អ្នកលក់ប៉ិកួៈនៅភ្នំប្រសិទ្ធ អាចរកចំណូលបានចាប់ពី២​ ០០០ ទៅដល់ជិត៦ ០០០ដុល្លារក្នុងមួយឆ្នាំ

2025-12-30 20.07.37

ដោយ ជិន ម៉ាដេប៉ូ

កណ្តាល៖​ បើគេធ្វើដំណើរតាមផ្លូវកាត់ពីភ្នំប្រសិទ្ធ ឆ្ពោះទៅកាន់ផ្សារបាត់ដឹង ដល់ត្រង់ចំណុចភូមិ​ត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នោះយើងនឹងបានឃើញអ្នកលក់ប៉ិកកួៈមិនតិចជាង១០កន្លែងទេ ដោយខ្លះដាក់តុ ខ្លះជាគ្រែ ដង្ហែគ្នាលក់។ ពួកគាត់តែងចាប់ផ្តើមដាក់លក់ពីពាក់កណ្តាលខែកញ្ញា រហូតដល់ខែមេសា ដែលជាពិធីបុណ្យចូលឆ្នាំ ខ្មែរទើបអស់ទៅវិញ ដែលមានន័យថា ផុតរដូវកាលលក់ប៉ិកួៈហើយ។

ប៉ិកួៈដែលទើបដកថ្មីៗពីចំការអ្មកស្រុក មានសភាពសខ្ចី និងជាប់ទងមានស្លឹកយ៉ាងខៀវស្រស់នោះបានទាក់ទាញអ្នកធ្វើដំណើរតាមដងផ្លូវនេះ តែងឈប់ចុះទិញ ឬខ្លះទៀតអត់ទ្រាំងាកមើលពុំបានសោះឡើយ។

កំពុងម្នីម្នាកាត់មើម ប៉ិកួៈចេញពីទងដើម្បីដាក់លក់ឱ្យអតិថិជន ​អ្នកស្រី ហៀង ចន្នី ដែលកំពុងលក់ប៉ិកួៈលើដងផ្លូវនេះបានប្រាប់ឱ្យដឹងថា៖ មើមប៉ិកួៈនេះចាប់ផ្តើមមានលក់ពីខែកញ្ញា រហូតដល់ខែមេសា ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវកាលនេះអ្នកស្រីមិនដែលខកខានលក់ទេ ពោលគឺអ្នកស្រីបានដាំ និងលក់ប៉ិកួៈនេះតាំងតែពីកុមារមកម្ល៉េះ ជាមួយឪពុកម្តាយ។

ស្រ្តីវ័យជាង៤០ឆ្នាំរូបនេះបានឱ្យដឹងដែរថាសម្រាប់ ប៉ិកួៈនេះគេអាចដកលក់បានតាំងតែមើមវានៅតូចៗហើយបើទុករហូតធំនោះទាល់តែចាប់ពីខែមករាទៅ។ ហេតុនេះការដកលក់មើមតូចៗពុំសូវបានថវិការច្រើនដូចទុកឱ្យមើមធំទេពីព្រោះថាវាបានគីឡូតិចជាងទុកឱ្យមើមវាធំ។

ស្រ្តីអ្នកលក់ប៉ិកួៈរូបនេះបានប្រាប់ឱ្យដឹងដែរថា សម្រាប់ការដាំប៉ិកួៈចាប់ពីបីខែកន្លះ ទៅបួនខែ ជាទូទៅវាអាចហុចផល ដោយគេអាចដកវាមកលក់បានហើយ។

យុវតី អ៊ែល រ៉ូហ្សា ដែលកំពុងលក់ប៉ិកួៈនេះមួយរូបដែរ បានប្រាប់ថា ប៉ិកួៈនេះតម្លៃមួយគីឡូក្រាម តម្លៃចាប់ពី៤ ០០០ ទៅ៥ ០០០រៀល។ ក្នុងមួយថ្ងៃអាចលក់ឱ្យឪពុកម្តាយចាប់ពី៣០ទៅ១០០គីឡូក្រាម។ សម្រាប់ប៉ិកួៈទាំងនេះ គឺឪពុកម្តាយបានដាំខ្លួនឯង ហើយតែងដកលក់តាមដងផ្លូវនេះរៀងរាល់ឆ្នាំ។

យុវតីរូបនេះបានបញ្ជាក់ប្រាប់ថា ប៉ិកួៈ ដែលដកមកថ្មីៗ គេតែងប្រើម៉ាស៊ីលាងម៉ូតូមកបាញ់ឱ្យអស់ដី ហើយមើលទៅសខ្ចី ពិសេស បើជាមើមតូចៗផង អតិថិជនចូលចិត្តទិញណាស់។

ចំណែកនាង ឆាំ ចន្ធូ អ្នកលក់ប៉ិកួៈដូចគ្នានេះដែរបានបញ្ជាក់ប្រាប់ថា ការដាំប៉ិកួៈមិនងាយស្រួលដែរទេ គឺត្រូវការថែទាំច្រើន ពិសេសបោចស្មៅ ទើបហុចផលបានល្អ។ សម្រាប់ក្នុងមួយឆ្នាំ ប៉ិកួៈអាចហុចផលចាប់ពីមួយទៅបីតោនទៅតាមឆ្នាំ ដែលដាំតិច ឬច្រើន នៃគ្រួសារនីមួយៗប៉ុណ្ណោះ។

ស្រ្តីដែលតែងលក់ប៉ិកួៈមិនតិចជាង១០ ឆ្នាំរូបនេះបានប្រាប់ថា សម្រាប់ការលក់ប៉ិកួៈអាចទទួលបានប្រាក់កម្រៃចាប់ពី២ ០០០ទៅជាង៣ ០០០ដុល្លារក្នុងមួយឆ្នាំ ដែលថវិការនេះបានជួយជីវភាពឱ្យបានល្អប្រសើរសម្រាប់គ្រួសារផងដែរ។

កញ្ញា មាន ស្រីនាង ដែលកំពុងឈរលក់ប៉ិកួៈ ដូចគ្នានេះបានប្រាប់ថា បើគិតពីការលក់ប៉ិកួៈនេះមានរយៈពេល១៧ឆ្នាំមកហើយ។ប៉ិកួៈទាំងនេះបានហុចផលក្នុងមួយឆ្នាំចាប់ពី១០តោន រហូតដល់ជិត២០តោន ហើយបើគិតថវិកាវិញក្នុងមួយឆ្នាំ រកបានមិនតិចជាង៥ ០០០ ទៅ៦ ០០០ដុល្លារទេ។

ជាកូនអ្នកស្រុកភ្នំប្រសិទ្ធ កញ្ញា មាន ស្រីនាង បានប្រាប់ឱ្យដឹងដែរថា ការលក់ប៉ិកួៈ គឺជាមុខរបរមួយសំខាន់ផងដែររបស់អ្នកស្រុកនេះ ហើយការរកចំណូលពីដំណាំប៉ិកួៈ ក៏ជាផ្នែកមួយយ៉ាងសំខាន់របស់ពួកគាត់ក្រៅអំពីមុខរបរផ្សេងៗទៀត។ សម្រាប់ចំណូលពីការដាំ និងលក់ប៉ិកួៈនេះខុសៗគ្នាអាស្រ័យទៅអ្នកដាំតិច ឬច្រើនប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ បើតាម​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ខ្មែរ​យើង​ហៅ «​ប៉ិកួៈ​» នេះ​ថា «​ដំឡូង​រលួស​»​។ ​

«​ប៉ិកួៈ​» ជា​ដំឡូង​មួយ​ប្រភេទ​ ដែល​ពលរដ្ឋខ្មែរបានដាំ និងលក់តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។ វា​ជាដើម​វល្លិ ស្លឹក​ស្រដៀង​នឹង​ស្លឹក​រលួស​, ក្នុង​មួយ​ដើម​មាន​មើម​តែមួយ រាងច្រឡោ សា​ច់ស មាន​ទឹកដម​រលម សំបក​ស្វិត​  គេ​អាច​បរិភោគ​ឆៅ​បាន ហើយ​មាន​រសជាតិ​ផ្អែម​ស្រាល​ត្រជាក់​។

កសិករ​ខ្មែរ​ច្រើន​ដាំ​ដំណាំ​ដំឡូង​រលួស ឬ​ «​ប៉ិកួៈ​» នេះ នៅលើ​ដីល្បាយខ្សាច់ ដែល​មិនមាន​ដក់​ទឹក ព្រោះ​វា​អាច​ទទួលផល​បាន​ច្រើនជាង​ប្រភេទ​ដី​ផ្សេងៗ​។ នៅ​កម្ពុ​ជាមាន​ដាំដំឡូង​នេះ ជា​ប្រភេទ​ពូជ​ធ្ងន់ មើម​របស់​វា​ធំៗ​, គេ​ច្រើន​យកទៅ​ធ្វើ​ម្ហូប និង​ពូជ​ស្រាល មើម​របស់​វា​តូច​ល្មម​, គេ​ច្រើន​យកទៅ​បរិភោគ​ជាមួយនឹង​ប្រភេទ​ម្ជូរ​ផ្សេងទៀត​៕


image_2026-02-12_11-53-11
កោះហៃណានប្រទេសចិននាំចូលផ្លែដូង៥៩២,០០០តោន ក្នុងឆ្នាំ២០២៥

ហៃណាន៖ យោងតាមអាជ្ញាធរគយចិនប្រចាំក្រុងហៃគូ (Haikou Customs) បានឱ្យដឹងថា ខេត្តហៃណាន (Hainan) របស់ប្រទេសចិន បាននាំចូលផ្លែដូងចំនួន៥៩២ ០០០តោន តាមរយៈកំពង់ផែរបស់ខ្លួន ក្នុងឆ្នាំ២០២៥ ដោយកើនឡើង ១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលបានធ្វើឱ្យកោះហៃណាន គឺជាខេត្តនាំចូលផ្លែដូងមុនគេបង្អស់របស់ប្រទេសចិន។ ការនាំចូលផ្លែដូងពីប្រទេសឥណ្ឌូណេស៊ី បានឈានដល់បរិមាណ៥១៦ ០០០តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើង ៣៤,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលស្មើនឹង៨៧,២ភាគរយ នៃការនាំចូលផ្លែដូងសរុបរបស់ខេត្តហៃណាន ចំណែកបរិមាណនាំចូលពីប្រទេសហ្វីលីពីន ក៏បានកើនឡើងផងដែរ នៅក្នុងអំឡុងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរគយចិន បានបង្ហាញថា ការកើនឡើងនៃការនាំចូលផ្លែដូងបានផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ ក្រោមក្របខ័ណ្ឌកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលកំពុងគាំទ្រដល់ការអភិវឌ្ឍវិស័យដូងក្នុងស្រុក ប៉ុន្តែជះផលប៉ះពាល់ដល់រយៈពេល និងថ្លៃដឹកជញ្ជូន។ អាជ្ញាធរគយចិនបានដាក់ចេញនូវវិធានការជួយសម្រួលដល់ការនាំចូលផ្លែដូង រួមទាំងការប្រកាសជាមុន និងការត្រួតពិនិត្យតាមពេលកំណត់ទុកមុន។ ជំហានទាំងនេះបានកាត់បន្ថយនីតិវិធីប្រកាសមុខទំនិញ និងកាត់បន្ថយពេលវេលារវាងការមកដល់របស់ផ្លែដូង និងការរៀបចំផលិតកែច្នៃ។ ភ្នាក់ងារគយប្រចាំនៅក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងស្រុក បាននិយាយថា ពេលវេលាជាអ្នកកំណត់ដោយផ្ទាល់នូវការប្រកួតប្រជែងផលិតផល។ ឥឡូវនេះ ការនាំចូលផ្លែដូងត្រូវចំណាយពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ គិតចាប់ពីពេលទំនិញចូលមកចំណតរហូតដល់ដំណើរកាតផលិត។ ចំណែកវិធានការអនុគ្រោះពន្ធនាំចូលតាមកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ក៏បានប៉ះពាល់ដល់ប្រតិបត្តិការកែច្នៃផ្លែដូងផងដែរ។ សហគ្រាសក្នុងស្រុកអាចនាំចូលឧបករណ៍ផលិតកម្ម ក្រោមការអត្រាពន្ធសូន្យ ដោយកាត់បន្ថយការចំណាយដើមទុន និងការចំណាយលើប្រតិបត្តិការ។ នៅឆ្នាំ២០២៥ […]

photo_2026-02-13_09-06-15
តម្រូវការជ្រូកនៅរដូវចូលឆ្នាំចិន-វៀតណាម ចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា ប្រាប់ឱ្យ​ដឹង​កាលពីពេលថ្មីៗនេថា តម្រូវការជ្រូវខ្វៃ និងជ្រូកកាប់សាច់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងម្ចាស់កសិដ្ឋានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ ​ លោក ស្រ៊ុន ពៅ បន្ថែមថា  ទាំងកសិករ និងទាំងម្ចាស់កសិដ្ឋាន  បានសារទរចំពោះការកើនឡើងនៃតម្លៃជ្រូករស់ កើនឡើងជាង១០ ០០០រៀល ក្នុងមួយគីឡូក្រាម​នៅមុនចូលឆ្នាំចូលឆ្នាំចិន-វៀតណាមនេះ ព្រោះពួកគាត់បានខាតបង់អស់ច្រើនឆ្នាំមកហើយ។ បើតម្លៃនេះ នៅថេរបន្តទៀត ពួកគាត់នឹងបន្តចិញ្ចឹមទៀត។ ទោះបីតម្លៃជ្រូករស់បានកើនឡើងថ្លៃខ្ពស់ក៏ដោយ ក៏ប៉ុន្តែលោកថា តម្លៃនេះពុំទាន់អាចឱ្យកសិករទទួលបានប្រាក់ចំណេញនៅឡើយទេ​ ព្រោះកសិករបានរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ក្នុងអំឡុងពេលជ្រូកជួបវិបត្តិជំងឺ និងតម្លៃធ្លាក់ចុះនាពេលកន្លងទៅ។ បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជាត្រូវការជ្រូករស់ប្រមាណ៩ ០០០ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាម ក្នុងមួយថ្ងៃសម្រាប់បំពេញតម្រូវការប្រើប្រាស់។ កសិករម្នាក់ក្នុងចំណោមកសិករដែលជាអ្នកចិញ្ចឹមជ្រូកផ្គត់ផ្តគ់ទីផ្សារ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកភ្នំវល្លិ ក្នុងខេត្តកំពត លោកស្រី ម៉ន ម៉ារិនី  បានប្រាប់ទូរទស្សន៍ ARDBថា តម្រូវការជ្រូកនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម គឺមានកំណើនខ្ពស់ ព្រោះគេយកទៅខ្វៃសម្រាប់ទុកសែន និងកាប់សាច់លក់។ លោកស្រីបន្ថែមថា ជ្រូករបស់លោកស្រីត្រូវបានទទួលការបញ្ជាទិញពីឈ្មួញកណ្តាល អស់ហើយនៅមុនពេលចូលឆ្នាំប្រពៃណីចិន-វៀតណាមឈានចូលមកកដល់  ដើម្បីត្រៀមយកទៅខ្វៃសម្រាប់សែន និងកាប់សាច់លក់ […]

image_2026-02-12_11-09-58
ឥណ្ឌូណេស៊ី កំពុងធ្វើការបង្កាត់ពូជចេកព្រៃ ដើម្បីសុវត្ថិភាពស្បៀងអាហារ

ហ្សាការតា៖ ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី បានប្រកាសកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងតែដឹកនាំគម្រោងស្រាវជ្រាវរួមមួយ ស្តីពីការបង្កាត់ពូជចេកព្រៃ ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងអាហារជាតិ និងពិភពលោក។ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មហ្សែនរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី រ៉ាទីស អាស្មាណា នីងរ៉ុម (Ratih Asmana Ningrum) បានពន្យល់ថា ដំណាំចេក គឺជាទំនិញអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី  និងទូទាំងទ្វីបអាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ ការដំណាំចេកប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរពីជំងឺរលួយឫស និងជំងឺក្រឹន ដែលរីករាលដាលតាមរយៈសត្វល្អិតចង្រៃ។ លោកស្រិបាននិយាយថា ពូជចេក ដែលធន់នឹងសត្វល្អិត និងជំងឺ គឺជាដំណោះស្រាយរយៈពេលវែងប្រកបដោយនិរន្តរភាពបំផុត។ លោកស្រីបានកត់សម្គាល់ថា ភ្នាក់ងារបង្កជំងឺ ហ្វូស្សារៀម (Fusarium) ដែលឆ្លងតាមដីមានការលំបាកក្នុងការគ្រប់គ្រង ព្រោះវាអាចបន្តកើតមានក្នុងរយៈពេលយូរ។ ចេកព្រៃដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូណេស៊ី  ដែលត្រូវបានគេជឿថា ជាបុព្វបុរសនៃពូជចេកស្រុកផ្តល់នូវធនធានហ្សែនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍពូជចេកធន់នឹងជំងឺ។ ការស្រាវជ្រាវរបស់ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី ផ្តោតលើការប្រមូល និងកំណត់លក្ខណៈប្លាស្មាបន្តពូជចេកព្រៃ ដើម្បីកំណត់លក្ខណៈធន់ និងលក្ខណៈមានប្រយោជន៍ផ្សេងទៀត។ ការរកឃើញទាំងនេះ នឹងត្រូវបានប្រើដើម្បីអភិវឌ្ឍជីនណូថាយ (Genotypes) ដែលមានភាពធន់នឹងជំងឺរលួសឫស  និងជំងឺក្រឹន ដែលអាចបម្រើជាមេជីវិត សម្រាប់បង្កើតពូជចេកថ្មី។ ពូជទាំងនោះនឹងត្រូវចែកចាយតាមរយៈដៃគូអន្តរជាតិ ដូចជាវិទ្យាស្ថានកសិកម្មត្រូពិចអន្តរជាតិ (International […]

photo_2026-02-05_14-50-22
សត្វផ្សោតក្បាលត្រឡោកមួយក្បាលត្រូវគេប្រទះឃើញងាប់ ដោយជាប់សំណាញ់នៅកោះអាចម៍សេះ

កែប៖ យោងបើតាមអង្គការអភិរក្សសមុទ្រកម្ពុជា(Marine Conservation Cambodia) បានឱ្យដឹងថា សត្វផ្សោតក្បាលត្រឡោកមួយក្បាល ដែលជាសត្វដ៏កម្រត្រូវបានគេប្រទះឃើញងាប់នៅតំបន់កោះអាចម៍សេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងកែប ខេត្តកែប។ ​ក្នុងសេចក្តីរាយការណ៍ នៅថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអភិរក្សសមុទ្រកម្ពុជាឱ្យដឹងថា “កាលពីសប្តាហ៍មុន ខណៈពេលក្រុមការងាររបស់យើងកំពុងធ្វើដំណើរត្រឡប់មកកោះអាចម៍សេះ យើងបានប្រទះឃើញសាកសពផ្សោតក្បាលត្រឡោកញី (Irrawaddy Dolphin) វ័យជំទង់មួយក្បាលអណ្តែតលើផ្ទៃសមុទ្រ”។ អង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងបន្ថែមថា សាកសពផ្សោតត្រូវបានគេនាំមកកាន់កោះអាចម៍សេះ ដើម្បីធ្វើកោសលវិច័យដោយអ្នកវិទ្យាសាស្ត្រជំនាញផ្នែកសត្វសមុទ្ររបស់អង្គការអភិរក្សសមុទ្រកម្ពុជា។ ដោយសារតែមានសំណល់សំណាញ់នៅជាប់នឹងកន្ទុយរបស់វា និងមានស្នាមបង្ហាញពីការជាប់សំណាញ់ មូលហេតុនៃការងាប់ត្រូវបានកំណត់ថា បណ្តាលមកពីការជាប់សំណាញ់មងនេសាទ។ អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា “ចំពោះករណីនេះត្រូវបានកត់ត្រា និងរាយការណ៍ជូនទៅកាន់រដ្ឋបាលជលផលរួចរាល់ហើយ។ តាមរយៈការបង្ហោះនេះ យើងក៏ចង់លើកកម្ពស់ការយល់ដឹងអំពីការគម្រាមកំហែងដ៏ធ្ងន់ធ្ងរ ដែលអាចកើតមានឡើងទៅលើសត្វសមុទ្រ ជាពិសេសសំណាញ់ ឬឧបករណ៍នេសាទ ដែលត្រូវបានបោះបង់ចោល ឬមិនមានការត្រួតពិនិត្យ”។ គួរបញ្ជាក់ថា ផ្សោត​ក្បាលត្រឡោក​ត្រូវបាន​អ្នក​ជំនាញ​រកឃើញ​នូវ​ទីជម្រក​ពីរ​ខុសគ្នា​រវាង​ដែនទឹក​សមុទ្រ និង​ទឹកសាប ​ហើយ​មាន​រូបរាង​ប្រហាក់ប្រហែលគ្នា​។ ប្រវែង​ដងខ្លួនកូនផ្សោត​ទើប​កើតមានពី​៩០-១០០​ស​ង់ទីម៉ែត្រ រហូតពេលពេញវ័យប្រវែងពី២,៣២ ទៅ២,៧៥​ម៉ែត្រ និង​កូន​ទើប​កើតមាន​ទម្ងន់ពី១០ ​ទៅ១២​គីឡូក្រាម នៅពេលពេញវ័យមានទម្ងន់រហូត១៣០​គីឡូក្រាម។ សត្វផ្សោតប្រភេទនេះ វា​គ្មាន​ចំពុះ​ទេ ក្បាល​មាំ​រាង​មូល ចំណែក​ព្រុយ​ខ្នង​មាន​ទម្រង់​ផ្សេងៗ​គ្នា​​។ ចំណែកផ្នែក​ខាង​ខ្នង […]

កាលវិភាគផ្សព្វផ្សាយ