ទីក្រុងឈីកាហ្គូ៖ អនាគតសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក អាចនឹងធ្លាក់ចុះ បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ដោយពាណិជ្ជករកំពុងមើលថា តើរលកនៃការទិញរបស់ចិននឹងបន្តដែរឬទេ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានធ្វើសេចក្តីរាយការណ៍ ក្រុមហ៊ុនរដ្ឋចិន COFCO ដែលបានទិញសណ្តែកសៀងអាម៉េរិកប្រហែល ៨៤ម៉ឺនតោន សម្រាប់ការដឹកជញ្ជូននៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦។ នេះគឺជាការទិញដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីខែមករា និងសំខាន់បំផុតចាប់តាំងពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) កាលពីចុងខែតុលា ឆ្នាំ២០២៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ក្រសួងកសិកម្មអាម៉េរិក បានបញ្ជាក់ថា ប្រទេសចិនបានទិញសណ្តែកសៀងអាម៉េរិកចំនួនជាង៧៩ម៉ឺនតោន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ ដោយបានរាយការណ៍ពីការលក់សណ្តែកសៀង អាម៉េរិកចំនួន ៣៣ម៉ឺនតោនផ្សេងទៀត ទៅកាន់ប្រទេសចិន។
កាលពីខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសចិននឹងបញ្ជាទិញសណ្តែកសៀងអាម៉េរិកចំនួន ១២លានតោន នៅចុងឆ្នាំ២០២៥នេះ។ អ្នកវិភាគមួយចំនួនបានសង្ស័យថា ប្រទេសចិននឹងបំពេញតាមកាលកំណត់តាមកិច្ចព្រមព្រៀងថ្មីៗនេះ ប៉ុន្តែបរិមាណបញ្ជាទិនៅតែទាបជាងមុនដដែល។
កិច្ចព្រមព្រៀងទិញសណ្តែកសៀង នៅលើក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងឈីកាហ្គោ បានបង្ហាញពីការធ្លាក់ចុះ ១៦.៥សេន ដែលមកនៅត្រឹមតម្លៃ ១១.៣៧ដុល្លារក្នុងទម្ងន់៣០គីឡូក្រាម បើធៀបនឹងតម្លៃឡើងខ្ពស់បំផុត កាល១៧ខែមុន ត្រឹម១១.៦៩៥ដុល្លារ ក្នុងទម្ងន់៣០គីឡូក្រាម។
ចំណែកឯទីផ្សារស្រូវសាលី នាពេលថ្មីៗនេះវិញ តម្លៃនាអនាគតគឺសង្ឃឹមលើប្រទេសចិនថាអាចងាកទិញស្រូវសាលីរបស់សហរដ្ឋអាម៉េរិក។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក្រុមពាណិជ្ជករ បាននិយាយថា ទស្សនវិស័យសម្រាប់តម្លៃនៅតែធ្លាក់ចុះដដែល ដោយសារការផ្គត់ផ្គង់ច្រើននៅក្នុងតំបន់ផលិតកម្មធំៗ។
អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អាម៉េរិក បាននិយាយថា ប្រទេសអ៊ុយក្រែននឹងមិនដាក់កម្រិតលើការនាំចេញស្រូវសាលី នៅឆ្នាំ២០២៥ -២០២៦ទេ ដោយសារការប្រមូលផលកាន់តែធំ និងការនាំចេញយឺតនៅដើមរដូវកាល៕






