឆ្នាំ២០២៥–២០២៨ ដោយទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយបានអនុគ្រោះពន្ធរយៈពេល១២ឆ្នាំ លើការវិនិយោគ និងការកែច្នៃកាហ្វេ។
ឯកឧត្តមបានបន្ថែមថា ការបំប្លែងដីមួយផ្នែកពីដំណាំទិន្នផលទាបទៅដាំកាហ្វេ អាចជួយកសិករបង្កើនចំណូល និងលើកកម្ពស់ជីវភាព។ បន្ថែមលើនេះទៀត ឯកឧត្តមក៏បានជំរុញឱ្យកម្ពុជាពង្រឹងការដាំដុះ និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាមុន និងបង្កើតគុណភាព-ស្តង់ដារ ឈានទៅការនាំចេញនាពេលអនាគត។
ក្នុងការបង្ហាញពីទំហំទីផ្សារពិភពលោក ឯកឧត្តមបានរំលឹកថា នៅឆ្នាំ២០២៤ ប្រទេសប្រេស៊ីលផលិតបានកាហ្វេប្រមាណ៣,៥លានតោន និងវៀតណាមប្រមាណ១,៧លានតោន ដែលជាប្រទេសផលិតកាហ្វេធំៗក្នុងពិភពលោក ជាសញ្ញាថា វិស័យនេះមានឱកាសធំ និងត្រូវការការត្រៀមខ្លួនដោយយុទ្ធសាស្ត្រច្បាស់លាស់។
ក្នុងបរិបទនេះ សមាគមកាហ្វេកម្ពុជា ត្រូវបានបញ្ជាក់ថា មានតួនាទីជាអ្នករតភ្ជាប់ “ខ្សែចង្វាក់តម្លៃកាហ្វេ” ទាំងមូល ពីកសិករវិស័យសាធារណៈ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និស្សិត អ្នកបច្ចេកទេស–អ្នកកែច្នៃ Roaster Barista ម្ចាស់ហាង វិនិយោគិន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរុញច្រានកិច្ចសហការរួម និងលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មកាហ្វេកម្ពុជា ដើម្បីបំពេញតម្រូវការក្នុងស្រុក រហូតដល់ឆ្ពោះទៅទីផ្សារអន្តរជាតិ។
ឯកឧត្តម ធន់ វឌ្ឍនា បានជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម ពិចារណាបើកថ្នាក់បរិញ្ញាបត្រ ឬវគ្គសិក្សាខ្លីលើជំនាញគ្រប់គ្រងកសិដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារខ្ពស់ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យស្របតាមតម្រូវការអភិវឌ្ឍន៍ជាតិ៕








