ហាណូយ៖ យោងតាមបណ្តាញផ្សព្វផ្សាយវៀតណាម បានឱ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនាពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់កសិកម្មជាច្រើននៃប្រទេសវៀតណាម បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលផ្លែឈើ ព្រោះទឹកភ្លៀងធ្លាក់ជោគជាំខ្លាំងរយៈពេលយូរ បាននាំឱ្យដីសើមជ្រោគនៅទូទាំងតំបន់ចម្ការដំណាំឈើហូបផ្លែ ដែលបង្កបញ្ហាដល់ការដាំដុះ និងពិបាកអភិវឌ្ឍគម្រោងអាជីវកម្ម។
ប្រភពទីផ្សារបានរាយការណ៍ថា ដំណាំម្នាស់ចាប់ផ្តើមបង្ហាញពីផលប៉ះពាល់ ដែលអាចមើលឃើញដោយភ្នែក។ អាកាសធាតុសើមខ្លាំងពេកបានបង្កើតជំងឺដល់ដំណាំ ធ្វើឱ្យកិសិករព្រួយបារម្ភអំពីកម្រិតទិន្នផល និងភាពស៊ីសង្វាក់គ្នានៃគុណភាពក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ចំណែកដំណាំហូបផ្លែឈើផ្សេងទៀត ដូចជាស្វាយ ក៏រងផលប៉ះពាល់ផងដែរ ដោយសារទឹកជំនន់បានធ្វើឱ្យស្វាយមិនសូវលូតលាស់ល្អ។ រីឯនៅតាមតំបន់ខ្លះ ដើមឈើវ័យក្មេង និងដើមឈើទើបនឹងដុះថ្មីៗ បានរលួយឫសងាប់តែម្តង។
ការខូចខាតដំណាំហូបផ្លែនៅដំណាក់កាលនេះ អាចកាត់បន្ថយទិន្នផលនៅរដូវប្រមូលផលនាពេលខាងមុខ ទោះបីជាអាកាសធាតុចាប់ផ្តើមមានស្ថេរភាពក៏ដោយ។ ចម្ការឈើហូបផ្លែ ដែលមានដើមឈើចាស់ៗ អាចធន់នឹងស្ថានភាពសើមខ្លាំង ប៉ុន្តែដីលិចទឹកយូរពេក កំពុងបន្តហានិភ័យនៃជំងឺ និងបង្កើនការព្រួយបារម្ភអំពីសុខភាពដើមឈើរយៈពេលវែង។
ទំហំផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសវៀតណាម មិនទាន់មានការវាយតម្លៃច្បាស់លាស់នៅឡើយទេ ស្របពេលសកម្មភាពស្តារចម្ការ និងដាំដំណាំឡើងវិញកំពុងត្រូវបានត្រួតពិនិត្យដើម្បីវាយតម្លៃថា តើសមត្ថភាពផលិតកម្មអាចងើបរឡើងវិញបានលឿនប៉ុណ្ណា។ ល្បឿននៃការស្តារឡើងវិញ ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើការផ្គត់ផ្គង់ផ្លែម្នាស់ និងប្រភេទផ្លែឈើផ្សេងទៀត នាពេលអនាគត។
ខណៈពេលផលប៉ះពាល់លើការផ្គត់ផ្គង់រយៈពេលខ្លី គេអាចមើលឃើញរួចហើយនៅក្នុងតំបន់មួយចំនួន អាចមានផលប៉ះពាល់រយៈពេលវែង ដោយអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ ការគ្រប់គ្រងជំងឺ និងការរស់រានមានជីវិតរបស់ដំណាំវ័យក្មេង។
ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម បានជួបប្រទះព្យុះទីហ្វុង បោកបក់បង្កការខូចខាត ដោយគិតជាទឹកប្រាក់អស់រាប់ពាន់លានដុល្លារ ជាពិសេសនៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាល ដោយបង្កឱ្យបាក់ទំនប់ទឹក និងបង្កគ្រោះមហន្តរាយ ឆក់យកជីវិតមនុស្ស និងសត្វអស់ជាច្រើន។
គ្រាន់តែនៅក្នុងខែសីហា ឥទ្ធិពលព្យុះទីហ្វុង កាជីគី បាននាំឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតបង្កឱ្យរអិលបាក់ដីបំផ្លាញផ្ទះអស់ជាង ៣៨៦ ០០០ខ្នង ក្នុងនោះមានផ្ទះចំនួន៥១០ខ្នងបានដួលរលំ។ ចំណែកផ្ទៃដីស្រែចម្ការជាង១០៤ ០០០ហិកតា និងដំណាំជាង១៧ ២០០ហិកតាត្រូវបានជន់លិច ខណៈព្រៃឈើទំហំ១១ ៧០០ហិកតា បានដួលរលំរាបដល់ដី។
សត្វពាហនៈ និងបសុបក្សីជាង១៥៤ ០០០ក្បាល បានបាត់ ឬងាប់នៅក្នុងទឹកជំនន់ ខណៈផ្ទៃស្រះវារីវប្បកម្មមានទំហំជាង៨ ០០០ហិកតា ត្រូវបានលិចទឹក។ ព្យុះទីហ្វុង កាជីគី នៅក្នុងប្រទេសវៀតណាម ក៏បានពន្លិច ឬបំផ្លាញទូក និងកប៉ាល់អស់ចំនួន១០២គ្រឿងផងដែរ។
ភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលនៃព្យុះនេះ បានបណ្តាលឱ្យមានទឹកជំនន់ល្ហរល្ហាចនៅភាគកណ្តាលប្រទេសវៀតណាម និងផ្នែកខ្លះនៃភាគខាងជើងនៃប្រទេសវៀតណាម រួមទាំងទីក្រុងហាណូយ ដែលផ្នែកជាច្រើនត្រូវបានជន់លិចអស់រយៈពេលជាច្រើនថ្ងៃ។
ប្រទេសវៀតណាម បានរងការបំផ្លាញពីខ្យល់ព្យុះ ជាបន្តបន្ទាប់នៅចុងឆ្នាំ២០២៥នេះវាយប្រហារលើដីគោក នាំមកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង និងបង្កឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ៕








