ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានលើកទឹកចិត្ត ក៏ដូចជាជំរុញដល់កសិករជាអ្នកចិញ្ចឹមត្រីដែលជិតដល់ពេលប្រមូលផល ឱ្យធ្វើការបំប៉នត្រីឆាប់លក់ទាន់ពេលវេលា ចៀសវាងការខាតបង់នូវអត្ថប្រយោជន៍នៅពេលពុំមានទឹកគ្រប់គ្រាន់។
តំណាងសមាគមវារីវប្បករកម្ពុជាជំរុញដល់អ្នកចិញ្ចឹមត្រីត្រៀមខ្លួនប្រមូលផលត្រីឱ្យបានទាន់ពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹកនិងឧត្តុនិយមចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ កាលពីថ្ងៃទី៦ខែកុម្ភៈ សម្រាប់រដូវប្រាំងចាប់ពីខែកុម្ភៈដល់ដើមរដូវវស្សាខែឧសភាឆ្នាំ២០២៥។
លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា ខ្ញុំបានឃើញសេចក្តីជូនដំណឹងលើកទី២របស់ក្រសួងធនធានទឹកនិងឧតុនិយមរួចហើយ។ ខ្ញុំយល់ឃើញថាវាមានសារសំខាន់សម្រាប់ក្រុមវារប្បករក្នុងស្រុក ដោយសារការព្យាករអាសធាតុនេះបានបង្ហាញផ្លូវឱ្យបងប្អូនវារីវប្បករ បានត្រៀមខ្លួនជាមុនថានៅថ្ងៃខាងមុខអាកាសធាតុនិងមានការប្រែប្រួលជាក់ជាពុំខាន។
លោក ឡែមផូរ វរិទ្ធិ មានប្រសាសន៍ថា “ក្នុងលិខិតជូនដំណឹងអំពីការព្យាករអាកាសធាតុនេះបានបង្ហាញយ៉ាងច្បាស់អំពី បរិមាណទឹកភ្លៀងនៅក្នុងខែកុម្ភៈនិងខែមីនាខាសងមុខនេះ មានចំនួនតិច។ ដូច្នេះសូមបងប្អូនវារីវប្បករដែលមានត្រីក្នុងស្រះ ដែលត្រៀមប្រមូលផលសម្រាប់លក់នៅក្នុងខែនេះឬនៅខែបន្ទាប់សូមប្រញាប់បំប៉នមើលការថែទាំត្រីរបស់ខ្លួនឱ្យបានដិតដល់ ចៀសវាងខ្វះខាតទឹក ដែលនាំឱ្យខាតផលប្រយោជន៍របស់យើង។ នេះជាចំណុច ក៏ដូចជាគោលដៅមួយដ៏ល្អសម្រាប់កសិករត្រៀមទុកជាមុននៅក្នុងរយៈពេល២ខែខាងមុខនេះ”។
បើយោងតាមប្រធានគណៈកម្មការប្រតិបត្តិសមាគមខាងលើ ក្រៅពីថ្លែអំណរគុណដល់ក្រសួងធនធានទឹក និងឧត្តុនិយមដែលបានចេញសេចក្តីជូនដំណឹងឱ្យអ្នកចិញ្ចឹមត្រី ក៏ដូចជាប្រជាពលរដ្ឋទូទៅបានដឹងអំពីការប្រែប្រួលអាកាសធាតុនៅពេលខាងមុខ។ លោក ថា សេចក្តីជូនដំណឹងខាងលើបញ្ជាក់យ៉ាងច្បាស់ថា រដូវវស្សាឆ្នាំនេះនិងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា បានផ្តល់ភាពងាយស្រួលដល់កសិករក្នុងការត្រៀមរៀបចំស្រះ និងកូនត្រីទុកជាមុន ចៀសវាងខកខានពេលវេលាដូចឆ្នាំមុនផងដែរ។
យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងចាប់ពីខែកុម្ភៈ ដល់ដើមរដូវវស្សាខែឧសភាឆ្នាំ២០២៥បានបង្ហាញថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនបានជ្រាបអំពីស្ថានភាពអាកាសធាតុក្នុងរដូវប្រាំងឆ្នាំ២០២៥ ដោយផ្អែកទៅលើ បាតុភូតសកលនិងយោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍ នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អេក្ខាទ័របានបង្ហាញឱ្យឃើញថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា បាតុភូតឡានីញ៉ា នឹងថយចុះមកត្រឹម ៥០% ដោយជំនួសមកវិញនូវបាតុភូតអែនសូ បានកើនឡើង៧០%។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យ រដូវប្រាំង មានសីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមានឹងទាបជាងធម្មតា គឺទាបជាងឆ្នាំ២០២៤។ ដោយឡែកចាប់ពីខែកុម្ភៈ ដល់ដើមខែមីនា នៅទូទាំងប្រទេសអាចមានសីតុណ្ហភាពមធ្យមអប្បបរមា ២០ អស្សាសេ និងមធ្យមអតិបរមា ៣៧ អស្សាសេដែលត្រជាក់ជាងធម្មតាគឺត្រជាក់ជាងឆ្នាំ២០២៤។
ហេតុដូចនេះ នៅក្នុងខែកុម្ភៈនិងខែមីនាអាចមានភ្លៀងតិចជាងមធ្យមដែលអាចបណ្តាលឱ្យមានការខ្វះខាតទឹកប្រើប្រាស់នៅបណ្តាខេត្តខាងជើង និងជុំវិញបឹងទន្លេសាប ដែលរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំងង៕