ដោយ ឡុង សារេត
ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង ស្ថិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា មានចំម្ងាយ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ក្រៅពីសំបូរទៅដោយរមណីយដ្ឋានទេសចប្រវត្តិសាស្ត្រនិងធម្មជាតិ ខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋប្រកបមុខរបរធ្វើកសិកម្មជាចម្បងមានជាង៦៣ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបចាប់ពីអាយុ១៨ឆ្នាំឡើងទៅជាង៣៩៥ពាន់នាក់។
លោកស្រី ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងកន្លងមកថ្មីៗមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់ឆ្នាំងមានប្រជាជនអាយុ១៨ឆ្នាំឡើងមានចំនួនជាង៣៩៥ពាន់នាក់ ក្នុងនោះស្រីមាន២១១ពាន់នាក់មានមុខរបរកសិកម្មជាចម្បងប្រមាណ៦៣,៨ភាគរយ មុខរបរសេវាកម្ម កម្មកររោងចក្រសហគ្រាសមាន៣៥,៥ភាគរយ និងមុខរបរសិប្បកម្មចំនួន០,៧ភាគរយ”។
លោកស្រីលើកឡើងថា បច្ចុប្បន្នរបាលខេត្តកំពង់ឆ្នាំងបាននិងកំពុងយកចិត្តទុកដាក់ និងខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងលើកផែនការអភិវឌ្ឍន៍ថ្មីៗសម្រាប់ខេត្ត ស្របតាមផែនការអភិឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគុណភាព។
លោកស្រីបន្តទៀតថា កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលខេត្ត គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងការបញ្ចូលកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច ការពារនិងអភិរក្សបរិស្ថាន វប្បធម៌ សុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការធានាសុវត្ថិភាព សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននិងការរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សបរិស្ថាន។
បើតាមលោកស្រី ប៊ន សុភី ខេត្តកំពង់ឆ្នាំង គឺជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំបូរបែបនៅទូទាំងខេត្តមានរមណីយដ្ឋានទេសចរណ៍ចំនួន៣៥កន្លែង ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន១៤កន្លែង ទេសចរណ៍ធម្មជាតិ១៥កន្លែង រមណីយដ្ឋានកែច្នៃចំនួន៦កន្លែង ក្នុងនោះរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលមានសកម្មភាពទទួលទេសចរកម្សាន្តប្រចាំឆ្នាំចំនួន១៣កន្លែង រមណីយដ្ឋានទេសចរណ៍ភ្នំព្រះធាតុ រមណីយដ្ឋានទេសចរណ៍ទំនប់២០ឧសភា រមណីយដ្ឋានទេសចរណ៍ទំនប់ទ្វារទឹកអាជាំង រមណីយដ្ឋានទេសចរណ៍ទំនប់ទ្វារទឹកគង្គារ សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លុងស្វាយ សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល និងសហគមន៍ទេសចរណ៍ធម្មជាតិស្រែអំពិល រមណីយដ្ឋានទេសចរណ៍វត្តពោធិ៍រុខារាម រមណីយដ្ឋានទេសចរណ៍វត្តកាឡែងកែង រមណីយដ្ឋានទេសចរណ៍ភ្នំនាងកង្រី រមណីយដ្ឋានទេសចរណ៍ទួលអំពិល រមណីយដ្ឋានទេសចរណ៍សួនជ្វាំងសែនជ័យ និងសហគមន៍ទេសចរណ៍អណ្តូងឫស្សី៕




