ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បាននិយាយថា ការនាំចេញអង្កររបស់ប្រទេសភូមាក្នុងរយៈពេលប្រាំបីខែចុងក្រោយនៃឆ្នាំ២០២៥-២០២៦ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមេសា បានឈានដល់បិរមាណជាង១,៧៨លានតោន ដែលមានប្រាក់ចំណូលជាង៥៧៥លានដុល្លារ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ពន្លឺថ្មីនៃមីយ៉ាន់មា៉ បានឱ្យដឹងថា ប្រទេសភូមាបាននាំចេញអង្ករជាង១៤២ ០០០តោន គិតជាទឹកប្រាក់ចំនួន៥២លានដុល្លារ ក្នុងខែមេសា, បរិមាណអង្ករនាំចេញជាង២៥០ ០០០តោន គិតជាទឹកប្រាក់ចំនួន៩០លានដុល្លារ ក្នុងខែឧសភា, បរិមាណអង្ករនាំចេញចំនួន២១០ ០០០តោន គិតជាទឹកប្រាក់ចំនួន៧១លានដុល្លារ ក្នុងខែមិថុនា, បិរមាណអង្ករនាំចេញជាង ២៣០ ០០០តោន គិតជាទឹកប្រាក់ចំនួនជាង៧៧លានដុល្លារ ក្នុងខែកក្កដាុ, បិរមាណអង្ករនាំចេញ ជាង១៩០ ០០០តោន គិតជាទឹកប្រាក់ជាង៦៥លានដុល្លារ ក្នុងខែសីហា, បរិមាណអង្ករនាំចេញចំនួន១៦០ ០០០តោន គិតជាទឹកប្រាក់ចំនួន៥២លានដុល្លារ ក្នុងខែកញ្ញា, បរិមាណអង្ករនាំចេញចំនួន៣១០ ០០០តោន គិតជាទឹកប្រាក់ចំនួន៩២លានដុល្លារ ក្នុងខែតុលា និងបរិមាណអង្ករនាំចេញចំនួន២៦៣ ៨១៥តោន គិតជាទឹកប្រាក់ចំនួន៧៦លានដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ដូច្នេះ បិរមាណនាំចេញអង្ករសរុបនៅចុងឆ្នាំ២០២៥ មានចំនួន១,៧៨៧លានតោន ដែលមានតម្លៃជាប្រាក់ចំណូលប្រហែលចំនួន៥៧៥លានដុល្លារ។
តំណាងសហព័ន្ធស្រូវអង្ករភូមា បានមានប្រសាសន៍ថា ការនាំចេញរបស់ភូមាភាគច្រើន គឺពឹងផ្អែកលើពាណិជ្ជកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាពិសេសសម្រាប់ការនាំចេញអង្ករ។
សព្វថ្ងៃសហព័ន្ធមានគោលបំណងឱ្យសម្រេចបានការនាំចេញអង្ករចំនួនបីលានតោន ក្នុងឆ្នាំ២០២៥-២០២៦។
ប្រទេសភូមាទទួលបានប្រាក់ចំណូលជាង១,១២៩ពាន់លានដុល្លារពីការនាំចេញអង្ករចំនួន២,៤៨លានតោន ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ដើម្បីសម្រេចគោលដៅនាំចេញប្រចាំខែ និងសម្រួលដល់ការនាំចេញ ក្រសួងពាណិជ្ជកម្មភូមា កំពុងតែធ្វើការរួមគ្នាជាមួយសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មសហភាពភូមា សហព័ន្ធស្រូវអង្ករភូមា សមាគមពាណិជ្ជករគ្រាប់ធញ្ញជាតិ សណ្តែក ពោត និងល្ងភូមា សមាគមរោងចក្រកាត់ដេរភូមា សមាគមឧស្សាហកម្មភូមា សមាគមអ្នកដាំ និងអ្នកផលិតកៅស៊ូភូមា សមាគមអ្នកកែច្នៃ និងអ្នកនាំចេញផលិតផលនេសាទភូមា។
សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសភូមា កំពុងតែប្រឹងប្រែងរួមគ្នាក្នុងការជំរុញទីផ្សារនាំចេញឱ្យសម្រេចបានតាមផែនការនាំចេញអង្ករចំនួនបីលានតោន សម្រាប់ឆ្នាំ២០២៥-២០២៦។
ប្រទេសភូមា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិតាមផ្លូវទឹក និងតាមផ្លូវគោក ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក គឺជាច្រកដ៏សំខាន់បំផុតសម្រាប់ការនាំចេញអង្ករ។ ប្រទេសហ្វីលីពីន ចិន អេស្ប៉ាញ ប៉ូឡូញ បែលហ្ស៊ិក ចិន ឥណ្ឌូណេស៊ី សេណេហ្គាល់ និងប្រទេសអង់គ្លេស គឺជាទីផ្សារសំខាន់ជាងគេ។
កាលពីឆ្នាំ២០២៣ ប្រទេសភូមាបាននាំចេញអង្ករក្នុងតម្លៃទឹកប្រាក់ចំនួន៧៨៨លានដុល្លារ ដែលធ្វើឲ្យប្រទេសភូមា ក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទី៩ ក្នុងចំណោម១៨៤ប្រទេស ដែលនាំចេញអង្ករនៅលើពិភពលោក។ ក្នុងឆ្នាំដដែលនោះដែរ អង្ករគឺជាផលិតផលនាំចេញច្រើនជាងគេទី៧ ក្នុងចំណោមផលិតផលចំនួន៨០៩មុខ នៅក្នុងប្រទេសភូមា។
នៅឆ្នាំ២០២៣ គោលដៅសំខាន់ៗនៃការនាំចេញអង្កររបស់ប្រទេសភូមា គឺប្រទេសចិន ក្នុងតម្លៃ២៤៥លានដុល្លារ ឥណ្ឌូណេស៊ី ក្នុងតម្លៃ៨១,៦លានដុល្លារ បែលហ្ស៊ិក ក្នុងតម្លៃ៦២,៣លានដុល្លារ ហ្វីលីពីន ក្នុងតម្លៃ៥៨,៥លានដុល្លារ និងប្រទេសអេស្ប៉ាញ ក្នុងតម្លៃ៤៤,៥លានដុល្លារ៕










