ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតពេលចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ, សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ឥណទានពីធនាគារ ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះ ដែលមានសមាជិក៤៦គ្រួសារ មានផ្ទៃដី២៧ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន៩ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់៥១ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។
ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកសហគមន៍បន្តយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ក្នុងដំណើរការដាំដុះបន្លែ ដើម្បីធានាគុណភាព, សុវត្ថិភាព, អនាម័យខ្ពស់ និងធានាបាននូវការជឿជាក់ពីអតិថិជន។
បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់សហគមន៍ឱ្យរៀបចំផែនការដាំដុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសហគមន៍សិក្សាលទ្ធភាពពង្រីកការចិញ្ចឹមមាន់យកស៊ុត ដើម្បីបំពេញចំណូលបន្ថែមដល់សហគមន៍។ សម្រាប់ការចិញ្ចឹមមាន់នេះ, ធនាគារ ARDB នឹងរៀបចំឥណទានបន្ថែមសម្រាប់សហគមន៍៕


















